ភ្នំពេញៈ ជារឿយៗ នៅលើបណ្តាញសង្គម ជាពិសេសហ្វេសប៊ុក គេប្រាកដជាធ្លាប់បានឃើញវីដេអូ របស់យុវជនស្ម័គ្រចិត្តមួយក្រុមដែលតែងនាំគ្នាសម្អាតកាកសំណល់ដែលកកស្ទះជាច្រើនខែនៅតាមទីសាធារណៈ និងប្រឡាយនានា ក្នុងរាជធានីភ្នំពេញ។
ក្រុមយុវជនស្ម័គ្រចិត្តនោះមានឈ្មោះថា «និស្សិតបា្លស្ទិក-Nisset Plastic» ដែលតែងតែចំណាយពេលវេលា សេសសល់ពីការសិក្សារបស់ខ្លួនមកសម្អាតបរិស្ថានតាមលូទឹកស្អុយនិងទីសាធារណៈមួយចំនួនដើម្បីបំផុសស្មារតីពលរដ្ឋឱ្យយកចិត្តទុកដាក់គ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ។
ផ្តើមចេញពីការធ្វើសកម្មភាពសម្អាតតែម្នាក់ឯងរហូតអាចកៀរគរ យុវជនជាច្រើននាក់ឱ្យចូលរួមក្នុងសកម្មភាពរើសសំរាមតាមប្រឡាយលូទឹកស្អុយនៅក្នុងរាជធានីភ្នំពេញ សកម្មភាពនេះក៏ទទួលបានការស្ងើចសរសើរ និងការសាទរពីមហាជនផងដែរ។
យុវជន ហែម សុភេម ជាស្ថាបនិកនៃ «និស្សិតប្លាស្ទិក» ដែលមានវ័យទើបតែ ២១ ឆ្នាំ និងជានិស្សិតឆ្នាំទី៣នៃវិទ្យាស្ថានភាសាបរទេសបានឱ្យដឹងពីហេតុផលដែលខ្លួនកៀរគរក្រុមយុវជនស្ម័គ្រចិត្តឱ្យចូលរួមសកម្មភាពទាំងនេះ គឺដោយសារក្តីបារម្ភពីផលប៉ះពាល់បរិស្ថាន។ មួយវិញទៀតគឺដើម្បីបំផុសគំនិតឱ្យពលរដ្ឋ និងនិស្សិតផ្ដើមខ្វាយខ្វល់ពីបញ្ហាសំរាម ហើយផ្លាស់ប្តូរឥរិយាបថក្នុងការទុកដាក់កាកសំណល់តាមរយៈវីដេអូរបស់ខ្លួន។
លោក ហែម សុភេម បានឱ្យដឹងបន្តថា ក្រុមនិស្សិតប្លាស្ទិកបានបង្កើតឡើងក្នុងខែមិថុនា ឆ្នាំ ២០២២ ពោល គឺមានរយៈពេល ១ ឆ្នាំហើយ។ រហូតមកទល់ពេលនេះក្រុមនិស្សិតប្លាស្ទិកបានប្រមូលសំរាមជាច្រើនកន្លែងមកហើយនៅក្នុងរាជធានីភ្នំពេញទាំងលើគោកទាំងក្នុងលូទឹកស្អុយតាមសាលារបស់ខ្លួនផ្ទាល់ នៅតំបន់មាត់ទន្លេ បឹងសាឡាងស្ទឹងមានជ័យ បឹងទំពុន និងតាមប្រព័ន្ធលូនៅក្នុងសង្កាត់ទួលសង្កែជាដើម។
បច្ចុប្បន្ននិស្សិតប្លាស្ទិកមានក្រុមតេឡេក្រាមមួយដែលមានសមាជិកប្រមាណ ៦០០ នាក់ ហើយសមាជិកទាំងអស់នោះអាចចូលរួមសកម្មភាពសម្អាតដោយស្ម័គ្រចិត្តទៅតាមពេលទំនេររបស់ខ្លួន។សកម្មភាពសម្អាតតែងធ្វើនៅចុងសប្ដាហ៍ថ្ងៃសៅរ៍ និងអាទិត្យ ពោលគឺជាពេលដែលពួកគេទំនេរពីការសិក្សា។នេះបើតាមការបញ្ជាក់បន្ថែមពី លោក ហែម សុភេម ។
