សីហនុៈ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ជំរុញឱ្យមានការចុះបញ្ជីដីធ្លីឱ្យបានរហ័សនិងមានប្រសិទ្ធភាព ដើម្បីមានតម្លាភាពក្នុងការគ្រប់គ្រងដីរដ្ឋឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅទប់ស្កាត់នូវការកាប់រានទន្ទ្រានដីព្រៃរបស់រដ្ឋ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោក គួច ចំរើន ថ្លែងបែបនេះក្នុងពេលដឹកនាំកិច្ចប្រជុំក្រុមការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានដីរដ្ឋ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។
លោកថ្លែងថា៖«បើយើងមិនបានចុះបញ្ជីឱ្យបានលឿននោះទេ វាអាចបង្កើតជាគោលដៅនៃការចូលកាន់កាប់ទន្ទ្រានដីរដ្ឋ ទន្ទឹមនោះក្រុមការងារត្រូវបំពេញការងារឱ្យបានម៉ឺងម៉ាត់ ដោយមិនប្រើអំពើរហឹង្សា ប្រកបដោយស្មារតីទទួលខុសត្រូវតាមជំនាញនីមួយៗបង្កើនការគ្រប់គ្រង»។
លោកភិបាលខេត្តព្រះសីហនុលើកឡើងថា ចំពោះយុទ្ធនាការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានដីរដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធត្រូវបង្កើនការតាមដានតាមជំនាញរៀងៗខ្លួន ក្នុងការគ្រប់គ្រងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ផ្អែកតាមអនុសាសន៍ដឹកនាំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះប្រជាពលរដ្ឋ គ្រប់អាជ្ញាធរ កម្លាំងអង្គភាពជំនាញទាំងអស់ត្រូវខិតខំធ្វើយ៉ាងណាយកការអប់រំជាធំ ដោយប្រើប្រាស់តាមវិធានរដ្ឋបាល ព្រោះនៅខេត្តព្រះសីហនុ មិនមានការកាប់ព្រៃយកឈើនោះទេ គឺជាការកាប់ព្រៃយកដី ការទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់។ នេះបើតាមការបញ្ជាក់របស់លោក គួច ចំរើន។
ថ្លែងបើកកិច្ចប្រជុំនោះ លោកអភិបាលខេត្ត បានឱ្យដឹងថា ក្រុមការងាររដ្ឋបាលខេត្តទើបចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានដីរដ្ឋ មួយករណីប្រកបដោយជោគជ័យ ហើយវិធានចំពោះមុខរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានត្រួតពិនិត្យ និងការគ្រប់គ្រងបទល្មើសធនធានធម្មជាតិ ការកាប់ទន្ទ្រានដីរដ្ឋនៅក្នុងភូមិសាស្ត្ររបស់ខ្លួនដោយការទទួលខុសត្រូវ។
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងបានដឹកនាំកម្លាំងចម្រុះបង្ក្រាបបទល្មើសដីព្រៃឈើនៅទីតាំងស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើក្រសាំង ស្រុករមាសហែក កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។ បេសកកម្មនេះ មានការចូលរួមពីសំណាក់លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក និងក្រុមការងារ អស់លោកលោកស្រី ក្រុមការងារថ្នាក់ស្រុក ឃុំត្រស់ និងអណ្តូងត្របែកនិងកងកម្លាំងទាំង៣ និងសមត្ថកិច្ចពាក់ព័ន្ធសរុបចំនួន៧៣នាក់។ នេះបើតាមហ្វេសប៊ុករដ្ឋបាលខេត្តស្វាយរៀងផុសថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
លោក ម៉ែន អេង បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ភូមិបុស្ស ឃុំត្រស់ បាននាំគ្នាទៅកាប់ឆ្ការដាំដុះ ដំឡូង កៅស៊ូ ចាប់យកដីរដ្ឋធ្វើចម្ការ កាប់ព្រៃឈើរបស់រដ្ឋដែលគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅឃុំត្រស់ ឃុំអណ្ដូងត្របែក បែបអនាធិបតេយ្យនេះបណ្តាលមកពីមកពីប្រជាពលរដ្ឋជឿលើការញុះញង់របស់មេខ្យល់ដែលលើកយករឿងប្រជាពលរដ្ឋ ៧៨គ្រួសារ ពាក់ព័ន្ធទៅនឹង ដី ៤៧៦ហិកតា ទៅប្រមុខរាជរដ្ឋាភិបាលក្នុងឆ្នាំ២០១១ ប៉ុន្តែដីជាក់ស្ដែងមានតែ ១១៧ហិកតាតែប៉ុណ្ណោះ។
លោកថ្លែងថា៖ «ជាលទ្ធផលក្រុមការងារសម្រេចដកបង្គោលនៅលើដីស្ថានីយដែលបានបោះបង្គោលចាប់យកដី និងដាំដំណាំលើដីរបស់ស្ថានីយដាំកូនឈើក្រសាំងរបស់រដ្ឋ ចំនួន៥០ហិកតា និងដកកូនកៅស៊ូ បានចំនួន ២៥០ដើម រួចរាល់ផងដែរ ក្រោយពីរដ្ឋបាលខេត្តធ្លាប់បានធ្វើការណែនាំនិងផ្សព្វផ្សាយច្បាប់អំពីការកាន់កាប់ និងអាស្រ័យផលលើដីព្រៃរបស់រដ្ឋរួចមក»៕