ភ្នំពេញៈ រាជរដ្ឋាភិបាលបានប្រកាសផ្ដល់របបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានាឱ្យពួកគេអាចកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នេះបើតាមសេចក្ដីប្រកាសរាជរដ្ឋាភិបាលចុះថ្ងៃទី ១២ មិថុនា ឆ្នាំ ២០២៣។
សេចក្ដីប្រកាសឱ្យដឹងថា ក្នុងបរិការណ៍នៃសុខសន្ដិភាព និងស្ថិរភាពនយោបាយ រាជរដ្ឋាភិបាលតែងតែងគិតគូរយ៉ាងហ្មត់ចត់អំពីសុខុមាលភាពរបស់ប្រជាជនគ្រប់រូប ដោយឈរលើគោលនយោបាយ «មិនបោះបង់ពលរដ្ឋណាម្នាក់» ឡើយ។
ជាមួយនឹងការគិតគូរនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវអន្តរាគមន៍គាំពារសង្គមនានា ក្នុងគោលបំណងធានាឱ្យបាននូវសន្ដិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅកាត់បន្ថយ និងទប់ស្កាត់ការធ្លាក់ចុះក្នុងភាពក្រីក្រជាអតិបរមា ជូនប្រជាជនគ្រប់រូប។
ប្រភពដដែលបញ្ជាក់ថា៖ «ជាពិសេសដល់ស្ត្រីដែលបម្រើការនៅតាមរង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្គាឌិន កន្លែងម៉ាស្សា និងស្ប៉ា ស្របតាមលិខិតបទដ្ឋានគតិយុត្ដជាធរមានដែលរដ្ឋនឹងរ៉ាប់រងនូវចំណាយទាំងស្រុង»។
ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានក្នុងវិស័យសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវរៀបចំបញ្ជីឈ្មោះបុគ្គលបម្រើការ ក្នុងសេវាកម្មនេះ ដើម្បីបញ្ជូនទៅរដ្ឋបាលរាជធានី-ខេត្ត ឬក្រុង/ស្រុក/ខណ្ឌ ផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវ មុននឹងស្នើទៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដើម្បីចុះបញ្ជីឱ្យពួកគាត់អាចទៅទទួលយកអត្ថប្រយោជន៍ក្រោមកញ្ចប់មូលនិធិសមធម៌សុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈនៅទូទាំងប្រទេសដោយឥតបង់ថ្លៃ។
ជុំវិញរឿងនេះលោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា ថ្លែងថា កន្លងមកសម្រាប់វិស័យទេសចរណ៍ ការទទួលបានរបបថែទាំសុខភាព គ្រោះថ្នាក់ការងារ និងរបបសោធននិវត្តន៍ គឺមានអ្នកបម្រើការក្នុងវិស័យនេះមួយចំនួនបានទទួលហើយនូវរបបកិច្ចគាំពារសង្គមរបស់ ប.ស.ស។
ប៉ុន្តែមួយចំនួនទៀតនៅមិនទាន់បានទទួលនៅឡើយ ដោយសារតែថៅកែឬសហគ្រាសរបស់ពួកគាត់មិនទាន់ចុះឈ្មោះពួកគាត់ក្នុងបញ្ជីជាមួយ ប.ស.ស នៅឡើយ ខណៈសម្រាប់វិស័យសេវាកម្សាន្តវិញកន្លងមកគឺមិនទាន់មាននោះទេ ក្នុងការផ្ដល់របបថែទាំសុខភាពនេះ។ «អ៊ីចឹង! ខ្ញុំមើលឃើញថា ប្រសិនជារាជរដ្ឋាភិបាលផ្ដល់របបថែទាំសុខភាព ២៤ ម៉ោង ខ្ញុំគិតថា វាល្អមែនទែន សម្រាប់ពួកគាត់ដែលធ្វើការនៅក្នុងវិស័យសេវាកម្មនេះ»៕