កោះកុងៈ ក្រុមការងារអភិរក្សក្រពើភ្នំនៃអង្គការ Fauna & Flora សហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង រដ្ឋបាលព្រៃឈើ និងសហគមន៍មូលដ្ឋាន បានរកឃើញសម្បុកក្រពើភ្នំ ១ កន្លែង នៅក្នុងជម្រកដីសើមនៃត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង ក្នុងខែមិថុនា ឆ្នាំ ២០២៣។ នេះបើតាមហ្វេសប៊ុកអង្គការ Fauna & Flora។
អង្គការនេះបានសរសេរនៅលើហ្វេសប៊ុកថ្ងៃទី ១២ ខែមិថុនាថា សម្បុកនោះមានពងចំនួន ២១ គ្រាប់ ក្នុងនោះមាន ១៧ គ្រាប់អាចបង្កកំណើត ត្រូវបានផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព និងកំពុងត្រូវបានភ្ញាស់នៅក្នុងសម្បុកសិប្បនិម្មិត ដើម្បីធានាសុវត្ថិភាព ខណៈពងដែលមិនបង្កកំណើតចំនួន៤គ្រាប់ ត្រូវបានទុកនៅក្នុងសម្បុកដើម។
ប្រភពដដែលបញ្ជាក់ថា៖«សម្បុកសិប្បនិម្មិតនោះ ត្រូវបានហ៊ុមព័ទ្ធ និងយាមពេញ១ថ្ងៃដោយសហគមន៍អភិរក្សក្រពើរបស់យើង ដើម្បីការពារពងពីគ្រោះថ្នាក់ផ្សេងៗ។ យើងរំពឹងថាពងនឹងញាស់នៅពាក់កណ្តាលខែសីហាខាងមុខ ហើយកូនក្រពើនឹងត្រូវលែងចូលទៅក្នុងធម្មជាតិវិញ ដើម្បីធានាថា ពួកគេមានឱកាសរស់រានមានជីវិតខ្ពស់បំផុត»។
ប្រភពដដែលបន្តថា ក្រពើភ្នំ (Crocodylus siamensis) ជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ។ ក្រពើភ្នំ ត្រូវបានរកឃើញមានវត្តមាននៅប្រទេសកម្ពុជា ដោយការអង្កេតរបស់អង្គការ Fauna & Flora និងរដ្ឋបាលព្រៃឈើនៅតំបន់ជួរភ្នំក្រវាញក្នុងឆ្នាំ២០០០ ដែលជាទីជម្រកដ៏សំខាន់បំផុតសម្រាប់ក្រពើប្រភេទនេះ។
តាមការសិក្សាបានវាយតម្លៃថា ចំនួនក្រពើភ្នំសរុបទូទាំងពិភពលោកមានចំនួនប្រហែល១ពាន់ក្បាល ក្នុងនោះ ប្រទេសកម្ពុជាមានវត្តមានក្រពើភ្នំជិត៤០០ក្បាល ហេតុនេះការរកឃើញសម្បុកក្នុងធម្មជាតិនេះ គឺជាព័ត៌មានដ៏គួរឱ្យរំភើបរីករាយ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងថា នេះជាកិច្ចខិតខំប្រឹងប្រែង១សម្រាប់កិច្ចអភិរក្សសត្វក្រពើភ្នំដែលជាសត្វកម្រនៅលើពិភពលោក។ កម្ពុជាត្រូវបានទទួលស្គាល់ថាជាកន្លែងដែលជាជម្រកធំសម្រាប់សត្វនេះ ដូច្នេះការរៀបចំនូវវិធីសាស្ត្រផ្សេងៗក៏ដូចជាការថែទាំសម្បុកពងកូន និងកន្លែងទីតាំងរបស់សត្វក្រពើភ្នំជាកិច្ចការងារអាទិភាពដើម្បីធ្វើយ៉ាងណាឱ្យប្រភេទសត្វកម្រនេះអាចមានការរីកកើនចំនួនប្រជាសាស្ត្រនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាកើនចំនួនក្រពើភ្នំនៅលើពិភពលោកផងដែរ។
តាមការផ្សាយលើហ្វេសប៊ុកក្រសួងបរិស្ថាននៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលដកស្រង់ខ្លឹមសារពីអង្គការសត្វព្រៃនិងរុក្ខជាតិ (FFI) បានឱ្យដឹងថា ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ គម្រោងអភិរក្សក្រពើកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសកម្មភាពនៅដែនជម្រកក្រពើសំខាន់ៗ នៅកម្ពុជា។
ក្រោមកិច្ចសហការបច្ចេកទេសរវាងក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិ(FFI) ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុត និងជាសត្វព្រៃនិមិត្តរូបដ៏សំខាន់បំផុតមួយរបស់កម្ពុជា ត្រូវបានការពារនិងអភិរក្សបានយ៉ាងល្អ និងមានការបង្កាត់ពូជដើម្បីលែងទៅក្នុងធម្មជាតិ។
ប្រភពបន្តថា មានទីតាំងចំនួន៥ ដែលកំពុងអនុវត្តការអភិរក្សយ៉ាងសកម្មរួមមាន នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងអារ៉ែង ឆាយរាប ស្ទឹងខៀវ និងតំបន់ស្តារក្រពើឡើងវិញនៅឃុំតាតៃលើ ស្ថិតក្នុងខេត្តកោះកុង។ បន្ថែមលើនេះក៏មានកម្មវិធីបង្កាត់ក្រពើភ្នំពូជសុទ្ធដើម្បីលែងទៅក្នុងធម្មជាតិ(Re-introduction program)ស្ថិតនៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅផងដែរ។
ក្រសួងបរិស្ថានបញ្ជាក់ថា៖«ឥឡូវនេះគម្រោងអភិរក្សក្រពើភ្នំគំរូនេះ ដែលបានភ្ជាប់ការអង្កេតតាមដាន និងការល្បាតដោយសហគមន៍មូលដ្ឋាន ជាមួយនឹងបច្ចេកវិទ្យាអភិរក្សចុងក្រោយ ត្រូវបានផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ»៕