ភ្នំពេញៈ ​មេធាវី​រាជរ​ដ្ឋាភិ​បាល​កម្ពុជា​បាន​សម្រេច​ដក​ពាក្យ​បណ្តឹង​ដែល​បាន​ប្តឹង​លោក ស សា​ឡុង​ដេ​ត អតីត​សមា​ជិក​គណៈ​កម្មាធិ​ការ​នាយក​គណ​បក្ស​ភ្លើង​ទៀន​ បន្ទាប់​ពី​លោក​បាន​ចេញ​វីដេអូ​ទទួល​ស្គាល់​កំហុស​លើ​ការ​រិះគន់​ការរៀប​ចំ​ការប្រ​កួត​កីឡា​អាស៊ី​អាគ្នេ​យ៍(ស៊ីហ្គេម)​លើក​ទី​៣២​ ឆ្នាំ​ ២០២៣ ​និង​សុំ​ទោស​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ជា​សា​ធារណៈ​ព្រម​ទាំង​ស្នើ​សុំ​ចូលរួម​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ផងដែរ​។​

​យោង​តាម​លិខិត​សុំ​ដក​ពាក្យ​បណ្តឹង​របស់​លោក​វិច​សុ​វាចា​មេធាវី​រាជរដ្ឋា​ភិបាល​ចុះ​ថ្ងៃទី​ ១៣​ ខែមិថុនា​ បាន​ឱ្យដឹង​ថា ​ឈ្មោះ ស ​សា​ឡុង​ដេ​ត បាន​ចេញ​វីដេអូ​សុំ​ទោស​ទទួល​ស្គាល់​កំហុស​ចំពោះ​អំពើ​របស់​ខ្លួន​ដែល​បាន​និយាយ​ជា​មួយ​សមា​ជិក​ សមា​ជិកា​គណ​បក្ស​ភ្លើង​ទៀន​ដែល​ធ្វើ​ឱ្យ​មតិ​ជាតិ-​អន្តរ​ជាតិ​យល់​ច្រឡំ​លើ​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការប្រ​កួត​កីឡា​អាស៊ី​អាគ្នេ​យ៍លើក​ទី​៣២​ឆ្នាំ​២០២៣ (​គ​.​ជ​.​ប​.​អ​.)​។

​លោក​វិច សុ​វាចា បាន​លើក​ឡើង​តាម​រយៈ​លិខិត​នេះ​ថា៖ «​ដោយ​សា​រ​មាន​ការ​សុំទោស​និង​ទទួល​ស្គាល់​កំហុស​ពី​ឈ្មោះ ​ស សា​ឡុង​ដេ​ត ក្នុង​នាម​មេធាវី​ការពារ​និង​តំណាង​ឱ្យ​គ​.​ជ​.​ប​.​អ​. សូម​ធ្វើ​ការដក​ពាក្យ​បណ្តឹង​លើ​សំណុំរឿង​ព្រហ្ម​ទណ្ឌ​លេខ៣១៧៣ ចុះ​ថ្ងៃទី១២ ​ខែមិថុនា ឆ្នាំ​២០២៣ ​របស់​អយ្យ​ការ​អម​សា​លា​ដំបូង​រាជ​ធានី​ភ្នំពេញ​ពី​ពេល​នេះ​តទៅ​»​។​

​តាម​រយៈ​ឃ្លី​ប​វីដេអូដែល​មាន​រយៈ​ពេល​ជាង​២​នាទី​របស់លោក ​ស សា​ឡុង​ដេ​ត ដែល​បាន​ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​ន្ត្រី​ហ៊ុន ​សែន​លោក​បាន​សូម​ទោស​រាជ​រដ្ឋាភិ​បាល​ក៏ដូច​ជា​លោក​នាយក​រដ្ឋមន្ត្រី​ពាក់​ព័ន្ធ​នឹង​ការ​និយាយ​រិះគន់​របស់​លោក​លើ​ការរៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អា​គ្នេ​យ៍​លើក​ទី​៣២ នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សង្កាត់​របស់​គណប​ក្ស​ភ្លើង​ទៀន​នៅរាជធានី​ភ្នំពេញ​បាន​ធ្វើឱ្យ​មតិ​ជាតិ​និង​អន្តរ​ជាតិ​មានកា​រ​យល់​ច្រឡំ​។​

​លោក​បាន​ថ្លែងថា​៖«​ខ្ញុំ​សូម​អភ័យ​ដល់​រាជរដ្ឋាភិ​បាល​ទាំង​មូល​ដែល​បាន​និយាយ​ជ្រុល​ហួស​និង​ខ្ញុំ​សូម​អភ័​យទោស​សម្តេច​តេ​ជោ​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​កន្លង​មក​»​។

