សៀមរាបៈ មន្ត្រីបានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC-Angkor) សម្តែងការគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំទីកន្លែងអភិវឌ្ឍន៍ថ្មីចំនួន ២ ទីតាំង គឺតំបន់រុនតាឯក និងតំបន់ពាក់ស្នែង នៅខេត្តសៀមរាប ដើម្បីឱ្យប្រជាពលរដ្ឋដែលមានបំណងស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅនៅទីតាំងទាំងនោះ។
ការសម្តែងការគាំទ្រនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ នៃគណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) និងសំបូរព្រៃគុករយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែមិថុនា។
កិច្ចប្រជុំនេះមានវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោក Tani-nai Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Pierre Vincent ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា និងលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។
លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថ្លែងថា នៅក្នុងកិច្ចប្រជុំនេះតំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំនៅភ្នំពេញ យល់ឃើញថា អាយស៊ីស៊ី-អង្គរ ជាឆ្អឹងខ្នងមួយរបស់កម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ក្នុងកិច្ចការថែរក្សា និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌។
លោកបន្តថា ដោយសារតែតាមរយៈបទពិសោធន៍នេះហើយទើបឃើញថា រមណីយដ្ឋានរបស់កម្ពុជាមួយចំនួនត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដូចជាប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ហើយនិងឆាប់ៗនេះនឹងមានការចុះបញ្ជីប្រាសាទកោះកេរទៀត។
លោក ឡុង កុសល ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១៤ ខែមិថុនាថា៖ «[កិច្ចប្រជុំ] ក៏សម្តែងនូវការគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំនូវទីកន្លែងអភិវឌ្ឍន៍ថ្មីចំនួន ២ ទីតាំង គឺរុនតាឯក និងពាក់ស្នែង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋដែលមានបំណងក្នុងការស្ម័គ្រចិត្តចាកចេញពីរមណីយដ្ឋានអង្គរនេះទៅរស់នៅនៅទីកន្លែង [នេះ]»។
លោកបន្តថា កិច្ចប្រជុំនេះក៏សង្កេតឃើញថា ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ អ្នកជំនាញជាតិរបស់កម្ពុជាកាន់តែបង្កើនគុណភាពនៃសមត្ថភាពរបស់ខ្លួនល្អទៅៗ ហើយនេះជាចំណុចដ៏វិជ្ជមានបំផុតក្នុងរយៈពេលដែលគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានបំពេញភារកិច្ចរយៈពេល ៣០ ឆ្នាំនេះ។
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា កិច្ចប្រជុំនេះបានពិភាក្សា និងពិនិត្យតាមដានលើការអនុវត្តអនុសាសន៍ ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៦ និងកិច្ចប្រជុំពេញអង្គទី២៩ កាលពីឆ្នាំ ២០២២ ព្រមទាំងពិនិត្យរបាយការណ៍សកម្មភាពក្រុមបច្ចេកទេស ការជួសជុល និងការអភិរក្ស។
កាលពីថ្ងៃទី ៩ ខែមិថុនា អាជ្ញាធរជាតិអប្សរា និងក្រសួងការបរទេស និងពាណិជ្ជកម្មក្រៅប្រទេសរបស់នូវែលសេឡង់ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើភាពជាដៃគូអំពីគម្រោងគ្រប់គ្រងទឹកក្នុងរមណីយដ្ឋានអង្គរដោយប្រសិទ្ធភាព និងចីរភាព ដើម្បីភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងសង្គមសេដ្ឋកិច្ច ដែលមានរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨។
អាជ្ញាធរជាតិអប្សរាបានចាត់ទុកថា គម្រោងនេះពិតជាមានសារប្រយោជន៍យ៉ាងខ្លាំងសម្រាប់ជួយឱ្យការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រសម័យបុរាណកាន់តែមានប្រសិទ្ធភាព ដើម្បីបញ្ចៀសទឹកជំនន់នៅក្នុងតំបន់សៀមរាប-អង្គរ ការទាញអត្ថប្រយោជន៍ពីធនធាន ធម្មជាតិដើម្បីអភិវឌ្ឍសហគមន៍ និងការកសាងសមត្ថភាពធនធានមនុស្សជាដើម។
កាលពីឆ្នាំ ២០២២ បារាំង និងជប៉ុន ដែលជាសហប្រធានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ បានប្រកាសជួយគាំទ្រលើការអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាពរយៈពេល ១០ ឆ្នាំទៀត លើការងារបេតិកភណ្ឌ និងសហគមន៍ ដើម្បីធ្វើឱ្យកិច្ចការអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរកាន់តែល្អប្រសើរ។
គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៣ ហើយនឹងត្រូវចប់អាណត្តិទី៣ របស់ខ្លួននៅចុងឆ្នាំ ២០២៣។ តាមរយៈការប្រកាសនៃសេចក្តីសម្រេចចិត្តនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ នឹងបន្តអាណត្តិលើកទី៤ រហូតដល់ឆ្នាំ ២០៣៣៕