កំពង់ធំៈអង្គការជីវិតធម្មជាតិនៅកម្ពុជា បានកត់ត្រាសត្វស្លាបទឹក ចំនួន ២៩ ប្រភេទ ក្នុងនោះមាន ៦ ប្រភេទ ជាប្រភេទរងគ្រោះជាសកល និងថនិកសត្វចំនួន ១ ប្រភេទផងដែរ តាមរយៈគណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិដែលបានអនុវត្ដការល្បាតដោយប្រើប្រាស់កម្មវិធី SMART លើទូរស័ព្ទដៃ។
ហ្វេសប៊ុករបស់អង្គការជីវិតធម្មជាតិនៅកម្ពុជាបង្ហោះនៅថ្ងៃទី ១២ ខែមិថុនា បានឱ្យដឹងថា កាលពីដើមខែឧសភា ឆ្នាំ២០២៣ អង្គការនេះបានគាំទ្រដល់កិច្ចប្រជុំប្រចាំខែជាមួយសហគមន៍តំបន់ការពារធម្មជាតិបាឡត ក្នុងគោលបំណងបូកសរុបលទ្ធផលចុះល្បាតសម្រេចបានរបស់សហគមន៍ក្នុងត្រីមាសកន្លងមក និងកំណត់បញ្ហាប្រឈម ដែលជាផលលំបាករាំងស្ទះលើការអនុវត្ដជាប្រចាំ និងពិភាក្សារកដំណោះស្រាយ។
អង្គការនេះបញ្ជាក់ថា៖«គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិចូលរួមអនុវត្ដល្បាតដោយប្រើប្រាស់កម្មវិធី SMART លើទូរស័ព្ទដៃបានចំនួន ១៦ ជើង ដោយបានកត់ត្រាសត្វស្លាបទឹកចំនួន ២៩ ប្រភេទ (៦ ប្រភេទជាប្រភេទរងគ្រោះជាសកល) និងថនិកសត្វចំនួន ១ ប្រភេទ »។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅស្នាក់ការមន្រ្ដីឧទ្យានុរក្សតំបន់រ៉ាមសារបឹងទន្លេឆ្មារ-ដូនស្តើង ស្ថិតក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ មានការចូលរួមផ្ទាល់ពីលោកនាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា មន្រ្ដីឧទ្យានុរក្សនៃតំបន់រ៉ាមសារ បឹងទន្លេឆ្មារចំនួន ៨ រូប និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិបាឡត ចំនួន ៥ រូប។
អង្គការនេះបញ្ជាក់ថា៖«កិច្ចប្រជុំប្រចាំខែបានជួយសម្រួលការអនុវត្ដជាប្រចាំ និងជួយបង្កើនប្រសិទ្ធភាពការងារជាក្រុមរបស់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិបាឡត តាមរយៈការកំណត់បញ្ហាប្រឈម រៀបចំផែនការសកម្មភាព និងពង្រឹងកិច្ចសហការជាមួយភាគីពាក់ព័ន្ធ»។
ប្រភពដដែលបានឱ្យដឹងថា បញ្ហាប្រឈមសំខាន់ៗដែលសហគមន៍ជួបប្រទះ រួមមាន បញ្ហាទូរស័ព្ទមិនដំណើរការល្អ ចំណេះដឹងលើការកំណត់អត្ដសញ្ញាណសត្វស្លាបទឹក នៅមានកម្រិត និងបញ្ហាប្រឈមក្នុងការហាមឃាត់លើការដាក់កន្សុំកំប្លោកក្នុងទីតាំងសហគមន៍។
យ៉ាងណាក៏ដោយ ជាលទ្ធផល កិច្ចប្រជុំបានកំណត់នូវដំណោះស្រាយ និងផែនការសកម្មភាពមួយចំនួនដូចជា បន្ដពង្រឹងសមត្ថភាពគណៈកម្មាការសហគមន៍លើការប្រើប្រាស់កម្មវិធី SMART ពង្រឹងសមត្ថភាព និងចំណេះដឹងពីការកំណត់អត្តសញ្ញាណសត្វស្លាប និងធ្វើការសិក្សាលម្អិតលើការស្នើរសុំកន្សុំកំប្លោកនៅក្នុងសហគមន៍បាឡត។
សហគមន៍តំបន់ការពារធម្មជាតិបាឡត ទើបត្រូវបានក្រសួងបរិស្ថានចេញប្រកាសទទួលស្គាល់កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ ស្ថិតនៅតំបន់រ៉ាមសារ បឹងទន្លេឆ្មារ ក្នុងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តតកំពង់ធំ មានផ្ទៃដីសរុប ៦៥ ហិកតា។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងតាមរយៈវីដេអូខ្លីដែលបង្ហោះលើហ្វេសប៊ុកក្រសួងនៅថ្ងៃទី១១ ខែមិថុនាថា ការបង្កើតតំបន់អភិរក្សមានគោលបំណងសំខាន់ដើម្បីគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព និងចូលរួមលើកកម្ពស់ជីវភាពសហគមន៍។
លោកថា ការបង្កើតជាសហគមន៍តំបន់ការពារធម្មជាតិ គឺដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរៀនធ្វើការជាមួយគ្នា ចុះសម្រុងគ្នា ដើម្បីស្រុះស្រួលគ្នាក្នុងការពិនិត្យមើល និងដកហូតអ្វីខ្លះដែលមានពីក្នុងព្រៃសហគមន៍សម្រាប់ប្រើប្រាស់។
លោកថ្លែងថា៖«ក្នុងហគមន៍ហ្នឹងយើងអាចថា ធ្វើការជាមួយគ្នា ចុះសម្រុងគ្នា ហើយមានសិទ្ធិសម្រេចថា អាចដកហូតអីបានពីក្នុងព្រៃហ្នឹង ហើយត្រូវការពារស្អីដើម្បីជីវភាពរបស់ប្រជាសហគមន៍ហ្នឹងតែម្តង។ តំបន់ការពារគឺជាសសរកន្លោង ទ្រទ្រង់ជីវភាពរបស់បងប្អូន នេះជាឆ្នាំងបាយរបស់បងប្អូន អ៊ីចឹងហើយបានយើងរៀបចំឱ្យមានសហគមន៍»៕