​លោក​ ស សា​ឡុង​ដេ​ត បាន​បន្តថា៖ «​ក្នុ​ងនាម​ខ្ញុំ​ជា​ប្រធាន​គណៈ​កម្មការ​ប្រតិប​ត្តិ​រាជ​ធានី​ភ្នំពេញ​ក៏ដូចជា​សមាជិក​គណៈក​ម្មកា​រ​នាយក​របស់​គណ​បក្ស​ភ្លើង​ទៀន​ចាប់​ពីពេល​នេះ​ទៅ​ខ្ញុំ​លា​ឈប់​ពី​គណៈ​កម្មការ​នាយក​ក៏ដូចជា​​លា​ឈប់​ពី​ប្រធាន​ប្រតិ​បត្តិ​គណ​បក្ស​ភ្លើង​ទៀន​រាជ​ធានី​ភ្នំពេញ​ក៏​ដូច​ជាការ​ផ្តាច់​ខ្លួន​ពី​បុគ្គល​សម ​រង្ស៊ី​ចាប់​ពី​ពេល​នេះ​តទៅ​»​។​

​ជា​មួយ​គ្នានេះ​​លោក​ក៏បាន​ស្នើសុំ​​លោកនា​យក​រដ្ឋមន្ត្រី​ហ៊ុនសែន​ដែល​ជា​ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ចូលរួម​ជីវភាព​នយោ​បាយ​ជា​មួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ដើម្បី​មាន​ឱកាស​បម្រើ​ការងារ​ប្រទេស​ជាតិ​ចាប់​ពីពេ​លនេះ​តទៅ​ផង​ដែរ​។​

ក្រោយពី​ទទួល​បាន​វី​ដូ​អូ​ឃ្លី​ប​នេះ​ភ្លាម​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​បាន​សរសេរ​លើ​បណ្តាញ​តេ​ឡេ​ក្រាម​របស់​លោក​ថា​៖ «​ដោយ​ដឹង​នូវ​កំហុស​លោក​ស សា​ឡុង​ដេ​ត​បាន​ធ្វើការ​សុំទោស ដោ​យ​សា​មី​ខ្លួន​បានដឹង​កំហុស​និង​បាន​សុំទោ​ស​ជា​សាធារ​ណៈ​ខ្ញុំ​ស្នើ​សុំ​ដល់​ក្រសួង​យុត្តិធម៌​ធ្វើការ​ជាមួយ​ដើម​បណ្តឹង​និង​តុលា​ការ​ដើម្បី​បញ្ចប់​រឿង​ក្តី​នេះ​តាម​វិធី​ដែល​អាច​ធ្វើ​ទៅ​បាន​ដូច​ជា​ការ​ដក​ពាក្យ​បណ្តឹង​ឬ​លើក​លែង​ការ​ចោទ​ប្រកាន់​»​។​

​សូម​រំឭក​ថា​មុន​ឈាន​ដល់​ការ​លើក​លែង​ការចោទ​ប្រកាន់​នេះ​នៅក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃទី១៣ ​ខែមិថុនា លោក ហ៊ុនសែន​បាន​ប្រកាស​ហៅ​លោក​ស សា​ឡុង​ដេត​ ឱ្យមក​ផ្ទះ​វិញ​ជា​បន្ទា​ន់ ក្រោយពេ​ល​បុគ្គល​រូប​នេះ​ព្យា​យាម​រត់​ទៅ​ប្រទេស​ថៃ​តាម​ច្រក​អន្តរ​ជាតិ​ថ្ម​ដារ​ព្រំប្រទល់​ខេត្ត​ពោធិ៍​សាត់​និង​ច្រក​ចាំ​យាម​ខេត្ត​កោះ​កុង​។​

​ជា​មួយ​គ្នា​នោះ​លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​ដាក់​បទ​បញ្ជា​ឱ្យ​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​កម្ពុជា ត្រូវ​ចាប់​ខ្លួន​ព្រោះ​បុគ្គល​នេះ ​មាន​ដីកា​តុលា​ការ​ បើសិន​រូប​គេ​មិន​ព្រម​ត្រឡប់​មក​ផ្ទះ​វិញដោយ​ខ្លួន​ឯង​។​

​សូម​រំឭក​ដែរ​ថា គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការប្រ​កួត​កីឡា​ស៊ី​ហ្គេម​អាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣​ បានចោទ លោក​ស សា​ឡុង​ដេ​ត បាន​និយាយជា​សាធា​រណៈ​ក្នុង​កិច្ច​ប្រជុំ​ថា៖ «​ស៊ី​ហ្គេម ​រៀបចំ​ដោយ​ គ​.​ជ​.​ប​.​អ ទាំង​មូល​មិន​ដែល​បាន​បង្ហាញ​ពី​វប្បធម៌ ពី​ប្រពៃ​ណី បង្ហាញ​ពី​សក្តានុ​ពល​នៃ​វប្បធម៌​សេដ្ឋ​កិច្ច​របស់​ជាតិ​ខ្មែរ​ទេ និង​មាន​មនុស្ស​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​បាន​ទៅ​មើល ​និង​អ្វីៗ​ជា​រឿង​ក្លែង​ក្លាយ​ទាំង​អស់​»​។

​ការ​លើក​ឡើង​ដូច​នេះ ​ត្រូវ​បាន​គ​.​ជ​.​ប​.​អ ​ឆ្លើយត​ប​វិញ​ថា ជា​ការ​ចោទប្រ​កាន់​បំផ្លើសខុសពី​ការ​ពិត​ទាំង​ស្រុង​៕