កោះកុងៈ ប្រជាពលរដ្ឋ ៣២៧ គ្រួសារ ក្រៅពីរបរធ្វើស្រែបាននិងកំពុងចិញ្ចឹមជីវិតដោយការរកអនុផលព្រៃឈើ និងបម្រើសេវាកម្មអេកូទេសចរណ៍តាមបែបធម្មជាតិពីសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង ដែលស្ថិតក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ខណៈនៅទូទាំងប្រទេសសហគមន៍តំបន់ការពារធម្មជាតិមានចំនួន ១៩០។
ដូចអ្វីដែលលោក ឡុង ម៉េត ជាប្រជាសហគមន៍បាននិយាយថា៖ «ខ្ញុំមានក្តីសប្បាយរីករាយព្រោះខ្ញុំបានទទួលអនុផលព្រៃឈើសម្រាប់លក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ក្រសួងបរិស្ថាននិងអង្គការនានាគាត់ជួយគាំទ្រប្រជាសហគមន៍ហើយបង្រៀនឱ្យចេះដកហូតអនុផលព្រៃឈើឱ្យមានចីរភាព[យូរអង្វែង]បែបនេះខ្ញុំត្រេកអរណាស់»។
បុរសវ័យ ៤៤ ឆ្នាំ រូបនេះ បានឱ្យដឹងថា បច្ចុប្បន្នលោកមានលំនៅក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងនិងមានកូនចំនួន ៤ នាក់ ក្នុងបន្ទុក។ ដោយសារតែការរកអនុផលព្រៃឈើក្នុងសហគមន៍ និងលក់បានលុយ ទើបលោកអាចមានលទ្ធភាពបញ្ជូនកូនប្រុសច្បងអាយុ ២១ ឆ្នាំ ឱ្យទៅបន្ដការសិក្សានៅសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ និងទទួលបានអាហារូបករណ៍ពីគម្រោងរបស់ធនាគារពិភពលោក (World Bank) ទៀតផង។
ពាក់ព័ន្ធនឹងការរកអនុផលព្រៃឈើនេះ លោក ម៉េត បានប្រាប់ថា នៅក្នុងព្រៃសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង លោកក៏ដូចជាប្រជាសហគមន៍ដទៃទៀតដែរ គឺអាចចូលព្រៃបេះផ្លែគុយ កាប់ដើមឫស្សី បោចវល្លិ ផ្តៅ រកផ្សិតប៉ក់ និងដើមរុក្ខជាតិផ្សេងៗជាប្រភេទឱសថសម្រាប់លក់ តែពេលចូលមកដល់រដូវវស្សាដូចនេះ គឺលោកបែរមកធ្វើស្រែវិញម្តង។ ប៉ុន្តែនៅក្នុងខែមិថុនា របររកផ្សិតប៉ក់ និងបេះផ្លែគុយនៅអាចប្រមូលផលបានខ្លះ តែបើការបោចវល្លិ ផ្តៅ កាប់ដើមឫស្សី និងរកដើមរុក្ខជាតិផ្សេងៗជាឱសថវិញ គឺ
អាចរកបានគ្រប់រដូវពេញៗ ១ ឆ្នាំតែម្តង។
ទន្ទឹមនឹងនេះក៏មានអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានជួយគាំទ្រដល់ប្រជាសហគមន៍ក្នុងការបណ្តុះកូនផ្តៅឡើងវិញផងដែរ ដើម្បីកុំឱ្យផុតពូជ។
លោកប្រាប់ថា៖ «ខ្ញុំរៀនពីក្រសួងបរិស្ថាន គឺប្រើពាក្យថា ដកហូតអនុផលព្រៃឈើគេមិនថាបេះអនុផលព្រៃឈើទេ។ ខាងអង្គការ និងក្រសួងបរិស្ថានមានបង្រៀនពីការដកហូតអនុផលព្រៃឈើតាមបច្ចេកទេសកុំឱ្យផុតពូជ ដើម្បីឱ្យមានចីរភាព និងបង្រៀនឱ្យមានការគ្រប់គ្រងព្រៃសហគមន៍ឱ្យបានត្រឹមត្រូវ»។
