សីហនុៈ គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុបានចុះណែនាំក្រុមអនាធិបតេយ្យដែលចូលកាប់រានទន្ទ្រានដីព្រៃអាកាស្យា និងសង់ខ្ទមអនាធិបតេយ្យចំនួន ១៨ ខ្ទម នៅចំណុចអូរត្រាវ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយឱ្យពួកគាត់ស្ម័គ្រចិត្តរុះរើដោយខ្លួនឯង និងដកហូតទីតាំងនោះទុកជាសម្បត្តិរដ្ឋវិញ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុចុះថ្ងៃទី ១២ ខែមិថុនា ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅព្រឹកថ្ងៃទី ១៣ ខែមិថុនា បានឱ្យដឹងថា ការដឹកនាំកម្លាំងចម្រុះចុះទៅរៀបចំសណ្តាប់ធ្នាប់នៅចំណុចខាងលើនេះធ្វើឡើងដោយមានការចូលរួមសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា សកម្មភាពនេះធ្វើឡើងបន្ទាប់ពីមានក្រុមអនាធិបតេយ្យបានលបលួចចូលមកកាប់រានទន្ទ្រានដីព្រៃអាកាស្យាអស់ជាច្រើនហិកតាក្នុងពេលថ្មីៗនេះ ទោះបីជាមន្ត្រីឧទ្យានុរក្សនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយសហការជាមួយមន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិសមុទ្រព្រះសីហនុរាមបានចុះទៅអប់រំណែនាំយ៉ាងណាក៏ដោយ ក៏ក្រុមអនាធិបតេយ្យមិនត្រឹមតែមិនព្រមរុះរើទេ តែថែមទាំងបន្តនាំគ្នាមកសាងសង់ខ្ទមបន្ថែមជាបន្តបន្ទាប់ទៀត។
ប្រភពដដែលបញ្ជាក់ថា ក្រោយពីបានស្តាប់ការពន្យល់អំពីទិដ្ឋភាពច្បាប់ពីក្រុមមន្ត្រីជំនាញ ក្រុមអនាធិបតេយ្យខាងលើបានយល់ព្រមរុះរើ និងធ្វើកិច្ចសន្យាចាកចេញដោយសន្តិវិធី។ជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានសម្របសម្រួលផ្តល់មធ្យោបាយដឹកជញ្ជូនមនុស្សនិងសម្ភារចេញពីទីតាំងទៅកាន់មូលដ្ឋានដើមរៀងៗខ្លួនវិញផងដែរ។
រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់បន្ថែមថា សកម្មភាពរបស់ក្រុមអនាធិបតេយ្យខាងលើនេះគឺជាការឆ្លៀតឱកាសក្នុងពេលដែល អាជ្ញាធរកំពុងមានភាពមមាញឹកក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងការរៀបចំដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាពេលខាងមុខ។
យោងតាមមាត្រា៦២ និងមាត្រា៥៦ ចំណុចទី៤ នៃ “ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ- សកម្មភាពកាប់រានទន្ទ្រានដីព្រៃយកមកធ្វើជាកម្មសិទ្ធិនេះគឺជាទង្វើខុសច្បាប់ដែលត្រូវមានទោសដាក់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ និងទោសពិន័យជាប្រាក់ពី១៥ ០០០០០០រៀល ដល់១៥០ ០០០ ០០០រៀលហើយក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសទ្វេដង។
ជាមួយនេះដែរ រដ្ឋបាលខេត្តព្រះសីហនុបានព្រមានចាតវិធានការផ្លូវច្បាប់ដោយមិនលើកលែងចំពោះមេខ្លោងប្រព្រឹត្តបទល្មើសទន្ទ្រានដីព្រៃរបស់រដ្ឋជាដាច់ខាត។ ក្នុងលិខិតរដ្ឋបាលខេត្តសរសេរថា៖«រដ្ឋបាលខេត្តនឹងអនុវត្តវិធានការផ្លូវច្បាប់ដោយម៉ឺងម៉ាត់បំផុតគ្មានការលើកលែងចំពោះក្រុមអនាធិបតេយ្យនិងមេខ្លោងទាំងឡាយណាដែលព្យាយាមកាប់ទន្ទ្រានដីរដ្ឋដោយនាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន»។
លោក មាច ចាន់ មេឃុំបិតត្រាំង បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនាថា ប្រជាពលរដ្ឋដែលនាំគ្នាមកសង់ខ្ទមនៅចំណុចអូរត្រាវ ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់នេះ មកពីខេត្តព្រះសីហនុ និងបណ្តាខេត្តផ្សេងៗទៀតដូចជាបាត់ដំបង ស្វាយរៀង និងព្រៃវែង។ ពួកគាត់បានចូលមកកាប់ឆ្ការព្រៃអាកាស្យាក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយអស់ច្រើនដើមលើផ្ទៃដីប្រមាណ២ហិកតា។
ដោយឡែក រដ្ឋបាលខេត្តកណ្តាលក៏បានជំរុញនិងក្រើនរំឭកដល់អាជ្ញាធរ និងមន្ទីរ អង្គភាពពាក់ព័ន្ធត្រូវពង្រឹងលើការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន និងបន្តទប់ស្កាត់ការលួចចូលមកកាប់រានទន្ទ្រានដីរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំអនុគណ:កម្មការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិជាមួយរដ្ឋបាលក្រុង-ស្រុកទាំង១៣ កាលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានបញ្ជាក់ថា៖«កងកម្លាំងទាំង៣ត្រូវពង្រឹងការការពារនូវសុខសុវត្ថិភាព សន្តិសុខសង្គម ដោយអនុវត្តនូវភូមិ-ឃុំ មានសុវត្ថិភាពជូនពលរដ្ឋនៅគ្រប់មូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ និងបន្តទប់ស្កាត់បទល្មើសនានា ពិសេសបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិ ដែលជាបញ្ហាប្រឈមដ៏សំខាន់ផងដែរ»៕