ភ្នំពេញ: លោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលពានរង្វាន់ឆ្នើមស្ដីពីម៉ាកផលិតផលសម្រាប់អ្នកប្រើប្រាស់នៅកូរ៉េ ២ ឆ្នាំជាប់ៗគ្នាដែលនេះជាមោទនភាពចំពោះជាតិទាំងមូល។
ពានរង្វាន់ដែលប្រគល់ដោយក្រុមប្រឹក្សាសកលអ្នកប្រើប្រាស់កូរ៉េ (KCGC) ទទួលស្គាល់ការរួមចំណែកដ៏ល្អរបស់ លោកស្រីបុទុមរង្សី ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េខាងត្បូង។ ថ្វីបើពានរង្វាន់មិនមែនជាគោលដៅចម្បងរបស់លោកស្រី បុទុមរង្សីក៏ដោយ ក៏វាដើរតួជាការលើកទឹកចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង ២។
លោកស្រីថ្លែងថា៖ «ជាក់ស្ដែង ពានរង្វាន់នេះសម្រាប់នាងខ្ញុំ និងមន្ដ្រីស្ថានទូត គឺយើងធ្វើ និងបន្ដធ្វើដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនរបស់យើង ដោយផ្ដោតតែទិសដៅមួយនេះ។ យើងមិនធ្វើដើម្បីតែការកោតសរសើរ ឬពានរង្វាន់អ្វីនោះទេ។ ប៉ុន្ដែវាជាការលើកទឹកចិត្ដមួយសម្រាប់ការបង្កើនពង្រឹងកិច្ចសហប្រតិបត្ដិការផ្ដល់ប្រយោជន៍ដល់ប្រជាជនប្រទេសទាំង ២»។
លោកស្រីទទួលស្គាល់ការខិតខំប្រឹងប្រែងរួមគ្នារបស់មន្ត្រីស្ថានទូត ប្រជាជនកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀតដោយសម្តែងនូវអំណរគុណចំពោះពួកគេ ក្នុងពិធីប្រគល់ពានរង្វាន់ដែលបានធ្វើឡើងកាលពីថ្ងៃទី ៣០ ខែឧសភា។
លោកស្រីឯកអគ្គរាជទូតប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ទាំងលើកនេះ និងលើកមុន ការផ្ដល់ពានរង្វាន់ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលមែនទែន ដោយសារលើកមុន ខ្ញុំទើបមកដល់ទីនេះបាន ៥-៦ ខែ គេមានការទទួលស្គាល់។ លើកនេះ យើងអត់គិតថា យើងអាចបានទទួលពានរង្វាន់ ២ ឆ្នាំជាប់គ្នា ដោយសារវាពិតជាកម្រណាស់ ដែលឯកអគ្គរដ្ឋទូតបានពាន ២ ឆ្នាំជាប់គ្នា»។
ពានរង្វាន់ឆ្នើមដែលរៀបចំដោយ KCGC ទទួលស្គាល់ស្នាដៃឯកអគ្គរដ្ឋ/រាជទូតបរទេសដែលបង្ហាញពីកិច្ចសហប្រតិបត្តិការ ៣ រូបប្រចាំប្រទេសកូរ៉េ និងក្រុមហ៊ុនដែលផ្ដល់សេវាកម្មល្អសម្រាប់អ្នកប្រើប្រាស់នៅកូរ៉េចំនួន ៤៣។
ពានរង្វាន់ឯកអគ្គរាជទូតល្អបំផុតត្រូវបានប្រគល់ជូនលោក Kathos Zivao Mathai ឯកអគ្គរដ្ឋទូតសៀរ៉ាឡេអូនប្រចាំប្រទេសកូរ៉េលោក Athanasio Cosmas Shipaki ឯកអគ្គរដ្ឋទូតប៉ាណាម៉ាប្រចាំប្រទេសកូរ៉េនិងលោកស្រី ជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។ ទាំងនេះជាអ្វីដែលរដ្ឋាភិបាលកូរ៉េ តែងតែកោតសរសើរទៅដល់កិច្ចសហប្រតិបត្ដិការរបស់ឯកអគ្គរដ្ឋទូតនានា ដែលប្រឹងប្រែងជួយជំរុញនាំយកផលិតផល និងសេវាល្អៗមកកាន់ទឹកដីកូរ៉េ និងផ្ដល់ដល់អ្នកប្រើប្រាស់កូរ៉េ។
