ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា លោកមិនមានជំនឿថា អ៊ុយក្រែនអាចវាយយកទឹកដីរបស់ខ្លួនដែលរុស្ស៊ីបានកាន់កាប់មកវិញ ក្រោយពីអ៊ុយក្រែនបាននិងកំពុងចាប់ផ្តើមវាយបកទៅលើរុស្ស៊ីវិញ ទោះបីជាសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចបានផ្តល់អាវុធឱ្យអ៊ុយក្រែនក៏ដោយ។
នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករជិត ២ ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន ៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលធ្វើឡើងនៅតំបន់ព្រៃស្ពឺ នាថ្ងៃទី ១៤ ខែមិថុនា លោក ហ៊ុន សែន ថ្លែងថា៖ «ប៉ុន្តែខ្ញុំគ្មានជំនឿណាមួយនិយាយតាមមួយបែបទៅ គ្មានជំនឿណាមួយថា អ៊ុយក្រែនអាចវ៉ៃយកទឹកដីដែលរុស្ស៊ីកាន់កាប់នោះបានមកវិញ ដោយសារកម្លាំងតែប៉ុណ្ណឹងទេ!»។
លោកបានរំឭកថា ក្នុងជំនួបតាមទូរស័ព្ទជាលើកទី២ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy) កាលពីចុងខែឧសភា លោកបានចោទសួរទៅកាន់លោក Zelenskyy ថា តើមានគម្រោងនឹងវាយយកទឹកដីត្រឡប់មកវិញដែរទេ? លោក Zelenskyy ក៏បានឆ្លើយតបវិញថា ពិតជាមាន។
លោក ហ៊ុន សែន បានបញ្ជាក់ថា លោកមិនបានលើកទឹកចិត្តឱ្យមានការវាយប្រហារទេ ប៉ុន្តែលោកគ្រាន់តែនិយាយសំដៅលោក Zelenskyy ថា គួរតែរកវិធីសន្ទនាដើម្បីដោះស្រាយ។
លោកបានបន្តថា ឥឡូវមិនអាចអ្នកណាទៅរារាំងអ៊ុយក្រែនមិនឱ្យវាយលើរុស្ស៊ីនោះទេ ក៏ប៉ុន្តែលោកគ្មានជំនឿថា ប្រើប្រាស់សង្គ្រាមដើម្បីបញ្ចប់សង្គ្រាម និងដណ្តើមទឹកដី ហើយរុស្ស៊ីសុខចិត្តចុះចាញ់ទៅលើតំបន់ដែលខ្លួនកំពុងកាន់កាប់នោះទេ ជាពិសេសតំបន់គ្រីមៀ (Crimea) តំបន់ដុនបាស (Donbas)។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «អាហ្នឹងនិយាយតាមមួយបែបខ្ញុំអត់មានជំនឿទេ ទោះបីជាអាមេរិក និងលោកខាងលិចផ្ដល់អាវុធឱ្យប៉ុនណាក៏ដោយ ក៏ទៅមិនរួចដែរ ព្រោះនៅទីនោះ គឺគេក៏មានកម្លាំង ហើយវ៉ៃទៅ វ៉ៃមក ទីចុងបំផុតអ្នកដែលស្លាប់ គឺប្រជាជនអ៊ុយក្រែន និងរុស្ស៊ី តែប៉ុណ្ណឹង!»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១៤ ខែមិថុនា អ៊ុយក្រែនមិនអាចឈ្នះរុស្ស៊ី ហើយបានទឹកដីដែលបាត់បង់មកវិញទេ។ មានតែការចរចាទេ ហើយការចរចាដែលសំខាន់ គឺរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ព្រោះនេះជារឿងសំខាន់ណាស់នៅក្នុងសង្គ្រាមអ៊ុយក្រែន។ មិនមែនរឿងអ៊ុយក្រែនចរចាជាមួយរុស្ស៊ីនោះទេ គឺរឿងប្រជែងភូមិសាស្ត្រនយោបាយរបស់មហាអំណាចសហរដ្ឋអាមេរិក និងរុស្ស៊ី។
លោកថ្លែងថា៖ «អ៊ីចឹង ប្រសិនបើរុស្ស៊ីព្រមចុះចាញ់ ឬក៏ព្រមប្រគល់ទឹកដីឱ្យវិញនោះមានន័យស្មើនឹងរុស្ស៊ីបាត់បង់កិត្យានុភាពរបស់ខ្លួនជាមហាអំណាចយោធាសកលលោក។ អ៊ីចឹង តាមយើងសង្កេតមើលជាង ១ ឆ្នាំមកហើយ អ៊ុយក្រែនទទួលបានជំនួយយ៉ាងក្រាស់ក្រែលពីបស្ចិមលោកណាតូ (NATO) និងសហរដ្ឋអាមេរិក ក៏ប៉ុន្តែនៅតែមិនអាចយកឈ្នះរុស្ស៊ីបាន។ លើសពីនោះទៀត គឺថែមទាំងធ្វើឱ្យប្រទេសអ៊ុយក្រែនកាន់តែខ្ទេចខ្ទាំទៅ។ ប្រជាជនស្លាប់ ទីក្រុងរលំរលាយជាដើម»។
លោកបានបន្តថា៖ «អ៊ីចឹងនេះជាបញ្ហាមួយដែលមិនអាចដោះស្រាយបានទេក្រៅពីការចរចាត្រង់រវាងសហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី។ នេះដែលខ្ញុំនិយាយដដែលៗ គឺជាសង្គ្រាមការពារខ្សែក្រវាត់មហាអំណាចមិនមែនជាសង្គ្រាមធម្មតាទេ។ អ៊ីចឹង ទាល់តែមហាអំណាចផុតលេខហ្នឹងចរចាគ្នាទើបអាចដោះស្រាយបាន»។
ក្នុងជំនួបជាមួយលោក Zelenskyy តាមទូរស័ព្ទជាលើកទី២ នេះ លោក ហ៊ុន សែន បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្តែង ដើម្បីបញ្ចប់សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជា។
ក្រសួងបញ្ជាក់ថា លោក ហ៊ុន សែន ក៏បានគូសបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់កម្ពុជាចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន ដោយកម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ លោកក៏បានបញ្ជាក់សាជាថ្មីពីការបន្តគាំទ្រសំណើរបស់អ៊ុយក្រែនចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ហើយបានជូនពរបវរជូនប្រជាជនអ៊ុយក្រែន។
កាលពីខែមករា ឆ្នាំ ២០២៣ កម្ពុជាបានផ្តល់ជំនួយមនុស្សធម៌ក្នុងការបណ្តុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែននៅរាជធានីភ្នំពេញ។ រីឯកាលពីឆ្នាំ ២០២២ អ៊ុយក្រែនបានចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅរាជធានីភ្នំពេញ ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន៕