ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ស្តីពីការបោះឆ្នោតដោយតម្រូវឱ្យបេក្ខជនឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវទៅបោះឆ្នោតលើកទី១ ដើម្បីឆ្លើយតបទៅនឹងក្រុមប្រឆាំង នៅក្រៅប្រទេសដែលធ្វើយុទ្ធនាការ WiFi ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋមិនឱ្យទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។
លោកបានថ្លែងដូចនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករជិត ២ ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញញនាថ្ងៃ ១៣ ខែមិថុនា ដោយលោកក៏បានជំរុញឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្វើការងារនេះឱ្យបានលឿន និងដាក់ចូលរដ្ឋសភា ដើម្បីធ្វើការអនុម័តឆាប់ៗ។
សូមបញ្ជាក់ដែរថា យុទ្ធនាការ WiFi ដែលត្រូវបានរៀបចំដោយ លោក រី គា សមាជិកអតីតគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស ដែលបានដាក់ចេញនូវពាក្យស្លោកថ្មីថា «ខ្ញុំមិនទៅបោះឆ្នោតជាសិទ្ធិរបស់ខ្ញុំ។បើនៅតែបង្ខំ ខ្ញុំនឹងគូសខ្វែងសន្លឹកឆ្នោតចោល» ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ១១ ខែមិថុនា។
ជាការឆ្លើយតបនឹងយុទ្ធនាការនេះ លោក ហ៊ុន សែន បានបញ្ជាក់ថា ៖ «អ៊ីចឹង! ខ្ញុំសុំស្នើឱ្យលោកឯង កុំដកថយឱ្យសោះ លោកឯងត្រូវតែបន្ត។ ពេលដែលយើងចាប់ផ្តើមធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនាពេលខាងមុខ ត្រូវធ្វើការកែទម្រង់នៃសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដោយយើងយកតាមបែបរបស់ប្រទេសថៃ ដែលមានគណបក្សនយោបាយមួយបានបាត់បង់តំណាងរាស្ត្រ ១៨ រូប ដោយសារតំណាងរាស្ត្រនោះ មិនបានទៅបោះឆ្នោតលើកទី ១»។
លោកបន្តថា ៖ «បើអ្នកឯងមិនបានបោះឆ្នោតថ្ងៃ ២៣ ខែកក្កដា ឆ្នាំ ២០២៣ អ្នកឯងគ្មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់តំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ តំណែងក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ-ក្រុង-ខេត្តរាជ-ធានី សម្រាប់តំណែងសមាជិកព្រឹទ្ធសភា និងតំណែងសមាជិករដ្ឋសភា នៅឆ្នាំ ២០២៨។ អ៊ីចឹងខ្ញុំវ៉ៃឱ្យអ្នកឯងឱ្យចប់រឿង ដោយសារអ្នកឯងចេះតែកេះខ្នងខ្ញុំ ចេះតែចាក់ខ្ញុំ»។
បើតាមលោកនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលនឹងធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញត្រង់មាត្រា ៣៥ និង ៣៦ ស្តីពីការបោះឆ្នោតដោយមិនបានដកហូតសិទ្ធិរបស់ប្រជាពលរដ្ឋ ឬមនុស្សណាទាំងអស់សម្រាប់ការបោះឆ្នោត ប៉ុន្តែតម្រូវឱ្យអ្នកដែលឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវតែបានបោះឆ្នោតលើកទី ១។
លោកសង្កត់ធ្ងន់ថា៖ «កុំភ្លេចណា សភា បើទោះបីកំពុងយុទ្ធនាការបោះឆ្នោតក៏សភាអាចបើកប្រជុំបានដែរ ប៉ុន្តែយើងចង់ធ្វើឱ្យបានមុនយុទ្ធនាការបោះឆ្នោតចាប់ផ្តើមដើម្បីទះកំផ្លៀងអ្នកឯងឱ្យកប់នៅកៀនជញ្ជាំង។ អ៊ីចឹង! អ្នកឯងអត់បានឈរឈ្មោះមួយជីវិត។ ប្រាប់លោកឯងឱ្យដឹង»។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានអំពាវនាវដល់លោក ហេង សំរិនប្រធានរដ្ឋសភា ជួយពន្លឿនអនុម័តលើវិសោធនកម្មច្បាប់នេះឱ្យបានលឿនផងដែរ។
តាមរយៈសារសំឡេងពិសេសនៅព្រលប់ថ្ងៃទី ១២ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវសិទ្ធិពលរដ្ឋ ចំពោះការចូលរួមឬមិនចូលរួម សម្រាប់ការបោះឆ្នោតដោយពួកគេអាចទៅបោះឆ្នោតឬមិនអាចធ្វើការបោះឆ្នោតបាននោះគឺជាសិទ្ធិជ្រើសរើសរបស់ប្រជាជន។
លោក ហ៊ុន សែន បញ្ជាក់ថា ៖ «អ្នកដែលឈរឈ្មោះឱ្យគេបោះឆ្នោតត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមប្រជាធិតេយ្យដោយចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោតក្នុងន័យនេះ អ្នកដែលមិនបានបោះឆ្នោតដោយគ្មានមូលហេតុសមរម្យ តាមផ្លូវច្បាប់ត្រូវបានចាត់ទុកថា បាត់បង់លក្ខខណ្ឌការឈរឈ្មោះឱ្យគេបោះឆ្នោត ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធិទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែល ដោយមិនប៉ះពាល់អ្វីនោះទេ»។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត និកហ្វិក លោកសំ គន្ធាមី បានថ្លែងនៅថ្ងៃទី ១៣ ខែមិថុនាថា ការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញស្តីពីការបោះឆ្នោត ដែលកំណត់បេក្ខជនឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវទៅបោះឆ្នោតគឺជារឿងល្អហើយក៏មិនមែនមានវិសាលភាពដល់ប្រជាពលរដ្ឋទូទៅដែលមានសិទ្ធិបោះឆ្នោតដែរ។ លោកថ្លែងថា៖ «ការធ្វើវិសោធនកម្មនេះ មើលទៅវាសមរម្យ ហើយក៏វាជារឿងល្អដែរ»។
ចំពោះការអំពាវនាវពីសំណាក់ក្រុមប្រឆាំងមិនឱ្យពលរដ្ឋចេញទៅបោះឆ្នោត នៅពេលខាងមុខនេះ លោកសំ គន្ធាមីបានបញ្ជាក់ថាវាជារឿងខុសច្បាប់ខុសបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត តែទោះជាយ៉ាងណាការចេញទៅបោះឆ្នោតឬមិនទៅបោះឆ្នោតគឺជាសិទ្ធិរបស់ពួកគេ រីឯការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះសំដៅដល់ការបិទសិទ្ធិបេក្ខជនឈរឈ្មោះឱ្យគេបោះឆ្នោតប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងនៅថ្ងៃទី ១៣ ខែមិថុនាថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺជាស្ថាប័នអនុវត្តច្បាប់ បើរដ្ឋសភាអនុម័តយ៉ាងណា គ.ជ.ប នឹងអនុវត្តទៅតាមនោះមិនមានអ្វីទាស់ខុសអ្វីនោះទេ។ លោកបានបន្តថា រីឯការស្នើសុំធ្វើវិសោធនកម្មច្បាប់នានា គឺជាសិទ្ធិរបស់រាជរដ្ឋាភិបាល ដែលស្ថាប័ន គ.ជ.ប អនុវត្តច្បាប់ដែលមានជាធរមានក្នុងដំណើរការរៀបចំការបោះឆ្នោត៕