លោកស្រីនិយាយថា៖ «ចំពោះស្ថានទូតយើង យើងមានតួនាទីជំរុញផ្នែកនាំចេញនាំចូល ដែលមានទាំងផលិតផល និងសេវា។ ទាំងអស់នេះត្រូវធានាថា វាបម្រើដល់ផលប្រយោជន៍អ្នកប្រើប្រាស់ ហើយបើសិនជាយើងនាំចូលផលិតផលមកកូរ៉េ យើងក៏ធានាខុសត្រូវដែរ ក្នុងន័យថា ផលិតផល និងសេវានោះនឹងមិនប៉ះពាល់ទៅដល់សុខុមាលភាពអ្នកប្រើប្រាស់របស់កូរ៉េនោះទេ»។
លោកស្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្ដទុកដាក់ដល់ប្រជាជនខ្មែររស់នៅប្រទេសកូរ៉េនេះ និងតែងតែរកដំណោះស្រាយចំពោះការលំបាករបស់ពួកគេ ក៏ដូចជា ការដាក់ចេញនូវគោលនយោបាយល្អៗសម្រាប់ស្ថានទូតធ្វើជាទុនដើម្បីអនុវត្ដជាផលប្រយោជន៍ជាតិ និងមាតុភូមិ។
ដោះស្រាយបញ្ហាផលិតផលរដូវរងាសម្រាប់ទាំងអ្នកប្រើប្រាស់កម្ពុជា និងប្រជាជនកូរ៉េក្នុងរដូវរងា លោកស្រី បុទុមរង្សីបានកត់សម្គាល់ពីបញ្ហាប្រឈមរបស់ប្រជាជនកូរ៉េ និងកម្ពុជាក្នុងការទិញបន្លែ និងផ្លែឈើស្រស់ៗ ដោយសារការចំណាយខ្ពស់របស់ពួកគេ ក្នុងខែត្រជាក់។
ការដាំដុះដំណាំទាំងនេះ តម្រូវឱ្យប្រើប្រាស់ផ្ទះកញ្ចក់ និងតង់ប្លាស្ទិក ដែលចំណាយបន្ថែម និងផ្តល់លទ្ធផលតិចជាង។ «ដូច្នេះ ប្រជាជនត្រូវបង់ថ្លៃបន្លែ និងផ្លែឈើនោះខ្ពស់ជាងរាល់ដង ដោយទទួលបានបរិមាណតិចទៀត។ អ្វីដែលយើងអាចជួយបានគឺខិតខំជំរុញផលិតផលកសិផលរបស់យើងចូលប្រទេសកូរ៉េ សម្រាប់ប្រជាជនកូរ៉េនិងជាតិសាសន៍ដទៃទៀតអាចទទួលបានបន្លែបង្កាក្នុងរដូវត្រជាក់ដោយតម្លៃសមរម្យ និងមានគុណភាពល្អ»។ ទាំងនេះ គឺជាចំណុចលេចធ្លោរបស់ឯកអគ្គរាជទូតខ្មែរ ទទួលបានពានរង្វាន់ចំពោះការគិតគូរទាំងប្រជាជនកូរ៉េ និងជំរុញផលិតផលកសិផលជាតិថែមទៀត។
យ៉ាងណាមិញលោកស្រីទទួលស្គាល់ថា ការនាំផលិតផលពីកម្ពុជាចូលប្រទេសកូរ៉េនេះនៅមានកម្រិត ដោយសារតែការចរចានាំផលិតផលនេះ ត្រូវបានធ្វើឡើងក្រោមការវាយតម្លៃយ៉ាងតឹងរ៉ឹងពីសំណាក់មន្ដ្រីកូរ៉េ។ «យើងទើបចាប់ផ្ដើមចរចានោះទេ ដោយកន្លងមក យើងធ្វើការចរចាសេរីនេះជាលក្ខណៈក្រុម។ នេះមានន័យថា ការចរចា ASEAN-ROK ឬប្រទេសនៅអាស៊ានបូកនឹងកូរ៉េ ដោយផលិតផលយើងត្រូវគួបផ្សំជាមួយគេ។ ដោយឡែក ឆ្នាំ ២០១៩-២០២០ យើងចាប់ផ្ដើមការចរចាទ្វេភាគីនូវពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ»។
