ភ្នំពេញៈ រដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថលរយៈពេល ៥ ឆ្នាំ គឺពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ ដើម្បីគាំទ្រនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសន្តិសុខជាតិឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ តម្លាភាព និងស័ក្តិសិទ្ធិភាព តាមរយៈបច្ចេកវិទ្យាឌីជីថល ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០។
ការដាក់ចេញផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថលនេះ ធ្វើឡើងតាមរយៈក្រសួងមហាផ្ទៃ ដែលបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ ដែលក្រសួងបញ្ជាក់ថា ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ប្រកាសដែលចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់លើគោលបំណងនៃការចងក្រងផែនការយុទ្ធសាស្ត្រនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសន្តិសុខជាតិឱ្យកាន់តែមានសុវត្ថិភាពខ្ពស់ តម្លាភាព និងស័ក្តិសិទ្ធិភាព តាមរយៈបច្ចេកវិទ្យាឌីជីថល។
ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថលនេះ រួមមានផ្នែកសំខាន់ៗចំនួន ៦ ដែលក្នុងនោះមាន៖ យុទ្ធសាស្ត្របណ្តុះបណ្តាលធនធានមនុស្ស និងបញ្ជ្រាបចំណេះដឹង, យុទ្ធសាស្ត្រកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ, យុទ្ធសាស្ត្រពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា (Cyber security and Cybercrime), យុទ្ធសាស្ត្រស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍បច្ចេកវិទ្យា,យុទ្ធសាស្ត្រពង្រឹងគុណភាពការងារ និងការផ្តល់សេវាសាធារណៈ និងចុងក្រោយ យុទ្ធសាស្ត្រអភិបាលកិច្ចបច្ចេកវិទ្យា។
ជុំវិញបញ្ហានេះ លោក សេក សុជាតិ អ្នកប្រឹក្សាផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវព្រមទាំងជាអ្នកជំនាញផ្នែកព័ត៌មានវិទ្យាបង្ហាញការគាំទ្រលើការបង្កើតផែនការយុទ្ធសាស្ត្រផ្នែកបច្ចេកវិទ្យាឌីជីថល រយៈពេល ៥ ឆ្នាំនេះ។
លោកនិយាយថា ផែនការនេះធ្វើឡើង ដើម្បីដើរឱ្យទាន់សភាពការណ៍សកល និងពិសេសដើម្បីឱ្យមានក្បួនច្បាប់គ្រប់គ្រងអ្នកប្រើប្រាស់ឌីជីថល ក្នុងន័យរក្សាសន្តិសុខជាតិសណ្តាប់ធ្នាប់សង្គម និងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យនេះឱ្យមានសមត្ថភាពស្របតាមតម្រូវការសង្គម។
លោកថា កម្ពុជាដល់ពេលដែលបង្កើនសមត្ថភាពធនធានមនុស្សផ្នែកបច្ចេកវិទ្យាហើយ ខណៈទំនោរសកលកំពុងខិតជិតគ្នា ជាពិសេសប្រយោជន៍ផ្នែកសេដ្ឋកិច្ចឌីជីថល។ លោកសង្កត់ធ្ងន់ថា៖ «បើសិនជាយើងមើលពីប្រយោជន៍របស់ឌីជីថល វាជួយសង្គមជាតិយើងបានច្រើនណាស់ តាមរយៈការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសប្រជាពលរដ្ឋ ដែលឌីជីថល អាចជួយឱ្យពួកគាត់ចេះទាញយកមកប្រើប្រាស់ដើម្បីលើកកម្ពស់កម្រិតជីវភាព»។
ដើម្បីពង្រឹងផែនការនេះលោកចង់ឱ្យរដ្ឋាភិបាលបង្កើតច្បាប់ដើម្បីគ្រប់គ្រងបច្ចេកវិទ្យាឱ្យបានច្បាស់លាស់ និងតាមដានការអនុវត្តច្បាប់នេះ និងចូលរួមបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា ទៅលើវិស័យបច្ចេកវិទ្យាឌីជីថលឱ្យបានគ្រប់គ្រាន់ពិសេសផ្នែកសន្តិសុខបច្ចេកវិទ្យា (Cybersecurity) ជាមួយអក្ខរកម្មឌីជីថលសម្រាប់ប្រជាជនទូទៅ។
សម្រាប់លោក ឈុត ប៊ុនថង ប្រធានវិទ្យាស្ថានទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងដែរថា ការចងក្រងផែនការយុទ្ធសាស្ត្រស្តីពីបចេ្ចកវិទ្យាឌីជីថលសម្រាប់កម្ពុជាគឺជារឿងចាំបាច់ និងសមស្របបំផុត នៅក្នុងបរិបទពិភពលោកកំពុងប្រើប្រាស់ឌីជីថលយ៉ាងសកម្មទាំងក្នុងវិស័យរដ្ឋបាល ជំនួញ ហិរញ្ញវត្ថុ អភិបាលកម្ម និងវិស័យផ្សេងៗទៀត ជាពិសេសមានទាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យាផង។
លោកបញ្ជាក់ថា៖ «ខ្ញុំយល់ថា កម្រិតយល់ដឹងផ្នែកឌីជីថលនៅកម្ពុជា មិនអន់ប៉ុន្មានទេ ប៉ុន្តែចំនួនមនុស្សដែលយល់ដឹងពីបច្ចេកវិទ្យាឌីជីថលមិនទាន់សូវមានច្រើន។ ដូច្នេះ ធ្វើយ៉ាងម៉េច យើងត្រូវបង្កើនធនធានមនុស្សរបស់កម្ពុជាយើងឱ្យច្រើនក្នុងផ្នែកនេះ»។
លោកបានបន្ថែមថា គេត្រូវវិនិយោគលើការលើកកម្ពស់ការយល់ដឹងផ្នែកឌីជីថលទាំងក្នុងស្ថាប័នរដ្ឋ ឯកជន និងសម្រាប់ប្រជាពលរដ្ឋទូទៅ ដើម្បីឱ្យផ្នែកពាក់ព័ន្ធអាចធ្វើកិច្ចសហការនឹងគ្នាបានល្អលើផ្នែកឌីជីថល។ ក្រៅពីនោះគេត្រូវបង្កើនសមត្ថភាពធនធានមនុស្ស ជាមួយធនធានសម្ភារដោយហេតុបច្ចេកវិទ្យាឌីជីថលទាមទារត្រូវមានឧបករណ៍ប្រើប្រាស់ទំនើបដើម្បីដំណើរការ សេវាអ៊ីនធឺណិតល្អ គ្របដណ្តប់គ្រប់ខេត្ត-ក្រុង។
សូមជម្រាបថា រដ្ឋាភិបាលធ្លាប់បានចេញនូវក្របខ័ណ្ឌគោលនយោបាយ ពាក់ព័ន្ធមួយចំនួនរួចមកហើយតួយ៉ាងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥ ក្របខ័ណ្ឌគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣០ និងគោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០៕