ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មត្រូវបានរដ្ឋសភាអនុម័ត នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៣ ដោយមានសំឡេងគាំទ្រជាឯកច្ឆន្ទ ១០០ លើ ១០០ សំឡេង។ សេចក្តីព្រាងច្បាប់នេះ នឹងអាចធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ ទាក់ទងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋ។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរដ្ឋាភិបាលដែលបានចូលរួមក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៦ នេះ បានថ្លែងថា សេចក្តីព្រាងច្បាប់នេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ទៅនឹងការរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ពិសេសទាក់ទងនឹងការចុះបញ្ជីកំណើតដែលបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះស្ទើរតែទាំងអស់គឺមានត្រឹមកម្រិតអនុក្រឹត្យសម្រាប់ប្រើប្រាស់ប៉ុណ្ណោះ។
កន្លងមក មានតែបទប្បញ្ញត្តិដែលទាក់ទងនឹងអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម តែប៉ុណ្ណោះ ហើយបទប្បញ្ញត្តិនៅក្នុងអនុក្រឹត្យទាំងនោះដែរ កន្លងមកក៏បានធ្វើការកែសម្រួលជាច្រើនលើកច្រើនសា ដែលមានភាពរប៉ាត់រប៉ាយ អាចនឹងមានការភាន់ច្រឡំពីអ្នកប្រើប្រាស់ ហើយក៏អាចបង្កផលវិបាកសម្រាប់មន្ត្រីអនុវត្តន៍ច្បាប់ផងដែរ។
លោក ស ខេង មានប្រសាសន៍ថា៖ «មិនតែប៉ុណ្ណោះបទប្បញ្ញត្តិដែលមានចែងនៅក្នុងអនុក្រឹត្យទាំងនោះមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ គឺនៅមានចំណុចខ្វះចន្លោះជាច្រើនដោយបញ្ញត្តិខ្លះចែងពុំទាន់បានច្បាស់លាស់ ហើយចំណុចខ្លះទៀតដែលជាតម្រូវការចាំបាច់មិនទាន់មានចែងនៅឡើយដែរដែលពុំទាន់ឆ្លើយតបទៅនឹងស្ថានភាពនៃការរីកចម្រើនក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះទេ»។
លោកបន្ថែមថា សេចក្តីព្រាងច្បាប់នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលរៀបចំឡើងមិនត្រឹមតែអាចឆ្លើយតប ក្នុងសង្គមព្រមទាំងបានរៀបចំដោយព្យាករទុកជាមុនរួចជាស្រេចទាក់ទងនឹងការបន្តរីកចម្រើនផ្នែកបច្ចេកវិទ្យា តម្លាភាពក្នុងការផ្តល់សេវា និងបានរៀបចំបទប្បញ្ញត្តិដែលមានលក្ខណៈទំនើបកម្មស្របតាមការរីកចម្រើននៅក្នុងការដោះស្រាយបញ្ហាដែលបានជួបប្រទះក្នុងពេលអនុវត្តជាក់ស្ដែងកន្លងមកប៉ុណ្ណោះទេ ថែមទាំងធានាបាននូវឌីជីថលនាថ្ងៃអនាគតផងដែរ។
ជាមួយគ្នានោះដែរ លោក កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះរៀបចំឡើងដោយមានភាពស៊ីចង្វាក់ និងឆ្លើយឆ្លងគ្នាជាមួយច្បាប់ផ្សេងៗ ដូចជា ក្រមរដ្ឋប្បវេណី ច្បាប់ស្តីពីនីតិវិធីបណ្តឹង ទាក់ទងនឹងឋានៈបុគ្គល និងច្បាប់ស្ដីពីនីតិវិធីនៃរឿងក្តីរដ្ឋប្បវេណីដែលមិនមែនជាបណ្តឹងជាដើម។
លោកថា៖ «សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានពិនិត្យពិភាក្សា និងកែសម្រួលជាបន្តបន្ទាប់យ៉ាងល្អិតល្អន់ និងស៊ីជម្រៅដោយឈរលើមូលដ្ឋានធាតុចូលសំខាន់ៗដែលទទួលបានតាមរយៈការប្រជុំពិគ្រោះយោបល់កម្រិតជំនាញ និងកម្រិតនយោបាយជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធ ហើយជាចុងក្រោយ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៣ ដើម្បីបញ្ជូនទៅសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិដែលរួមមាន ១២ ជំពូក និង ១៨២ មាត្រា»។
បើតាមសេចក្តីព្រាងច្បាប់នេះ វាមានវិសាលភាពអនុវត្តន៍ចំពោះជនគ្រប់រូបដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេសផងដែរ។
លោក យ៉ង់ គិមអេង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) ថ្លែងថា ការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនេះ គឺជារឿងល្អ បើសិនជាវាធ្វើឡើងសម្រាប់សម្រួលដល់ប្រជាពលរដ្ឋ ដែលមិនមែនជាការបន្ថែមបន្ទុកដល់ពលរដ្ឋ។
លោក គិមអេង បញ្ជាក់ថា៖ «ថ្វីដ្បិតតែខ្ញុំ មិនទាន់បានមើលលម្អិតពីសេចក្តីព្រាងច្បាប់នេះនៅឡើយ ប៉ុន្តែខ្ញុំយល់ថា ជាការល្អ បើសិនច្បាប់នេះ ធ្វើឡើងសម្រាប់សម្រួលដល់ពលរដ្ឋមិនមែនជាបន្ទុកសម្រាប់ពលរដ្ឋ។ មានន័យថា ពលរដ្ឋងាយធ្វើអត្តសញ្ញាណប័ណ្ណ ឬឯកសារអត្រាអនុកូលដ្ឋាននានា នោះច្បាប់បានរៀបចំមកនេះមានប្រយោជន៍»។
លោកបានផ្តល់យោបល់ថា គួរតែមានការផ្តល់ព័ត៌មានដល់ពលរដ្ឋ ដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណនេះ ឱ្យបានទៀងទាត់ ស្នើឱ្យមានបទប្បញ្ញត្តិ ដាក់ទោសទណ្ឌដល់មន្ត្រីណា ដែលអនុវត្តការងារមានការយឺតយ៉ាវ មិនយកចិត្តទុកដាក់នឹងការងារ គឺកាន់តែល្អ ដើម្បីអាចឱ្យមន្ត្រីទាំងនោះមានភាពរាងចាល និងកាត់បន្ថយបញ្ហាដែលកើតមាននាពេលកន្លងមក៕