ក្នុងក្របខ័ណ្ឌនាំចេញរួមនោះ កម្ពុជាបាននាំចេញផលិតផលស្រស់មួយចំនួន ដូចជា ផ្លែស្វាយ ស្លឹកគ្រៃ ស្លឹកចេក និងបន្លែមួយចំនួនទៀត។ យ៉ាងណាមិញ ដោយសារកត្ដាសុវត្ថិភាព ទាំងកម្ពុជា និងបណ្ដាប្រទេសនានាដែលនាំចូលផលិតផលកសិផលស្រស់ចូលប្រទេសកូរ៉េត្រូវគោរពតាមស្ដង់ដាគុណភាព ដូចជា ភូតគាមអនាម័យ។
ការពង្រឹងសហគមន៍កម្ពុជានិងការផ្លាស់ប្តូរវប្បធម៌នៅកូរ៉េក្រៅពីការមើលឃើញពីផលលំបាកនៃទំនិញស្រស់មានបន្លែ និងផ្លែឈើ ឯកអគ្គរាជទូតកម្ពុជា ក៏បានយកចិត្ដទុកដាក់ចំពោះប្រជាជនខ្មែរជិត ៥ ម៉ឺននាក់ដែលរស់នៅ ធ្វើការ និងសិក្សាក្នុងប្រទេសកូរ៉េផងដែរ។ មន្ត្រីស្ថានទូតនិងសហគមន៍ខ្មែរនៅកូរ៉េ ចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សេវាកម្មនិងដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋរួមទាំងបញ្ហាទាក់ទងនឹងកន្លែងស្នាក់នៅអាហារនិងសុខុមាលភាព។
លោកស្រី បុទុមរង្សី ឱ្យដឹងថា ក្រសួងការងារបានបណ្ដុះបណ្ដាល និងផ្ដល់កញ្ចប់ព័ត៌មានសម្រាប់ជាប្រយោជន៍ដល់ពលករខ្មែរ នៅពេលពួកគេត្រូវការជំនួយ។ ប៉ុន្ដែពួកគេជាច្រើនមិនសូវយកចិត្ដទុកដាក់ចំពោះកញ្ចប់ព័ត៌មាននោះទេ ហើយបានជួបការលំបាកពេលត្រូវការជំនួយផ្សេងៗ។ «ពេលពួកគាត់មិនរក្សាទុកនូវកញ្ចប់ព័ត៌មានទាំងនោះ ហើយត្រូវការសេវាជំនួយបន្ទាន់ ពួកគាត់មិនដឹងទៅរកអ្នកណា។ តាមពិតកញ្ចប់ព័ត៌មាននោះ មានលេខទំនាក់ទំនងស្ថានទូត អនុព័ន្ធការងារ និងស្ថាប័នផ្សេងៗ។ ទាំងនេះជាអ្វីដែលយើងត្រូវចុះផ្សព្វផ្សាយឱ្យកៀកជាមួយពួកគាត់»។
រដ្ឋាភិបាលកូរ៉េបានចងក្រងឯកសារអំពីសកម្មភាពជំនួយដែលមន្ត្រីស្ថានទូតកម្ពុជាបាននិងកំពុងធ្វើហើយផ្សព្វផ្សាយវាតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ។ កិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យទាំងនេះត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលកូរ៉េនិងទទួលបានពានរង្វាន់ឆ្នើមសម្រាប់ឯកអគ្គរដ្ឋ/រាជទូតល្អបំផុត។ ជាការកម្សាន្ដសប្បាយ ផ្សព្វផ្សាយ និងផ្លាស់ប្ដូរវប្បធម៌ ក៏ដូចជារឹតចំណងមិត្ដភាពរវាងកម្ពុជានិងកូរ៉េ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាតែងតែរៀបចំកម្មវិធីវប្បធម៌ ប្រពៃណីនៅតាមតំបន់នានា ជាពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី។
