​ភ្នំពេញៈ អាជ្ញាធរ និង​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការលក់​បារី​​អេឡិចត្រូនិក (e-cigarette) ​ខណៈ​ការផ្សព្វផ្សាយ​លក់​បារី​ប្រភេទ​នេះ​នៅតែ​បន្ត​កើនឡើង​គួរឱ្យ​ព្រួយបារម្ភ​តាម​បណ្តាញ​សង្គម​។ ការអំពាវនាវ​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​បារី​អេ​ឡិច​​ត្រូ​និក​កាលពី​ថ្ងៃទី ១២ ខែមិថុនា នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​របាយការណ៍​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​(NACD)​ បញ្ជាក់​នា​ថ្ងៃទី ​១២ ខែមិថុនា​៖ «​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អ្នកពាក់ព័ន្ធ​រួមគ្នា​ទប់ស្កាត់​ការលក់​បារី​អេឡិចត្រូនិក ឬ​វេ​ប​ដើម្បី​កាត់​​បន្ថយ​ការប្រើប្រាស់ និង​ផលប៉ះពាល់ ខណៈ​ការផ្សព្វផ្សាយ​លក់​បារី​អេ​ឡិច​ត្រូ​និក​ឬ​វេ​ប​នៅតែ​បន្ត​កើនឡើង​តាមរយៈ​បណ្តាញ​ព័ត៌មាន​សង្គម​គួរឱ្យ​ព្រួយបារម្ភ​»​។

​របាយការណ៍​បាន​ដកស្រង់​សម្ដី​លោក អ៊ីម​រ៉​ន ហាស្សាន់ អភិបាលរង​រាជធានី​​ភ្នំពេញ​ថា បារី​អេឡិចត្រូនិក ឬ​វេ​ប ពិតជា​បាន​បង្ក​ផលប៉ះពាល់​ដល់​សង្គម​ជាតិ ជាពិសេស​បាន​បំផ្លាញ​អនាគត​កុមារ និង​យុវជន​ប្រសិនបើ​ពួកគេ​ប្រើប្រាស់​ផលិតផល​នេះ​។​

​លោក​ថ្លែងថា​៖ «​សូមឱ្យ​គ្រប់​ខណ្ឌ សង្កាត់ និង​នគរបាល​មូលដ្ឋាន ត្រូវ​រឹត​បន្តឹង ទប់ស្កាត់​ការប្រើប្រាស់ ការចែក​ចាយ​បារី​អេឡិចត្រូនិក​ឬ​វេ​ប​ស្របតាម​លិខិតគតិយុត្ត​ដែលមាន​នៅតាម​មូល​ដ្ឋា​ន​រៀងៗ​ខ្លួន​ឱ្យ​កាន់តែ​តឹងរ៉ឹង​បំផុត​»​។

​តាម​របាយការណ៍​ដដែល លោក លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម អប់រំ និង​ស្តារនីតិសម្បទា​នៃ​ NACD​ បាន​ថ្លែងថា បើទោះបីជា​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​បាន​ចាត់វិធានការ​លើ​ការប្រើប្រាស់ និង​ការ​នាំចូល​បារី​អេ​ឡិច​ត្រូ​និក​យ៉ាងណាក្តី ក៏​នៅមាន​ឈ្មួញ «​ខិលខូច​» បន្ត​ផ្សព្វផ្សាយ និង​នាំចូល​ឧបករណ៍​នេះ​នៅ​កម្ពុជា​។​

​កាលពី​ខែមីនា ឆ្នាំ​ ២០២១ NACD​ បានចេញ​សេចក្តីណែនាំ​ស្តីពី​ការចាត់​វិធានការ​បង្ការ​ទប់​ស្កាត់​ការនាំ​ចូល ការជួញដូរ ការធ្វើ​អាជីវកម្ម និង​ការ​ប្រើប្រាស់​ផលិតផល អេ​ច​ឆ៍ ធី ភី​ (HTPs)​ ក្នុងប្រទេស​កម្ពុជា​។​

​ជាមួយគ្នានេះ លោក ​លឹម តុង​ហួត បាន​អំពាវនាវ​ដល់​យុវជន​កុំឱ្យ​មានការ​ភ្លើតភ្លើន​ប្រើប្រាស់​បារី​អេឡិចត្រូនិក និង​បើ​ប្រាស់​ឧបករណ៍​អេ​ច​ឆ៍ ធី​ភី​នេះ ព្រោះ​វា​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព ខាតបង់​ថវិកា និង​ខាត​ពេលវេលា​។​

​របាយការណ៍​ស្រង់​សម្ដី​លោក​ថា​៖ «​សមត្ថកិច្ច​នៅតែ​អនុវត្ត​វិធានការ​តឹងរ៉ឹង​ហើយ​បន្ត​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​នានា ដើម្បី​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​ពី​ការប្រើប្រាស់​ផលិតផល​នេះ បន្ត​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ចំណេះដឹង​កុំ​ប្រើប្រាស់​ផលិតផល​ទាំងនោះ ពេល​អត់​មាន​អ្នកប្រើប្រាស់​ក៏​អត់​មាន​ទីផ្សារ ហើយ​ឈ្មួញ​ក៏​មិនដឹង​ទៅ​លក់​ឱ្យ​អ្នកណា​ទេ ហើយ​យើង​ងាយស្រួល​ក្នុងការ​បង្ក្រាប​ឈ្មួញ​ទុច្ចរិត​»​។​

​លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជាប្រាប់ ​ភ្នំពេញ ​​ប៉ុស្តិ៍​ នា​ថ្ងៃទី​ ១៣ ខែមិថុនា សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ព័ត៌មាន​គួរតែមាន​លទ្ធភាព​ក្នុងការ​ទប់ស្កាត់​ព័ត៌មាន​កុំថាឡើយ​បារី​អេឡិចត្រូនិក​ឬ​វេ​ប​នេះ​សូម្បីតែ​រឿង​ផ្សេងៗ​ទៀត​ដែល​នាំទៅដល់​ការប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​សង្គម​និង​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​ស​ង្គ​ម​កុំឱ្យ​មានការ​ផ្សព្វផ្សាយ​។​

​លោក​បាន​ថ្លែងថា​៖ «​ឥឡូវនេះ​បច្ចេកវិទ្យា​ទំនើប​រាជរដ្ឋាភិបាល​អាច​គ្រប់គ្រង​ហ្នឹង​បាន​តាម​ខ្ញុំ​យល់​។ យើង​មិនគួរ​បណ្តោយឱ្យ​ការផ្សព្វផ្សាយ​អ៊ីចឹង​ចេញទៅ​ទេ ពីព្រោះ​វា​ធ្វើឱ្យ​សង្គម​យើង​មាន​ជួប​បញ្ហា​ខ្លាំងណាស់​ទាំង​គ្រឿងញៀន​​ទាំង​រឿង​អបាយមុខ​ផ្សេងទៀត​។ អ៊ីចឹង​ជា​សំណូមពរ​របស់ខ្ញុំ​សូមឱ្យ​សមត្ថ​កិច្ច​ជំនាញ​មាន​សមត្ថកិច្ច​ធ្វើ​កិច្ចការ​ហ្នឹង​ច្រោះ​ព័ត៌មាន​ហ្នឹង​កុំឱ្យ​មានការ​ផ្សព្វផ្សាយ​»​។​

​បើតាម​ការផ្សព្វផ្សាយរ​បស់​ក្រសួង​សុខាភិបាល​ស្តីពី​ «​ផលប៉ះពាល់​បណ្តាលមកពី​ការប្រើប្រាស់​បារី​អេឡិចត្រូនិក​» កាលពី​ខែមិថុនា ឆ្នាំ​ ២០២២ បានឱ្យដឹងថា មាន​ភ័ស្តុតាង​ជាច្រើន​បានបង្ហាញ​ថា ការប្រើប្រាស់​បារី​អេ​ឡិច​ត្រូ​និក​បង្ក​ផលប៉ះពាល់​ដល់​សុខភាព បណ្តាលឱ្យ​ញៀន បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បេះដូង និង​សួត រហូតដល់​បាត់បង់​ជីវិត​។

​ក្រសួងសុខាភិបាល​បានឱ្យដឹងថា​នៅពេល​ប្រើប្រាស់​បារី​អេឡិចត្រូនិក សារធាតុ​គីមី និង​ជាតិ​នីកូទីន​ត្រូវបាន​ស្រូប​ចូលទៅក្នុង​រាងកាយ​ហើយ​ចូលទៅក្នុង​ខួរក្បាល​របស់​អ្នក​ជក់ ខណៈ​បារី​អេឡិចត្រូនិក​៩៩​ភាគរយ​មាន​ផ្ទុក​ជាតិ​នីកូទីន​។​

​បើតាម​ក្រសួងសុខាភិបាល ភ័ស្តុតាង​កាន់តែ​ច្រើនឡើង​បង្ហាញថា ការប្រើប្រាស់​បារី​អេឡិចត្រូនិក​បង្កឱ្យមាន​របួស​សួត​ដោយ​ចំហាយ​ទឹក​ដែល​បំ​ភាយ​ចេញពី​បារី​អេឡិចត្រូនិក មាន​ជាតិ​នីកូទីន និង​ភាគល្អិត​តូច​នៃ​អ៊ុ​ល​​ត្រា​ហ្វា​ញ (Ultrafine Particle) ដែល​វា​មាន​សមត្ថភាព​ជ្រៀតចូល​ទៅក្នុង​សួត​បាន​កាន់តែ​ជ្រៅ​។ សារ​ធាតុគីមី​ផ្តល់​រសជាតិ​បារី​អេ​ឡិច​ត្រូ​និក អាច​បង្កឱ្យមាន​ជំងឺ​សួត​ធ្ងន់ធ្ងរ និង​បង្ក​អន្តរាយ​ដល់​រាងកាយ​មនុស្ស​ធ្ងន់ធ្ងរ​ផងដែរ​៕