ភ្នំពេញៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំពិព័រណ៍ការងារ និងមគ្គុទេសក៍អាជីព ចំនួន ២ ថ្ងៃ ដែលពិព័រណ៍នេះនឹងផ្តល់ឱកាសការងារសរុបប្រមាណ ៤ ៥០០ កន្លែង មកពីក្រុមហ៊ុនធំៗចំនួន ២៥ ក្រុមហ៊ុន។
យោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានឱ្យដឹងថា «ពិព័រណ៍ការងារ និងមគ្គុទេសក៍អាជីព» ដែលមានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ (ILO ) បានចាប់ផ្តើមកាលពីថ្ងៃទី ១៣ និងបញ្ចប់នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលម៉ានី នៃអគារ KAMPUS ជិតស្ពានអាកាសក្បាលថ្នល់ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ ល្ងាច។
ក្នុងពិធីបើកពិព័រណ៍នេះ លោកស្រី ឌី ចង្កុលណី អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានលើកឡើងថា ពិព័រណ៍ការងារ និងមគ្គុទេសក៍អាជីពនេះជាផ្នែកមួយនៃយន្តការផ្ដល់សេវាការងាររបស់រាជរដ្ឋាភិបាល ដែលផ្ដល់ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)។
លោកស្រីថ្លែងថា៖ «នេះគឺជាឆ្នាំទី ២ នៃការរៀបចំពិព័រណ៍ការងារ និងមគ្គុទេសក៍អាជីព ដែលព្រឹត្តិការណ៍នេះ នឹងបង្កើតបរិយាកាសប្រកបដោយភាពសកម្ម និងភាពឆ្លើយតបទាន់ពេលវេលា សំដៅពង្រីកវិសាលភាពការងារ និងការស្រូបយកកម្លាំងពលកម្មដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យ»។
លោកស្រី ឌី ចង្កុលណី បានបន្ថែមថា គោលបំណងសំខាន់បំផុតនៃពិព័រណ៍ការងារនេះ គឺការបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការការងារ ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារ។
តំណាងអង្គការអន្តរជាតិខាងការងារ (ILO) លោក លីវ យូតុង បានលើកឡើងដោយបានចាត់ទុកពិព័រណ៍ការងារ និងមគ្គុទេសក៍អាជីពនេះ គឺជាឱកាសដ៏ល្អប្រសើរសម្រាប់អ្នកស្វែងរកការងារធ្វើ ជាពិសេសយុវជន។
លោកថ្លែងថា៖ «ការងារ និងអាជីព គឺជាសមាសធាតុដ៏មានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប ហើយក៏ជារឿងដ៏សំខាន់ដែលអង្គការ ILO កំពុងយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងផងដែរ»។
លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញថ្លែងថា ទីផ្សារការងារកម្ពុជាបច្ចុប្បន្នកំពុងត្រូវការកម្លាំងពលកម្មជាច្រើនជាក់ស្តែងក្នុងរយៈពេល ២ ថ្ងៃនេះ ឱកាសការងារមានរហូតដល់ ៤ ៥០០ កន្លែង ត្រូវបានរៀបចំសម្រាប់ផ្តល់ដល់យុវជន។
លោកថា៖ «យុវជន ត្រូវខិតខំសិក្សារៀនសូត្រក្រេបយក ចំណេះជំនាញឱ្យបានច្បាស់លាស់ ដើម្បីចាប់យកឱកាសការងារដែលមានច្រើនសម្បូរបែបនេះ»។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុនធំៗចំនួន ២៥ ដែលចូលរួមក្នុងពិព័រណ៍ការងារ និងមគ្គុទេសក៍អាជីពនេះ មកពីវិស័យសំខាន់ៗដូចជា ធនាគារ និងធានារ៉ាប់រង លក់ដុំ និងលក់រាយ ព័ត៌មានវិទ្យា និងទំនាក់ទំនងអេឡិចត្រូនិក ផលិតទុយោផលិតចំណីសត្វ បណ្តុះបណ្តាល និងសេវាកម្មផ្សេងៗ។
សូមរំឭកថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចាប់ផ្ដើមរៀបចំពិព័រណ៍ការងារថ្នាក់ជាតិធំជាងគេលើកទី១ នៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១១ និងបន្តរៀបចំជារៀងរាល់ឆ្នាំរហូតដល់បច្ចុប្បន្ន ដែលសម្រាប់ឆ្នាំ ២០២៣ នេះ នឹងគ្រោងរៀបចំ នៅថ្ងៃទី ១០-១១ ខែវិចិ្ឆកា នៅកោះពេជ្រ៕