លោកស្រី បុទុមរង្សី ឱ្យដឹងថា ស្ថានទូតតែងតែរៀបចំកម្មវិធីបែបប្រពៃណីយ៉ាងតិចមួយឆ្នាំ ២ ដង គឺនៅពិធីបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ វាជាការជួបជុំសប្បាយរីករាយ កាត់បន្ថយការនឹករឭកដល់មាតុភូមិកំណើត និងក្រុមគ្រួសារ ក៏ដូចជា ការលើកស្ទួយសិល្បៈ វប្បធម៌ជាតិសាសន៍ខ្មែរ។
ឯកអគ្គរាជទូតវ័យក្មេង រូបនេះបន្ដថា៖ «ឆ្នាំមុនយើងបានរៀបចំកម្មវិធីភ្ជុំបិណ្ឌ ដែលមានបងប្អូនយើងជិត ១ ម៉ឺននាក់បានចូលរួម។ ដោយឡែកឆ្នាំនេះ ចំពោះសង្ក្រាន្ដឆ្នាំថ្មី នៅអ៊ឺចុងប៊ូ ដែលមានអ្នកចូលរួម ៧ ពាន់នាក់ យើងបានអញ្ជើញភាគីកូរ៉េ ដូចជា វិស័យឯកជន អភិបាលក្រុងចូលរួមបើកកម្មវិធី និងអង្គទូតបរទេសមួយចំនួនទៀត»។
ជាមួយការរៀបចំសង្ក្រាន្ដជាង ១០ ទីតាំងនៅទូទាំងប្រទេសកូរ៉េខាងត្បូង លោកស្រី បានឱ្យដឹងថា៖ «យើងចង់បង្ហាញដល់បរទេសថា ប្រជាជនខ្មែរនៅតែរក្សាវប្បធម៌ពីបរមបុរាណ និងរួបរួមគ្នា។ យើងសម្ដែងសិល្បៈរបស់យើង ប្រពៃណី វប្បធម៌ មុខម្ហូបក្នុងពិព័រណ៍របស់យើង សកម្មភាពរបស់សមាគមទៅតាមតំបន់មួយៗដោយមានរៀបចំជាស្ដង់។ យើងនៅមានល្បែងប្រជាប្រិយ និងរាំ ច្រៀងចង្វាក់ប្រពៃណីខ្មែរ ដោយបានអញ្ជើញសិល្បករសិល្ប-ការិនីពីកម្ពុជាមកសម្ដែង»។
ការប្តេជ្ញាចិត្តចំពោះកំណើនសេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាជននៅកូរ៉េនៅពេលចូលកាន់តំណែងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ លោកស្រី បុទុមរង្សី មានគោលបំណងសំខាន់ ២ គឺ៖ ទី១ ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនការវិនិយោគទៅកាន់កម្ពុជាហើយទី ២ គឺការផ្ដល់ជំនួយ និងការលើកទឹកចិត្ដដល់ប្រជាជនខ្មែរនៅប្រទេសកូរ៉េ។
ដោយសារចំណាយនៃវិបត្ដិកូវីដនៅបន្ដអំឡុងឆ្នាំ ២០២២ សកម្មភាពរបស់ស្ថានទូតជាមួយប្រជាជនមានការរាំងស្ទះ ដែលតម្រូវឱ្យស្ថានទូតផ្ដោតទៅលើបញ្ហាការទូត និងសេដ្ឋកិច្ចច្រើន។ លោកស្រីបានបញ្ជាក់ថា សម្រាប់ឆ្នាំនេះ ស្ថានទូតបានដាក់គោលការណ៍ដើម្បីជំរុញការយកចិត្ដទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ៉េ តាមរយៈការចុះជួបពួកគេផ្ទាល់ទៅតាមសហគមន៍ រោងចក្រ កសិដ្ឋាន ក៏ដូចជាខ្នងផ្ទះផ្ទាល់នៅគ្រប់ខេត្ដ ប្រសិនបើពួកគេត្រូវការជំនួយ។ លោកស្រីឱ្យដឹងថា លោកស្រីមើលឃើញថា បញ្ហាផុតសុពលភាពនៃលិខិតឆ្លងដែនត្រូវបានដោះស្រាយ។
