ភ្នំពេញៈ អង្គការយូនីសេហ្វប្រចាំកម្ពុជា ដែលជាស្ថាប័នធ្វើលទ្ធកម្មឈានមុខគេនៃយន្តការផ្គត់ផ្គង់បរិក្ខារប្រយុទ្ធ និងព្យាបាលជំងឺកូវីដ ១៩ (ACTA) បានផ្តល់ឧបករណ៍វេជ្ជសាស្ត្រសម្រាប់ការព្យាបាលដោយអុកស៊ីហ្ស៊ែន ដល់ក្រសួងសុខាភិបាលកម្ពុជា ដែលមានតម្លៃ រហូតដល់ ៧ លានដុលា្លរអាមេរិក។
ពិធីប្រគល់ទទួលឧបករណ៍វេជ្ជសាស្ត្រទាំងនេះ ត្រូវបានប្រារព្ធធ្វើទ្បើងនៅទី ១២ ខែមិថុនា ឆ្នាំ ២០២៣ នាឃ្លាំងស្តុករបស់អង្គការស្បៀងអាហារពិភពលោក ដោយមានការចូលរួមពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល លោក វីល ផាកស៍ តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា និងមន្ត្រីនានាមកពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វប្រចាំកម្ពុជា បានបញ្ជាក់ដែរថា អំណោយនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យូនីសេហ្វ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់កម្ពុជា សម្រាប់ការថែទាំសុខភាពបឋមប្រកបដោយសមភាព ក្រោយដំណាក់កាលនៃស្ថានភាពដ៏ធ្ងន់ធ្ងរ បង្កដោយជំងឺរាតត្បាតកូវីដ ១៩។
លោក វីល ផាកស៍ ថ្លែងថា ក្នុងអំទ្បុងនៃការរីករាតត្បាតកូវីដ ១៩ លោកឃើញថា ការទទួលបានឧបករណ៍អុកស៊ីហ្ស៊ែនមានភាពមិនស្មើគ្នានៅក្នុងសកលលោក ដែលប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាប្រទេសមានប្រាក់ចំណូលទាប និងមធ្យម។
លោកថ្លែងថា៖ «យើងមានមោទនភាពក្នុងការដើរតួនាទីជាផ្នែកមួយនៅក្នុងសកលលោក ដើម្បីដោះស្រាយគម្លាតសមភាពនេះ ស្របពេលដែលយើងកំពុងលើកកម្ពស់សមត្ថភាពរបស់កម្ពុជា លើវិធានការសង្គ្រោះជីវិតសម្រាប់កុមារ និងគ្រួសារពួកគេ»។
លោកថ្លែងថា ផ្នែកមួយនៃការស្តារទ្បើងវិញពីជំងឺរាតត្បាត អង្គការយូនីសេហ្វ នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាគុណភាព និងការទទួលបានដោយសមភាពនៃសេវាសុខភាព ការកាត់បន្ថយបន្ថែមទៀតមរណភាពមាតា និងទារក ដើម្បីអាចឱ្យកុមារគ្រប់រូបមានសុខភាពល្អ និងឱកាសប្រសើរជាងមុនក្នុងការសម្រេចសក្តានុពលរបស់ខ្លួន។
បើតាមអង្គការយូនីសេហ្វដដែលបានបញ្ជាក់ថា ចាប់តាំងពីមានការរាតត្បាតដំបូងនៃជំងឺកូវីដ យូនីសេហ្វបានផ្តល់ឱ្យកម្ពុជានូវអំណោយគិតជាទឹកប្រាក់ជាង ៤៤ លានដុល្លារអាមេរិក ដោយរួមមានឧបករណ៍វេជ្ជសាស្ត្រ និងទូប្រព័ន្ធត្រជាក់ខ្លាំងវ៉ាក់សាំងកូវីដ និងឱសថ ដោយមានការគាំទ្រពីដៃគូមួយចំនួនដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) រាជរដ្ឋាភិបាលជប៉ុន អូស្ត្រាលី និងសាធារណរដ្ឋឆែក។
លោកស្រី យក់ សម្បត្តិ ថ្លែងថា ការគាំទ្រដ៏មានតម្លៃរបស់យូនីសេហ្វ ក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពនឹងវិបត្តិជំងឺរាតត្បាតកូវីដ ១៩ និងធានានូវការបន្តផ្តល់សេវាសុខភាពសំខាន់ៗសម្រាប់ស្ត្រី និងកុមារ ដូចជាការផ្តល់ថ្នាំបង្ការជាប្រចាំ និងសេវាថែទាំសុខភាពមាតា និងទារកជាដើម។
លោកស្រីថ្លែងថា៖ «ភាពជាដៃគូ របស់យើងជាមួយយូនីសេហ្វ បានជួយពង្រឹងប្រព័ន្ធថែទាំសុខភាព និងការបណ្តុះបណ្តាលធនធានមនុស្សហើយអំណោយឧបករណ៍វេជ្ជសាស្ត្រអុកស៊ីហ្ស៊ែន ថ្ងៃនេះ គឺជាជំហានមួយក្នុងការធ្វើទំនើបកម្មសម្ភារបរិក្ខារវេជ្ជសាស្ត្រ និងប្រព័ន្ធតាមដាន ដែលអាចជួយកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ»។
ឧបករណ៍បង្កើនកម្រិត អុកស៊ីហ្ស៊ែន ម៉ូនីទ័រសម្រាប់អ្នកជំងឺ ឧបករណ៍ពិនិត្យកម្រិតអុកស៊ីហ្ស៊ែន ក្នុងឈាម ឧបករណ៍បញ្ចូលអុកស៊ីហ្ស៊ែនក្នុងសួត និងឧបករណ៍សម្រាប់ព្យាបាលអុកស៊ីហ្ស៊ែនដទៃទៀត។ ឧបករណ៍ទាំងនេះនឹងត្រូវបែងចែកទៅកាន់មណ្ឌលសុខាភិបាលចំនួន ១៣១ កន្លែង៕