ព្រះវិហារៈ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា អាជ្ញាធរជាតិព្រះវិហារនឹងសហការជាមួយអាជ្ញាធរខេត្តនេះ ដើម្បីចុះអនុវត្តនិងចាត់វិធានការបង្ក្រាបបទល្មើសទន្ទ្រានកាន់កាប់ដីធ្លីដោយខុសច្បាប់នៅក្នុងដែនអភិរក្ស (តំបន់ ២) របស់អាជ្ញាធរជាតិព្រះវិហារ នៅសប្តាហ៍ទី៣ ក្នុងខែមិថុនានេះ។
ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែមិថុនា លោកគង់ ពុទ្ធិការ បានឱ្យដឹងថា កន្លងមកអាជ្ញាធរជាតិព្រះវិហារបានប្រជុំជាមួយអាជ្ញាធរមូលដ្ឋានដើម្បីពិនិត្យនិងរកដំណោះស្រាយលើបញ្ហាដែលកើតឡើងនៅក្នុងតំបន់អភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។ ក្នុងនោះស្មារតីអង្គប្រជុំបានឯកភាពគ្នាឱ្យអាជ្ញាធរនេះរាយការណ៍ជូនទៅអភិបាលខេត្តដើម្បីស្នើសុំការគាំទ្រ ពិសេសព្រះរាជអាជ្ញា ក្នុងការចូលរួមសកម្មភាពចុះបង្ក្រាបរួមគ្នា។
លោកបានបន្តថា តាមរយៈការប្រជុំជាមួយគណៈបញ្ជាការឯកភាពខេត្ត អាជ្ញាធរជាតិព្រះវិហារបានរាយការណ៍ជូនលោកអភិបាលខេត្តព្រះវិហារហើយ ហើយជាលទ្ធផលគណៈបញ្ជាការឯកភាពខេត្តបានគាំទ្រការចុះបង្ក្រាបបទល្មើសព្រៃឈើនេះ។
លោកបានបញ្ជាក់ថា៖«ការការពារនិងការអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ការពាររបស់អាជ្ញាធរជាតិព្រះវិហារនេះ គឺខាងខេត្តគាត់គាំទ្រពេញទំហឹងហើយ។អ៊ីចឹងយើងបានឯកភាពគ្នាថា យើងនឹងចុះអនុវត្តជាមួយគ្នានៅសប្តាហ៍ក្រោយនេះ។យើងមានក្រុមការងារ១ដោយមានអាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរខេត្តព្រះហារចូលរួម»។
លោកគង់ ពុទ្ធិការ បានឱ្យដឹងថា ទំហំផ្ទៃដីជាក់ស្តែងដែលរងការកាប់រានទន្ទ្រាននៅតំបន់២ក្នុងដែនរបស់អាជ្ញាធរជាតិព្រះវិហារ មិនដឹងច្បាស់ទេ ប៉ុន្តែជាក់ស្តែងមានប្រជាជន១ក្រុមមានគ្នាប្រមាណ១០នាក់បានចូលទៅទន្ទ្រានកាប់ឆ្ការនិងដាដុះដំណាំផ្សេងៗ នៅតំបន់នោះ។ កន្លងមកកម្លាំងអាជ្ញាធរជាតិព្រះវិហារ បានចុះទៅណែនាំម្តងជា២ដងហើយ ប៉ុន្តែពួកគេមិនស្តាប់និងមិនធ្វើតាមឡើយ ហេតុនេះទើបតម្រូវឱ្យមានវិធានការថ្មីនេះឡើង។
លោកថ្លែងថា៖«យើងទៅលើកនេះមានទាំងអ្នកច្បាប់ខាងព្រះរាជអាជ្ញា អ្នកអនុវត្តច្បាប់យើងមានមន្ត្រីនគរបាលយុត្តិធម៌របស់ខេត្តចុះទៅជាមួយគ្នា។យើងនឹងព្យាយាមពន្យល់ឱ្យគាត់យល់ ប្រសិនបើជានិយាយមិនអាចយល់គ្នាបានយើងនឹងអនុវត្តវិធានការច្បាប់»។
អគ្គនាយកអាជ្ញាធរជាតិព្រះវិហារបញ្ជាក់បន្ថែមថា ការអនុវត្តវិធានការច្បាប់មិនអាចធ្វើទៅទាំងស្រុងចំពោះពលរដ្ឋទាំងអស់ដែលបានចូលទន្ទ្រាននោះទេ។ក្រុមការងារនឹងសង្កេតពិនិត្យស្រាវជ្រាវឱ្យបានច្បាស់ ហើយអនុវត្តតែចំពោះមេខ្លោងប៉ុន្មាននាក់ដែលដឹកនាំក្នុងសកម្មភាពនោះតែប៉ុណ្ណោះ។
លោកថ្លែងថា៖«យើងព្យាយាមធ្វើម៉េចឱ្យទាន់ពេលគាត់នៅគ្នាតិច កុំឱ្យពួកគាត់បង្កគ្នាមកកាន់តែច្រើន ព្រោះពេលគ្នាគាត់កាន់តែច្រើនយើងក៏ពិបាកដោះស្រាយដែរ។យើងមិនចង់ឱ្យមានការប្រឈមជាមួយពួកគាត់ទេ យើងចង់ធ្វើការអ្វីដែលជាភារកិច្ចរបស់យើងក្នុងនាមអង្គភាព១ដែលទទួលបន្ទុកពីរាជរដ្ឋាភិបាលមកការពារតំបន់ហ្នឹង»។
លោក ប្រាក់ ភី មេឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានឱ្យដឹងថា អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិព្រះវិហារកាលពីថ្ងៃទី២៦ ខែមេសា ធ្លាប់បានចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសែនជ័យ អំពីព្រះរាជក្រឹត្យនៃការកំណត់តំបន់អភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ និងច្បាប់ស្តីពីការការពារតំបន់បេតិកភណ្ឌដែលបានចែងដោយព្រះរាជក្រឹត្យនិងការបង្កើតអនុក្រឹត្យក្នុងការបែងចែកតំបន់ដែលអាចអភិវឌ្ឍព្រមជាមួយតំបន់ដែលត្រូវការពារដាច់ខាតពីការរុករានដីធ្លីក៏ដូចជាការកាប់បំផ្លាញព្រៃឈើ ។
លោកបានបញ្ជាក់ថា យ៉ាងណាក៏ដោយ មកទល់ពេលនេះសកម្មភាពទន្ទ្រានកាប់ឆ្ការព្រៃដាំដំណាំផ្សេងនៅតែបន្តកើតមាន ទោះបីអាជ្ញាធរបានណែនាំយ៉ាងណាក៏ដោយ៕