ភ្នំពេញៈ មជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល បន្តអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានច្រើនកុះករដើម្បីជួយសង្គ្រោះជីវិតមនុស្ស ខណៈការបរិច្ចាគនាពេលបច្ចុប្បន្ននៅទូទាំងប្រទេសនៅមានកម្រិតតិចតួចនៅឡើយមិនទាន់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងស្តង់ដារបស់អង្គការសុខភាពពិភពលោក។
ការអំពាវនាវជាថ្មីនេះ ធ្វើឡើងនៅពេលដែលកម្ពុជាប្រារព្ធទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមនៅថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង, ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមលោក សុខ ប៉ូ និងមានការចូលរួមពីមន្ត្រីរាជការ យុវជន សិស្សានុសិស្ស ជាច្រើននាក់ទៀត។
ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីអបអរសាទរ និងថ្លែងអំណរគុណជាអនេកកប្បការដល់សប្បុរសជនបរិច្ចាគឈាមដោយស្ម័គ្រចិត្តទាំងអស់ ព្រមទាំងលើកទឹកចិត្តឱ្យ យុវជន យុវនារី ក្លាយជាអ្នកបរិច្ចាគឈាមថ្មីកាន់តែច្រើនឡើង ដោយអ្នកមានសុខភាពល្អគួរបន្តបរិច្ចាគឈាមឱ្យបានទៀងទាត់ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺគ្រប់ប្រភេទ។
លោក សុខ ប៉ូ ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមនិងមន្ត្រីរាជការបុគ្គលិកទាំងអស់ ស្វាគមន៍ចំពោះសប្បុរសជនទាំងអស់ដែលបានធ្វើអំណោយទានសម្រាប់ជីវិត និងធ្វើសកម្មភាពគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះដោយក្តីសប្បុរស។
លោកបានឱ្យដឹងថា ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ ២០២២ កន្លងមក ចំនួនអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានតែ ០,៦២ ភាគរយ ប្រៀបធៀបជាមួយនឹងប្រជាជនសរុបប្រមាណ ១៧លាននាក់ក្នុងប្រទេសកម្ពុជា ហើយយើងត្រូវការឈាម១ប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៦នាទីម្តង។
លោក សុខ ប៉ូ បានបន្តថាជាទូទៅការបរិច្ចាគឈាមមានកំណើន ប៉ុន្តែកំណើននេះមិនទាន់ឆ្លើយតបទៅនឹងតម្រូវការដោយសារតម្រូវការឈាមមានកំណើនរហូតដល់ជិត ២០ ភាគរយ ហើយអ្នកបរិច្ចាគដោយស្ម័គ្រចិត្តនៅមានចំនួនតិចនៅឡើយ។
លោកបានថ្លែងថា៖ «បើតាមស្តង់ដារបស់អង្គការសុខភាពពិភពលោកយើងត្រូវតែមានប្រជាពលរដ្ឋស្មើនឹង ១ ភាគរយនៃប្រជាពលរដ្ឋសរុបបរិច្ចាគឈាម មានន័យថា ១៧ លាននាក់ ទាល់តែយើងមានអ្នកចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ១ សែន ៧ ម៉ឺននាក់ ទើបការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ប៉ុន្តែស្ថានភាពបច្ចុប្បន្នយើងមានតែ ០,៦២ ភាគរយ អ៊ីចឹង!ឃើញថាយើងនៅមានខ្វះចន្លោះខ្លាំង នៅខ្វះជាង ៤០ ភាគរយទៀត ដើម្បីឱ្យមានឈាមគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់នៅទូទាំងប្រទេស»។
