ភ្នំពេញៈ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចអនុញ្ញាតឱ្យប្រតិភូនៃស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំកម្ពុជា ជាភ្ញៀវពិសេស ក្នុងការចូលរួមពិនិត្យមើលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣ ប៉ុន្តែមិនមែនក្នុងនាមអ្នកសង្កេតការណ៍ឡើយ។
យោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោកប្រាជ្ញ ចន្ទ ចុះថ្ងៃទី១២ ខែមិថុនា បានបញ្ជាក់ថា ស្ថានទូត ឬស្ថានតំណាងបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានបំណងមកពិនិត្យមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្នុងរយៈពេលខ្លី ត្រូវធ្វើលិខិតជូនដំណឹងមក គ.ជ.ប ដោយត្រូវភ្ជាប់មកជាមួយនូវបញ្ជីរាយនាមភ្ញៀវពិសេស និងអ្នកបកប្រែភាសា រួមទាំងរូបថតទំហំ ៤x៦ ចំនួន ១សន្លឹកក្នុងម្នាក់ៗ។
លោក ប្រាជ្ញ ចន្ទ បានបន្តថា៖ «ភ្ញៀវពិសេស ដែលត្រូវបានអនុញ្ញាតដោយ គ.ជ.ប រួមទាំងអ្នកបកប្រែភាសា ត្រូវពាក់បណ្ណសម្គាល់ភ្ញៀវពិសេស ដែលចេញដោយ គ.ជ.ប។ នៅពេលពិនិត្យមើលការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ភ្ញៀវពិសេសមិនតម្រូវឱ្យចុះវត្តមានទេ»។
ជាមួយគ្នានេះលោក ប្រាជ្ញ ចន្ទ ក៏បានបញ្ជាក់ទៅកាន់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត និងមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ផងដែរ ដោយត្រូវសហការសម្របសម្រួលដល់ភ្ញៀវពិសេស ដែលចូលទៅពិនិត្យមើលការបោះឆ្នោតឱ្យបានល្អប្រសើរ។
លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៣មិថុនាថា ជាធម្មតា គ.ជ.ប កន្លងមកតែងតែជូនដំណឹងដល់បណ្តាអង្គទូតនានា ឱ្យមានការចូលរួមឃ្លាំមើលដំណើការបោះឆ្នោតនៅកម្ពុជា ហើយជាបទពិសោធន៍មានតំណាងស្ថានទូតយ៉ាងហោចចំនួន២នាក់ចូលរួម ប៉ុន្តែសម្រាប់ពេលនេះ មិនទាន់មានការស្នើសុំថា នឹងមានចំនួនប៉ុន្មាននាក់នៅឡើយទេ។
លោកបានថ្លែងថា៖ «មិនទាន់មានតំណាងស្ថានទូត ចុះឈ្មោះចូលរួមឡើយ ដោយសារមានភាពយឺតយ៉ាវបន្តិចចំពោះការរៀបចំឯកសារ យើងបានដាក់លិខិតដល់ក្រសួងការបរទេស ហើយក្រសួងការបរទេសបានរុញមកឱ្យ គ.ជ.ប ជាអ្នកធ្វើ រួចចាំបញ្ជូនទៅឱ្យក្រសួងវិញ ទើបខាងក្រសួងការបរទេសជាអ្នកបញ្ជូនទៅតាមស្ថានទូត»។
ជាមួយគ្នានេះ លោកសំ គន្ធាមី នាយកប្រតិបត្តិរបស់អង្គការឃ្លាំមើលការបោះឆ្នោត (NICFEC)បានថ្លែងនៅថ្ងៃទី១៣មិថុនាថា ភ្ញៀវពិសេស គឺជាអ្នកសង្កេតការណ៍អន្តរជាតិចល័ត ពីការិយាល័យបោះឆ្នោត១ ទៅការិយាល័យបោះឆ្នោត១ទៀត ហើយនេះក៏មិនមែនជាលើកទី១ដែរ ដែលគ.ជ.ប អនុញ្ញាតឱ្យមានភ្ញៀវពិសេសពិនិត្យមើលការបោះឆ្នោតនោះ។
លោកបានសង្កេតឃើញថា កាលពីការបោះឆ្នោតកន្លងទៅ មន្ត្រីស្ថានទូត និងអង្គការអន្តរជាតិបានចុះទៅពិនិត្យមើលការបោះឆ្នោតនៅតាមការិយាល័យដែលពួកគាត់ចង់ទៅ ដែលខុសពីអ្នកសង្កេតការណ៍ជាតិ ដែលជាចំណុចនេះ ទាំង គ.ជ.ប និងរដ្ឋាភិបាលកម្ពុជាត្រូវការអ្នកសង្កេតការណ៍អន្តរជាតិនេះ សម្រាប់ពិនិត្យមើលទៅលើបរិយាកាសនៃការបោះឆ្នោតម្តងៗ ប៉ុន្តែទោះជាយ៉ាងណាពួកគាត់ មិនមានសិទ្ធិក្នុងការធ្វើរបាយការណ៍ទេ។
លោកសំ គន្ធាមី បានថ្លែងថា៖ «អ្នកសង្កេតការណ៍ពិសេស គេគ្រាន់តែចុះមើលចល័ត និងមើលពីបរិយាកាសនៃការបោះឆ្នោត។ គេអត់ចេញរបាយការណ៍សរុបទេ គេគ្រាន់តែដើរមើលតិចៗ តាមការិយាល័យនៅទូទាំងប្រទេស ដោយគេសង្កេតមើលត្រួសៗ ប៉ុណ្ណោះ»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ការអនុញ្ញាតឱ្យអង្គទូត ឬមន្ត្រីទូតនានាប្រចាំនៅកម្ពុជា ឱ្យចូលរួមត្រួតពិនិត្យមើលពីដំណើការបោះឆ្នោតនៅពេលខាងមុខនេះ គឺជាការបើកទូលាយរបស់ គ.ជ.ប ក្នុងការបើកបង្ហាញជូនសាធារណជន មិនត្រឹមតែប្រជាជននៅក្នុងប្រទេសប៉ុណ្ណោះទេ។
លោកបានថ្លែងថា៖ «យើងដឹងហើយថា អង្គទូតដែលមកនៅកម្ពុជា គឺជាភ្នែក ជាច្រមុះរបស់រាជរដ្ឋាភិបាល ឬរដ្ឋាភិបាលរបស់គេនៅលើពិភពលោក។ អ៊ីចឹង គឺជាការល្អណាស់ដែល គ.ជ.ប បើកទូលាយ ហើយក៏ជាកម្មវិធីការងារ និងជាគោលការណ៍របស់ គ.ជ.ប ដែលតែងតែបើកទូលាយទៅដល់សាធារណជន ទាំងខ្មែរ និងបរទេស ឱ្យតាមដានពីដំណើរការបោះឆ្នោត»។
ដោយឡែក កាលពីថ្ងៃទី១៣ ខែមិថុនា លោកប្រាជ្ញ ចន្ទ បានចេញសេចក្ដីសម្រេចស្ដីពីការព្យួរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្ន ចំពោះប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ចំនួន ៩រូប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ផងដែរ៕