ភ្នំពេញៈ អង្គប្រជុំព្រឹទ្ធសភានៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ បានពិនិត្យនិងឱ្យយោបល់ឯកភាពទាំងស្រុងទៅលើសេចក្តីព្រាង ក្រមបរិស្ថាន និងធនធានធម្មជាតិ ហើយបានអនុម័តឥតកែប្រែក្នុងសំឡេងចំនួន ៦០ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមការដឹកនាំរបស់លោក សាយ ឈុំ ប្រធានព្រឹទ្ធសភាដែលអង្គប្រជុំមានវត្ដមានសមាជិកព្រឹទ្ធសភាចំនួន ៦០ រូប។ នេះបើតាមហ្វេសប៊ុករបស់ព្រឹទ្ធសភាកម្ពុជា Senate of Cambodia នៅថ្ងៃទី ១៣ ខែមិថុនា។
សេចក្តីព្រាងក្រមនេះ តាក់តែងឡើងមានគោលបំណង ដើម្បីប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្មឱ្យមានភាពជាក់ស្តែងនិយមសង្គតិភាព វិសាលភាព ទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីចង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារ និងតួនាទី ភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិស្របទៅនឹងបរិបទរីកចម្រើននៃសង្គមកម្ពុជាថ្មី។ នេះបើតាមការផ្សាយលើហ្វេសប៊ុកក្រសួងបរិស្ថានថ្ងៃទី ១៣ ខែមិថុនា។
ប្រភពដដែលបញ្ជាក់ថា សេចក្តីព្រាងក្រមនេះមានគុណប្រយោជន៍ជាច្រើនដូចជា៖ ជួយពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ អភិរក្ស និងការស្តារឡើងវិញនូវធនធានធម្មជាតិ ជីវចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព។ ច្បាប់នេះក៏មានប្រយោជន៍ដល់ការកំណត់ទិសដៅរួមជាយុទ្ធសាស្ត្រ សម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ។
ក្រសួងបរិស្ថានបញ្ជាក់ថា៖ «ក្រមនេះមានប្រយោជន៍ដល់ការពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ក្នុងការចូលរួមកាន់តែប្រសើរជាងមុននៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះតាមរយៈការបង្កើត និងការគោរពនូវទំនាក់ទំនងនៃមុខងាររបស់ក្រសួង ស្ថាប័ននិងមជ្ឈដ្ឋានសង្គមទាំងអស់»។
បន្ថែមលើនេះក្រមនេះក៏បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តបេសកកម្មគ្រប់គ្រង ការពារ អភិរក្ស និងស្តារឡើងវិញនូវធនធានធម្មជាតិ ជីវចម្រុះ បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ សំដៅធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចូលរួមថែរក្សានូវភាពរុងរឿងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់ផងដែរ។ ជាមួយគ្នានោះ ក្រមបរិស្ថាននេះនឹងផ្តល់ជាយន្តការជំរុញ និងលើកកម្ពស់ការយល់ដឹង និងការស្រាវជ្រាវអំពីបរិស្ថានដល់គ្រប់មជ្ឈដ្ឋានសង្គមទាំងអស់តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលទាំងយន្តការក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
ហ្វេសប៊ុកក្រសួងបរិស្ថានសរសេរថា៖ «ក្រមនេះដើរតួជាបទប្បញ្ញត្តិគោលមួយដ៏រឹងមាំសម្រាប់មន្ត្រីអនុវត្តច្បាប់ ជាពិសេសមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងមន្ត្រីអនុវត្តច្បាប់នៃក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធទាំងអស់»។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ១២ គន្ថី និង ៨៦៥ មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ៩៨ សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣ នាសម័យ ប្រជុំរដ្ឋសភាលើកទី ៩ នីតិកាលទី ៦។
ក្រមបរិស្ថាន និងធនធានធម្មជាតិត្រូវដាក់ឆ្លងបញ្ចប់នៅព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ ដែលតាមរយៈក្រមបរិស្ថាននេះគឺតម្រូវឱ្យមានការបង្កើតជាសហគមន៍ដើម្បីឱ្យប្រជាពលរដ្ឋ រៀនធ្វើការងារជាមួយគ្នា រៀនចុះសម្រុងគ្នាដើម្បីបងប្អូនក្នុងសហគមន៍អាចពិភាក្សាគ្នាឯកភាពដកហូតយកធនធានពីក្នុងព្រៃប្រើប្រាស់ និងការពារធនធានធម្មជាតិដើម្បីបង្កើនជីវភាពប្រជាសហគមន៍ត្រឹមត្រូវស្របតាមច្បាប់។ នេះបើតាមការថ្លែងរបស់លោកសាយ សំអាល់ តាមរយៈវីដេអូខ្លីដែលបង្ហោះលើហ្វេសប៊ុកក្រសួងបរិស្ថាននៅថ្ងៃទី ១០ ខែមិថុនា។
លោកបានបន្តថា តាមរយៈច្បាប់ក្រមបរិស្ថាននេះ ក៏មានការបើកទូលាយឱ្យមានការចិញ្ចឹមសត្វព្រៃដូចជាប្រើសឬឈ្លូសជាដើម ក្នុងសហគមន៍បានផងដែរ។លោកថា តំបន់ការពារជាសសរកន្លោងទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាសហគមន៍ ហេតុនេះទើបត្រូវរៀបចំឱ្យមានសហគមន៍។
លោកបានថ្លែងថា៖ «ច្បាប់ចង្អុលទៅអ៊ីចឹង ព្រោះតែយើងចង់ឱ្យបងប្អូនគ្រប់គ្រងតំបន់ហ្នឹងខ្លួនឯង ប៉ុន្តែទន្ទឹមហ្នឹងបងប្អូនត្រូវមានជារចនាសម្ព័ន្ធជាសហគមន៍ដែលទទួលសម្បទាផ្នែកច្បាប់ទទួលស្គាល់ដោយក្រសួងបរិស្ថានទទួលស្គាល់ដោយរាជរដ្ឋាភិបាលស្របច្បាប់»៕