លោកថ្លែងថា ការបរិច្ចាគឈាមមិនទាន់គ្រប់គ្រាន់នេះ ដោយសារកត្តាប្រជាពលរដ្ឋមិនទាន់ជ្រួតជ្រាបពីសារៈសំខាន់នៃការផ្តល់ឈាម ការផ្តល់ឈាមមានអត្ថប្រយោជន៍៣សំខាន់ៗទី១ សម្រាប់បុគ្គលខ្លួនឯង គឺកាត់បន្ថយមហារីក ការខ្វះជាតិដែក ជាពិសេសធ្វើឱ្យសរសៃឈាមក្នុងខ្លួនរត់បានស្រួល ទី២ ជួយសង្គម និងទី៣ បានបុណ្យច្រើនក្នុងវិស័យពុទ្ធសាសនា។
បើតាមលោក សុខ ប៉ូ តម្រូវការឈាមជាប្រចាំថ្ងៃសរុបប្រមាណ ៣០០ទៅ ៣៥០ប្លោកនៅរាជធានីភ្នំពេញ ហើយតម្រូវការទូទាំងប្រទេសប្រមាណជិត ១១ម៉ឺនប្លោក ដែលលើសពីឆ្នាំមុនៗ ១៥ភាគរយ។ ក្នុងនោះមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជិត ៧៥ភាគរយនៅទូទាំងប្រទេស ចំណែកការទទួលឈាមបានតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃឆ្លើយតបបានត្រឹម ១៥ភាគរយ ដូច្នេះការផ្ដល់ឈាមជំនួសដោយក្រុមគ្រួសារអ្នកជំងឺមានរហូតដល់ ៨៥%ដើម្បីឆ្លើយតបទៅតាមតម្រូវការ។ ខណៈដែលប្រទេសជិតខាងមានអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តផ្គត់ផ្គង់រហូតដល់លើសពី៩០ភាគរយនៃតម្រូវការ។
លោក សុខ ប៉ូ ថ្លែងដោយ អំពាវនាវដល់ជនរួមជាតិទាំងអស់ឱ្យមានការចូលរួមក្នុងកិច្ចបរិច្ចាគឈាមដោយស្ម័គ្រចិត្តឱ្យបានច្រើនកុះករ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺនៅតាមមន្ទីរពេទ្យដែលត្រូវការឈាម ព្រោះអ្នកជំងឺខ្លះត្រូវការឈាមជាប្រចាំតែម្តង។ លោកបន្ថែមទៀតថា៖«ខ្ញុំសូមបញ្ជាក់ថាយើងចូលរួមទប់ស្កាត់ណាស់ចំពោះអ្នកខិលខូច ឆ្លៀតឱកាសយកសេវាកម្មជាតិផ្តល់ឈាមនេះធ្វើជាអាជីវកម្មរបស់ខ្លួន យើងនឹងចូលរួមទប់ស្កាត់កម្រិតខ្ពស់បំផុត ហើយយើងនឹងចាត់វិធានការក្តៅចំពោះអ្នកខិលខូចទាំងនោះនៅឆ្នាំខាងមុខនេះ»។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានថ្លែងថា ការផ្តល់ឈាមជាអំពើមួយដ៏ល្អព្រោះពិតជាបានជួយសង្គ្រោះជីវិតមនុស្ស ឬបងប្អូនមិត្តភក្តិជាទីស្រឡាញ់របស់យើងបាន។
លោកបានថ្លែងថា៖«ដូច្នេះការចូលរួមបរិច្ចាគឈាមគឺជាសកម្មភាពដ៏ល្អប្រពៃដែលប្រជាជនទូទៅ ជាពិសេសយុវជន យុវនារី ត្រូវចូលរូមផ្តល់ឈាមស្ម័គ្រចិត្តឱ្យបានច្រើន ដើម្បីជួយសង្គ្រោះជនរងគ្រោះទាំងឡាយដែលត្រូវការឈាម»។
លោក ម៉ម ប៊ុនហេង បានបន្តថា៖ «លើសពីនេះខ្ញុំយល់ឃើញថា ចលនានៃការចូលរួមរបស់យុវជន សិស្ស និស្សិត សិល្បករ បុគ្គលិក ក្រុមហ៊ុនឯកជន មន្ត្រីរាជការ ការបរិច្ចាគឈាមបានបង្កើតបានជាវប្បធម៌ដ៏ល្អមួយសម្រាប់សង្គមរបស់យើង»។
លោកគូសបញ្ជាក់ថា ការបន្តយុទ្ធនាការនៃការផ្តល់ឈាមនេះបានរួមចំណែកធ្វើឱ្យការផ្តល់សេវាសុខាភិបាលកាន់តែមានភាពល្អប្រសើរឡើង។
ដើម្បីធានាការផ្គត់ផ្គង់ឈាម និងផលិតផលឈាម ឆ្លើយតបទៅតាមសេចក្តីត្រូវការរបស់អ្នកជំងឺបានគ្រប់ពេលវេលា ក្រសួងសុខាភិបាលក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋបន្តចូលរួមបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅរាជធានីខេត្តទាំង២៥ និងតាមក្រុមចល័តចុះទទួលអំណោយឈាម នៅតាមស្ថាប័ន អង្គភាព សាកលវិទ្យាល័យវិទ្យាល័យ ក្រុមហ៊ុនឯកជន ..ឱ្យបានច្រើនកុះករបន្ថែមទៀត៕