បើតាមលោក ឡុង ម៉េត ចំពោះអនុផលព្រៃឈើទាំងឡាយ គឺប្រជាពលរដ្ឋរស់នៅក្នុងតំបន់ព្រៃសហគមន៍ រកបានអនុផលពីក្នុងព្រៃសហគមន៍។ ហេតុដូច្នេះហើយទាំងលោកក៏ដូចជាប្រជាសហគមន៍ផ្សេងទៀតត្រូវបានបង្រៀនឱ្យចេះដកហូតអនុផលព្រៃឈើឱ្យមានចីរភាពយូរអង្វែង និងនិរន្តរភាព។
ពាក់ព័ន្ធនឹងប្រជាពលរដ្ឋពឹងអាស្រ័យផលពីព្រៃឈើនេះដែរ អ្នកស្រី ឃុត ភៀង ប្រធានសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងដែរថា សហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង ដែលរាជរដ្ឋាភិបាលប្រគល់មកឱ្យសហគមន៍ថែរក្សាមានផ្ទៃដីទំហំ ៣ ០៩៣ ហិកតា និងចម្ការគ្រាប់ពូជចំនួន ៤៣ ហិកតា។ ប៉ុន្តែការចូលរួមល្បាត ឬក៏ប្រជុំធ្វើផែនការអ្វីមួយក្នុងសហគមន៍ត្រូវមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ពីមន្ត្រីឧទ្យានុរក្សនិងមានការគ្រប់គ្រងពីក្រសួងបរិស្ថាន។ ចំពោះសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាងគឺរក្សាបានដើមឈើធំៗ និងព្រៃឈើហូបផ្លែជាច្រើន។
អ្នកស្រីបានបន្តថា បច្ចុប្បន្នមានប្រជាពលរដ្ឋនៅភូមិព្រះអង្គកែវ និងភូមិបាក់អង្រុតសរុបចំនួន ៣២៧ គ្រួសារ ដែលរស់នៅក្នុងតំបន់ព្រៃសហគមន៍ និងរស់នៅតំបន់ក្បែរៗនោះកំពុងទាញយកប្រយោជន៍ ឬអាស្រ័យផលពីសហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង។ ប៉ុន្តែទាំង ៣២៧ គ្រួសារនេះ ចែកជាក្រុម និងមានតួនាទីផ្សេងៗគ្នាដែលមានក្រុមប្រមូលអនុផលព្រៃឈើ មានក្រុមកែច្នៃអនុផលព្រៃឈើ និងក្រុមអេកូទេសចរណ៍ដែលបម្រើសេវាកម្មអេកូទេសចរណ៍។
បើតាមអ្នកស្រី ឃុត ភៀង មានប្រជាសហគមន៍ ៣៨ គ្រួសារក្នុងចំណោម ៣២៧ គ្រួសារ ជាក្រុមកែច្នៃមានដូចជា ធ្វើជើងធូបពីឫស្សី ធ្វើបំពង់ទុយោបឺតពីដើមឫស្សីពក កែច្នៃកន្ត្រកពីឫស្សី ហើយផលិតផលកែច្នៃទាំងនេះ មានអ្នកចាំទទួលទិញអស់ៗមិនដែលនៅសល់ឡើយ។ សម្រាប់នៅអំឡុងខែមិថុនា ប្រជាសហគមន៍បន្តចូលក្នុងព្រៃសហគមន៍ប្រមូលផ្សិតប៉ក់ ផ្សិតក្ងោក និងផ្សិតកញ្ចូរ នៅបន្តប្រមូលផលនៅឡើយ រីឯការប្រមូលផ្លែគុយជិតផុតខែហើយ តែប្រមូលបាន ៣ ១២០ គីឡូក្រាម និងលក់ក្នុង ១ គីឡូក្រាម ថ្លៃ ១២ ០០០ រៀល។
