កណ្តាលៈ លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងជាអនុប្រធានទី៣ គណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋាន ស្រុកកោះធំ បានអំពាវនាវ និងជំរុញដល់ពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែក្សាសុខភាព ពិសេសបង្កើនការយកចិត្តទុកដាក់លើរបបអាហារប្រចាំថ្ងៃ ដើម្បីកាត់បន្ថយហានិភ័យលើបញ្ហាសុខភាព។
ការអំពាវនាវ និងជំរុញនេះ ត្រូវបានធ្វើឡើងក្នុងពេលលោកចុះជួយពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្នុងឃុំព្រែកស្តី ស្ថិតនៅបរិវេណអនុវិទ្យាល័យ ហ៊ុន សែន ព្រែកស្តី ដោយមាន«ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន» ដែលបានរៀបចំឡើងកាលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។
លោក ឈាង រ៉ា បានថ្លែងឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ត្រូវយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន និងចូលរួមកាត់បន្ថយហានិភ័យ ដែលបង្កឱ្យមានជំងឺមិនឆ្លង ដោយត្រូវប្រកាន់ទម្លាប់ឥរិយាបថទទួលទានល្អ និងមានអនាម័យ។
លោកមានប្រសាសន៍ថា៖«ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង ការបរិភោគទាំងចំណីអាហារ និងភេសជ្ជៈ គួរចៀសវាង សូមកុំហូបអាហារប្រៃពេក ផ្អែមពេក កុំឱ្យមានជាតិខ្លាញ់ច្រើនពេក ហើយចំពោះភេសជ្ជៈវិញ សូមកុំទទួលទានភេសជ្ជៈណា ដែលមានជាតិអាល់កុល ដូចជា សុរា ច្រើនពេក និងជាប្រចាំពេកដែរ បើអាចចៀសវាងបាន គឺជាការប្រសើរ»។
ទន្ទឹមគ្នានេះ មន្រ្តីជំនាញ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ថែទាំសុខភាពរបស់ខ្លួន តាមរយៈការទៅពិនិត្យសុខភាពបឋម នៅមណ្ឌលសុខភាពឱ្យបានទៀងទាត់។
លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller បានសម្តែងការគាំទ្រចំពោះការជំរុញឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើរបបអាហារប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ ពិសេសកុមារកម្ពុជា ព្រោះបើតាមរបាយការណ៍អាហារូបត្ថម្ភសកលឆ្នាំ២០២០ ក៏បានបញ្ជាក់ដែរថា នៅកម្ពុជា មានកុមារអាយុចាប់ពី៥ ដល់១៩ឆ្នាំ ចំនួនប្រមាណជាង១ភាគ៨មានបញ្ហាឡើងទម្ងន់ និងជំងឺធាត់។
លោកនិយាយថា៖«និន្នាការនេះ គឺនៅតែបន្តកើនឡើងជាលំដាប់ ខណៈចំនួន ២ភាគបី នៃការស្លាប់នៅកម្ពុជា បណ្តាលមកពីជំងឺមិនឆ្លង ហើយភាគច្រើន មានការជាប់ពាក់ព័ន្ធនឹងការបរិភោគចំណីអាហារ មិនប្រុងប្រយ័ត្ន»។
សូមរំឭកដែរថា តាមរយៈទិវាជំងឺទឹកនោមផ្អែមពិភពលោក ដែលធ្វើឡើងកាលចុងឆ្នាំ២០២២ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានជំរុញឱ្យពលរដ្ឋកម្ពុជា យកចិត្តទុកដាក់លើសុខភាព តាមរយៈការផ្លាស់ប្តូររបបអាហារប្រចាំថ្ងៃ។
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ក៏បានបញ្ជាក់ដែរថា ដើម្បីថែរក្សាសុខភាពឱ្យបានល្អ គឺកុំពិសាប្រៃពេក កុំពិសាផ្អែមពេក កុំពិសាខ្លាញ់ពេក និងធ្វើលំហាត់ប្រាណជាប្រចាំ គឺជាមធ្យោបាយដ៏ល្អសម្រាប់ការចូលរួមការពារជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមិនឆ្លងផ្សេងៗទៀតជាដើម។
ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា៖«ការត្រួតពិនិត្យជាតិស្ករក្នុងឈាម ជាជំនួយក្នុងការរុករកបានទាន់ពេល នូវហានិភ័យនៃការកើតឡើងជំងឺទឹកនោមផ្អែម ដែលអាចឈានទៅរកការព្យាបាលបានទាន់ពេលផងដែរ»។
លើសពីនេះ សូមកែលម្អការទទួលទានកាបូអ៊ីដ្រាត ហាត់រៀនញ៉ាំ អាហារមួយចំណែកតូច (កុំឱ្យឆ្អែតពេក) ក្នុងពេលតែមួយ បរិភោគអាហារដែលមានជាតិសរសៃ ឬហ្វៃប៊ើ (Fiber) ដែលមានជាតិស្ករទាប កុំពិសាបារី (បារីជំរុញឱ្យមានភាពស៊ាំអាំងស៊ុយលីន) និងធ្វើលំហាត់ប្រាណយ៉ាងហោច ណាស់៣០នាទីក្នុង ១ថ្ងៃ។ នេះបើតាមការលើកឡើងរបស់ក្រសួងសុខាភិបាល៕