ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកទឹកចិត្តលោក សាន សុជា ដែលទើបសឹកពីផ្នួសឱ្យបន្តការផ្សព្វផ្សាយអប់រំចិត្តតាមគន្លងព្រះធម៌នៃព្រះសម្មាសម្ពុទ្ធបន្តទៀត ខណៈកម្ពុជាកំពុងត្រូវការអ្នកមានការចេះដឹងធម៌អាថ៌ត្រឹមត្រូវក្នុងការជួយអប់រំពលរដ្ឋក្នុងសង្គមជាតិ ដើម្បីរក្សាសន្តិភាពនិងការរីកចម្រើន។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថ្លែងបែបនេះក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន ៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៣។
លោកថ្លែងថា៖ «យើងក៏ត្រូវការដើម្បីឱ្យព្រះសង្ឃដែលលាចាកសិក្ខាបទហើយដែលមានចេះធម៌អាថ៌ត្រឹមត្រូវបន្តជួយទៅដល់ការអប់រំសង្គមអប់រំផ្លូវចិត្ត ដើម្បីធ្វើយ៉ាងម៉េចប្រើប្រាស់នូវធម៌អាថ៌ខ្លះ សម្រាប់ការរក្សាសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសការកសាងអំពើល្អនៅក្នុងចំណោមប្រជាជនរបស់យើង»។
លោក សាន សុជា ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសមនាព្រឹក ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ នៅភូមិគ្រឹះរបស់លោកនៅក្រុងតាខ្មៅ។ តាមរយៈការថ្លែងពីតំបន់ព្រៃស្ពឺលោក ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបកាលពីថ្ងៃទី១៣ ខែមិថុនានោះ លោក សាន សុជា មកស្វែងរកការគាំទ្រ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីមិនបានបញ្ជាក់ច្បាស់ថាស្វែងរកការគាំទ្រលើកិច្ចការងារអ្វីឱ្យប្រាកដនោះទេ។
លោក សាន សុជា បានសឹកលាចាកសិក្ខាបទនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។ ក្រោយលាចាកសិក្ខាបទបាន១ថ្ងៃ លោកបាន បញ្ចេញចម្រៀង១បទ ក្រោមចំណងជើងថា «សុំម្តាយលាសិក្ខា» ដែលបទនោះនិពន្ធនិងច្រៀងដោយខ្លួនលោកផ្ទាល់។ លោកបានប្រើជីវិតជាគ្រហស្ថដោយទទួលទានអាហារជួបជុំគ្រួសារ ទៅផ្សារ និងចូលរួមកម្មវិធីផ្សេងៗក្នុងសង្គម។ យ៉ាងណាលោក សាន សុជា បញ្ជាក់ថា ទោះបីជាលោកបានលាចាកពីសិក្ខាបទ ប៉ុន្តែលោកនៅតែបន្ត ការផ្សព្វផ្សាយអប់រំផ្លូវចិត្តតាមធម៌ព្រះពុទ្ធបន្តទៀត។
តាមរយៈកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ SBS khmerដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១២ ខែមិថុនា លោកសាន សុជា បានលើកឡើងថា ក្រៅពីការផ្សព្វផ្សាយអប់រំចិត្តតាមផ្លូវធម៌ព្រះពុទ្ធ លោកនឹងធ្វើការងារលក្ខណៈឯកជនបន្ថែមទៀតសម្រាប់ការរស់ដោយបង្កើតជាមុខរបរផ្ទាល់ខ្លួនបង្កើតជាកញ្ចប់មេរៀនផ្សេងបន្ថែមទៀតតាមប្រព័ន្ធអនឡាញ។ លោកថ្លែងថា៖«អ្វីដែលខ្ញុំគ្រោងនឹងបង្កើតគឺនៅតែពាក់ព័ន្ធនឹងការអប់រំដដែល មានព្រះធម៌ជាមូលដ្ឋាន ប៉ុន្តែអាស្រ័យបច្ចេកវិទ្យាថ្មី និងវិធីសាស្ត្រថ្មីឱ្យទំនើបជាងកាលនៅជាលោកបន្តិច»។
ក្រោយបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកសាន សុជា បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា អ្នកដែលជ្រះថ្លានឹងព្រះធម៌ដែលលោកបង្រៀនឬសម្តែងពន្យល់ពិតប្រាកដ ពួកគាត់ប្រាកដជាយល់ច្បាស់ថាលោកជាមនុស្សបែបណាមិនខាន។ អ្នកទាំងនោះមិនអាចងាករេចិត្តចេញពីព្រះធម៌ ព្រោះតែការងារផ្ទាល់ខ្លួនរបស់លោកឡើយ ដោយសារពួកគាត់បានទទួលប្រយោជន៍អំពីព្រះធម៌រួចទៅហើយ។
លោកសរសេរលើហ្វេសប៊ុកថា៖«ពួកគាត់ពិតជាមិនខឹងសម្បានឹងជីវិតឯកជនរបស់ខ្ញុំឡើយ ទឹកចិត្តរបស់ពួកគាត់ មានតែព្រួយបារម្ភពីសុខទុក្ខរបស់ខ្ញុំ នឹងរង់ចាំចូលរួមក្នុងដំណើរធម្មទានរបស់ខ្ញុំតទៅមុខទៀតប៉ុណ្ណោះ»។
លោកបញ្ជាក់ថា ការរស់នៅក្នុងសង្គមត្រូវមានទំនាក់ទំនងល្អ។ ការជួបគឺជាការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក សូម្បីព្រះសម្មាសម្ពុទ្ធក៏ធ្លាប់យាងទៅជួបព្រះរាជា ឬសេនាបតីដែរ មិនមែនការជួបសុទ្ធតែកើតចេញពីចិត្តកខ្វក់ឡើយ។
លោកបញ្ជាក់ថា៖«កាលពីដើមឆ្នាំ ខ្ញុំបានទៅជួបសម្តេចប៉ាប មិនមែនព្រោះខ្ញុំដូរសាសនាទើបទៅជួបបាននោះទេ គ្រាន់តែជាការបង្កើនមិត្តភាពរវាងអ្នកគោរពសាសនាប៉ុណ្ណោះ ខ្ញុំនៅតែជាខ្ញុំ ខ្ញុំនៅតែគោរពដើរតាមមាគ៌ាព្រះសម្មាសម្ពុទ្ធដដែល»៕