ចំពោះការកែច្នៃឫស្សីពក (ទំហំប៉ុនកដៃក្មេង) ធ្វើជាជើងធូបបានចំនួន ៥ ០៥៨ គីឡូក្រាម ដោយក្នុង ១ គីឡូក្រាម អាចលក់បាន ១ ៨០០ រៀល, កែច្នៃកន្ត្រកពីឫស្សីថ្ង (ទំហំប៉ុនកំប៉ុងស្រាបៀរ) បាន ៨៨ កន្ត្រក, ដើមឫស្សីថ្ង [ស្រស់] បាន ១៨ ៤៩៣ ដើមដោយក្នុង ១ ដើមអាចលក់បានតម្លៃ ៧០០ រៀល, ផ្សិតប៉ក់ដែលប្រមូលបានក្នុងខែមីនា មេសា និងខែឧសភា បានចំនួន ៤៧៤ គីឡូក្រាម និងលក់បានក្នុង ១ គីឡូក្រាមតម្លៃ ១៥ ០០០ រៀល, រុក្ខជាតិឱសថបុរាណមានសួតដំរី មានវល្លិអន្ទង់ វល្លិជុយ ជាដើមបាន ១ ៤០០ គីឡូក្រាម និងអាចលក់ក្នុង ១ គីឡូក្រាម ថ្លៃ ៣ ០០០ រៀល និងទឹកឃ្មុំប្រមូលពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៣ បានចំនួន ៣៨ លីត្រ ហើយក្នុង ១ លីត្រ អាចលក់ថ្លៃ ៨ ម៉ឺនរៀល និងផ្តៅស្រស់បាន ១៦ ៧៥០ ដើម និងលក់បានក្នុង ១ ដើមថ្លៃ ៧០០ រៀល។
អ្នកស្រីបានបញ្ជាក់ថា៖ «ប្រជាសហគមន៍ទាំង ៣២៧ គ្រួសារ ដែលជាសមាជិកក្នុងសហគមន៍ ពួកគាត់បង់វិភាគទានដើម្បីទ្រទ្រង់សហគមន៍ ដើម្បីយកមកចំណាយលើការពង្រឹងសមត្ថភាពក្នុងសហគមន៍។ ពួកគាត់ក៏ជួយល្បាតក្នុងព្រៃសហគមន៍ដែរ»។
អ្នកស្រីបានឱ្យដឹងដែរថា សហគមន៍តំបន់ការពារធម្មជាតិភ្នំទ័ពជាង បានផ្តល់ការងារ និងជួយចិញ្ចឹមដល់ក្រុមគ្រួសារហើយពួកគាត់ក៏មិនចំណាកស្រុកទៅណាឆ្ងាយដែរ ព្រោះមានធនធានធម្មជាតិស្រាប់នៅក្នុងព្រៃសហគមន៍។ ពីមុនក៏ដូចជាបច្ចុប្បន្នប្រជាសហគមន៍ទទួលបានចំណេះដឹងច្រើនតាមរយៈការជួយបណ្តុះបណ្តាលពីក្រសួងបរិស្ថានពីខាងអង្គការសង្គមស៊ីវិលរួមទាំងពីការចូលរួមយ៉ាងសស្រោកសស្រាំរបស់អាជ្ញាធរដែនដីផង។
លោក មាស សុគន្ធវឌ្ឍនៈ អនុប្រធាននាយកដ្ឋានជីវភាពសហគមន៍នៃក្រសួងបរិស្ថានបានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា គិតត្រឹមឆ្នាំ ២០២២ សហគមន៍តំបន់ការពារធម្មជាតិមានចំនួន ១៩០ សហគមន៍នៅទូទាំងប្រទេស។ នៅក្នុងដែនសហគមន៍នីមួយៗបានផ្តល់ធនធានធម្មជាតិជាប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ក៏ដូចជាអ្នករស់នៅក្បែរៗតំបន់នោះ។ ពួកគាត់អាចចូលព្រៃរកអនុផលព្រៃឈើមកផ្គត់ផ្គង់ជីវភាពគ្រួសារបាន គួបផ្សំនឹងការធ្វើស្រែផង ហើយសហគមន៍ព្រៃធម្មជាតិទាំងនោះគ្រប់គ្រងដោយក្រសួងបរិស្ថាន។
លោកថ្លែងថា៖ «ដូច្នេះក្រសួងអាចចែករំលែកចំណែកណាមួយពីព្រៃសហគមន៍ទៅឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរសហគមន៍។ ការធ្វើបែបនេះដើម្បីឱ្យគាត់ចេះដកហូតអនុផលព្រៃឈើប្រកបដោយចីរភាព និងចេះគ្រប់គ្រងធនធានធម្មជាតិហ្នឹង ដើម្បីឱ្យគាត់ចេះការពារផង និងចិញ្ចឹមជីវិតពួកគាត់ផង»៕