លោកស្រីបន្ដថា៖ «នាងខ្ញុំបានស្នើសុំសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បីធ្វើការពិនិត្យលទ្ធភាព និងយោគយល់បន្ដដោះស្រាយជូនប្រជាពលរដ្ឋដែលគាត់មានការលំបាកក្នុងការធ្វើដំណើរ ឬអត់មានសោហ៊ុយ គាត់អាចបន្ដសុពលភាពលិខិតឆ្លងដែននៅកូរ៉េតែម្ដង។ សម្ដេចតេជោបានយោគយល់ និងអនុញ្ញាតឱ្យស្ថានទូតបន្ដសុពលភាពលិខិតឆ្លងដែនរយៈពេលមួយឆ្នាំជូនពួកគាត់។ ឥឡូវនេះ យើងចុះទៅតាមតំបន់ដើម្បីធ្វើការពន្យារលិខិតឆ្លងដែន ដោយមិនចាំឱ្យពួកគាត់ធ្វើដំណើរមកដល់ក្រុងសេអ៊ូលនោះទេ»។
លោកស្រីបានលើកឡើងថា ប្រជាជនខ្មែរបានជួបប្រទះនូវសុខភាពតាមរយៈបញ្ហាស្ដ្រេសសម្ពាធការងារ ដែលទាមទារការធ្វើការងារលឿនទាំងគុណភាព និងបរិមាណ បន្ថែមលើសម្ពាធវិបត្ដិកូវីដ ១៩ រួមទាំងការកាត់ម៉ោងការងារ។ ស្ថានទូតបានខិតខំព្យាយាមស្វែងរកជំនួយពីមន្ទីរពេទ្យដែលពួកគេត្រូវបានផ្ដល់សេវាកម្មថែទាំសុខភាពដោយឥតគិតថ្លៃ។
ជម្នះឧបសគ្គជាស្ត្រីខ្មែរនៅកូរ៉េលោកស្រី បុទុមរង្សី បានបង្ហាញស្ថិតិបច្ចុប្បន្នថា ប្រជាជនខ្មែរនៅប្រទេសកូរ៉េបច្ចុប្បន្ននេះមានចំនួនប្រមាណជាង ៥ ម៉ឺននាក់ ដោយពលករមានចំនួន ៤៩-១៧៨ នាក់ ស្ត្រីរៀបការប្រមាណ ៤ ៦០០ នាក់ និស្សិតប្រហែល ៣០០ នាក់។ បើរាប់ទាំងកូនខ្មែរ កាត់កូរ៉េមានចំនួនប្រមាណ ១ ម៉ឺននាក់ទៀត។ លោកស្រី ទទួលស្គាល់ថា លោកស្រីមានការលំបាករយៈពេលប៉ុន្មានខែដំបូង អំឡុងបំពេញការងារជាឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េនេះ ចំពោះការសម្របខ្លួនទៅនឹងវប្បធម៌ប្រទេសនេះ។
លោកស្រីបានឱ្យដឹងថា៖ «ខ្ញុំយល់ពីស្ថានភាពនេះរបស់បងប្អូនខ្មែរ ជាពិសេស ពលករជាស្ដ្រី ក្នុងរយៈពេលពី ៣ ទៅ ៦ ខែដំបូង អាចមានការលំបាក ក្នុងការសម្របសម្រួលខ្លួន ទៅនឹងបរិយាកាសកន្លែងធ្វើការក្ដី និងក្នុងសង្គមក្ដី គឺពួកគេធ្វើការលឿនៗ ដែលខុសពីខ្មែរយើង ជាពិសេស ធ្លាប់ធ្វើការយឺត តែហ្មត់ចត់ និងច្បាស់លាស់»។
ទាក់ទងទៅនឹងតួនាទីជាអ្នកការទូត លោកស្រីបានឱ្យដឹងថា ជាស្ដ្រីនៅមានការលំបាកច្រើន បើធៀបនឹងបុរសអំឡុងពេលធ្វើការងារដំបូង។
លោកស្រី បុទុមរង្សី បាននិយាយទៀតថា ការខិតខំប្រឹងប្រែង និងភាពហ្មត់ចត់បានឆ្លុះបញ្ចាំងទៅនឹងសកម្មភាព ក៏ដូចជាសមត្ថភាព និងការទទួលខុសត្រូវ។ ទាំងនេះបានធ្វើឱ្យមានការទទួលស្គាល់លោកស្រី ជាអ្នកការទូតស្ដ្រីខ្មែរ រហូតដល់ទទួលបាននូវពានរង្វាន់ ២ ឆ្នាំជាប់គ្នា៕