ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ បានស្នើ និងអំពាវនាវដល់កងទ័ពទាំងអស់ត្រូវបន្តកិច្ចសហការជាមួយនឹងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅតាមតំបន់នីមួយៗដោយពង្រឹងសាមគ្គីភាពទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់និន្នាការដែលសំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម។
ការលើកឡើងដូចនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានានៅបញ្ជាការដ្ឋានកងពលតូចលេខ ៧០ នាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ ដោយលោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការទប់ស្កាត់នេះជាកិច្ចការទទួលខុសត្រូវមួយរបស់កងយោធពលខេមរភូមិន្ទ ពិសេសកងពលតូចលេខ ៧០។
លោកថ្លែងថា៖ «ខ្ញុំសូមស្នើដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាននៃកងពលតូចលេខ ៧០ ត្រូវបន្តអនុវត្តកិច្ចសហការដ៏ល្អប្រសើរ ជាមួយនឹងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមជាមួយនឹងបងប្អូនប្រជាជននៅតាមតំបន់នីមួយៗ ក្នុងគោលដៅពង្រឹងសាមគ្គីជាតិ ទប់ស្កាត់ឱ្យបាននូវនិន្នាការបង្កអរិភាពជាតិសាសន៍ សាសនា ការទប់ស្កាត់ឱ្យទាន់ពេលវេលានូវរាល់និន្នាការ សំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែង ដោយវាយតម្លៃខ្ពស់ចំពោះមេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ ៧០ នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែង ធ្វើពលិកម្មប្រកបដោយវីរភាពក្លាហាន ក្នុងការបំពេញភារកិច្ចការពារ បូរណភាពទឹកដី ថែរក្សាសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់បានល្អប្រសើរជូនសង្គមជាតិ និងប្រជាជនទាំងមូល។
លោកក៏បានលើកឡើងដែរថា ក្នុងរយៈពេល ២៩ ឆ្នាំ កងពលតូចលេខ ៧០ បានកសាងអគាររាប់រយខ្នង កសាងហេដ្ឋារចនាសម្ព័ន្ធនានា កសាងសាលាហ្វឹកហ្វឺន ការបំពាក់សម្ភារកងទ័ពបានពេញលេញ លើកកម្ពស់ជីវភាព និងសុខភាពកងទ័ពបានយ៉ាងល្អប្រសើរ។
លោកបានបញ្ជាក់ថា ភាពរីកចម្រើនលូតលាស់ជាលំដាប់នៃកងទ័ពកម្ពុជា បានផ្ដើមចេញពីឆន្ទៈ និងកម្លាំងមហាសាមគ្គីរបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃ ៧ មករា ១៩៧៩។
លោក ហ៊ុន សែន ថ្លែងថា៖ «ថ្ងៃ ៧ មករា ជាចំណុចចាប់ផ្តើមនៃការកសាងឡើងវិញនូវរាល់សមិទ្ធផល គ្រប់បែបយ៉ាងរបស់ប្រជាជន និងសង្គមកម្ពុជា រួមទាំងអាយុជីវិត សិទ្ធិសេរីភាពប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍលើគ្រប់វិស័យ ដូចសមិទ្ធផលដែលយើងទាំងអស់គ្នាកំពុងឃើញនាពេលនេះ»។
នាឱកាសនោះដែរ លោក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ ៧០ ថ្លែងក្នុងពិធីនោះដែរថា កងទ័ពនៃកងពលតូចលេខ ៧០ ចាប់តាំងពីថ្ងៃបង្កើតបានជម្នះរាល់ឧបសគ្គនានា ដើម្បីសម្រេចបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, រដ្ឋមន្ត្រីការពារជាតិ និងអគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោកដោយសម្រេចបានការងារជាច្រើន។
លោកបានបន្តថា ដើម្បីតបស្នងគុណនូវគុណូបការៈដ៏ធំធេង របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកបានធ្វើការប្តេជ្ញាចិត្តដោយបន្តស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ឱ្យស្ថិតស្ថេររឹងមាំជាអមតៈ។
លោក ម៉ៅ សុផាន់ បានបញ្ជាក់ថា៖ «ប្តេជ្ញាវាយកម្ទេចរាល់ការប៉ុនប៉ង ឃុបឃិតបំផ្លាញសុខសន្តិភាព ស្ថិរភាពនយោបាយ និងវាយបំបាក់រាល់ឧបាយកលចង់បង្កើតឱ្យមានបដិវត្តន៍ពណ៌នៅលើមាតុភូមិកម្ពុជា និងប្រឆាំងដាច់ខាតនូវការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីមជ្ឈដ្ឋានខាងក្រៅ»។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាលោក យង់ ពៅ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១២ ខែមិថុនា ដែរថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន ជារឿងចាំបាច់សម្រាប់ដំណាក់កាលនៃកម្ពុជាកំពុងតែរៀបចំឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅពេលខាងមុខ។
លោកអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងទៀតថា ក្នុងកាលៈទេសៈនេះមានអ្នកនយោបាយ និងសកម្មជនក្រុមប្រឆាំងមួយចំនួននៅតែបំផុសបញ្ហានយោបាយមិនពិតមួយចំនួនឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ ដូច្នេះកងកម្លាំងប្រដាប់អាវុធក៏ដូចជាអាជ្ញាធរដែនដីត្រូវមានការចាំបាច់ទប់ស្កាត់ការចលាចលនេះ។
លោក យង់ ពៅ បានថ្លែងថា៖ «កម្ពុជាទើបតែទទួលបានសន្តិភាពមិនជាយូរប៉ុន្មានទេ ហើយយើងមានលទ្ធភាពក្នុងការអភិវឌ្ឍ ក៏ប៉ុន្តែបើមានភាពចលាចលបង្កអសន្តិសុខដល់សង្គមនោះ អ្វីដែលបានកសាងឡើងនេះនឹងត្រូវបំផ្លាញមួយរំពេចជាមិនខាន»។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ក្នុងន័យនេះរាជរដ្ឋាភិបាលត្រូវតែមានកាតព្វកិច្ចក្នុងការការពារសមិទ្ធផលដែលបានកសាង និងបន្តកសាងពិសេសការពារសុខសុវត្ថិភាព និងសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល៕