លោកហែម សុភេម បានឱ្យដឹងថា៖ «សម្រាប់ការចូលប្រមូលកាកសំណល់នៅតាមទីសាធារណៈមានអ្នកស្ម័គ្រចូលរួមច្រើន ប៉ុន្តែសម្រាប់ការប្រមូលកាកសំណល់តាមប្រឡាយលូទឹកស្អុយមិនមានអ្នកស្ម័គ្រចិត្តចូលរួមច្រើននោះទេដោយសារពួកគេបារម្ភពីបញ្ហាសុខភាព»។
យុវជនរូបនេះបានរៀបរាប់ទៀតថាការចុះប្រមូលសំរាមក្នុងលូប្រឡាយមានផលវិបាកច្រើន និងត្រូវចំណាយពេលយូរ។ ម្យ៉ាងវាគឺជារឿងប្រថុយ ព្រោះមិនដឹងថានៅក្នុងលូនោះមានអ្វីខ្លះ មានក្លិនមិនល្អផង លាមកផង សត្វផងលាយឡំចូលគ្នា។ តាមរយៈសកម្មភាពនេះបានធ្វើឱ្យមហាជនមួយចំនួនស្ងើចសរសើរ ប៉ុន្តែមួយចំនួនទៀតក៏បានរិះគន់ថាជាក្រុមយុវជនស៊ីជោរទៅវិញ។
លោកហែម សុភេម បានបញ្ជាក់ទៀតថា៖ «បើនិយាយរឿងខ្មាសគេវិញ ខ្ញុំមិនខ្មាសគេទេទោះបីមានមតិខ្លះថាពួកខ្ញុំជោរក៏ដោយ តែខ្ញុំធ្វើដោយឆន្ទៈ និងគោលដៅចង់ផ្លាស់ប្ដូរឥរិយាបថអ្នកចោលសំរាមទាំងនោះ»។
បើតាមលោក ហែម សុភេម មកទល់ពេលនេះ ប្រជាពលរដ្ឋមួយចំនួនចាប់ផ្តើមយល់និងមានឥរិយាបថទុកដាក់សំរាមបានប្រសើរជាងមុន។
ស្ថាបនិកនិស្សិតប្លាស្ទិកបញ្ជាក់ថា៖ «ឥឡូវនេះពេលពួកខ្ញុំចុះធ្វើសកម្មភាពប្រមូលសំរាមម្តងៗមានក្មេងៗ និងពលរដ្ឋទៅមើលគាំទ្រច្រើនហើយក៏មានអាជីវករខ្លះចុះទៅជួយប្រមូលសំរាមទៀតផង កត្តានេះហើយធ្វើឱ្យខ្ញុំយល់ថាឥរិយាបថរបស់ពួកគាត់ត្រូវបានផ្លាស់ប្ដូរ។ចំណែកឯពលរដ្ឋដែលតែងតែចោលសំរាមនឹងរអៀសខ្លួននៅពេលដែលឃើញវីដេអូទាំងនោះហើយ»។
ជំនួសឱ្យការប្រាប់ចំៗពីការដាក់ទុកសំរាម យុវជន សុភេម មានជំនឿថា ការផ្សព្វផ្សាយជាវីដេអូលើបណ្ដាញសង្គមមានប្រសិទ្ធភាពជាងដើម្បីឱ្យពលរដ្ឋដែលតែងតែចោលសំរាមផ្លាស់ប្ដូរឥរិយាបថ។
យុវជនរូបនេះបន្តថា៖«កត្តាដែលអាចកែប្រែឥរិយាបថពលរដ្ឋដែលតែងតែចោលសំរាមបានគឺមានតែផ្ដើមចេញពីបុគ្គលរូបនោះខ្លួនឯងប៉ុណ្ណោះហើយខ្ញុំជឿថាមនុស្សដែលមើលយើងរាប់លាននាក់នៅលើបណ្ដាញសង្គម ពួកគាត់នឹងចាប់ផ្ដើមខ្វាយខ្វល់ពីបញ្ហាសំរាមនេះដែរ»។
ជាមនុស្សដែលស្រឡាញ់បរិស្ថានតាំងពីក្មេងនិងមានក្រុមគ្រួសារតែងតែអប់រំពីរបៀបទុកដាក់សំរាមឱ្យបានត្រឹមត្រូវ យុវជន សុភេម បានថ្លែងថា គ្រួសារមិនបានហាមឃាត់ទេគឺមានតែជំរុញឱ្យធ្វើសកម្មភាពទាំងនេះ ប៉ុន្តែពួកគាត់តែងតែបារម្ភពីបញ្ហាសុខភាព និងសុវត្ថិភាពដោយសារពេលខ្លះចុះទៅប៊ិះលង់ទឹកនៅក្នុងលូក៏មាន។
យ៉ាងណាមិញលោកចង់ឃើញពលរដ្ឋចាត់ទុកទីសាធារណៈប្រៀបដូចជាផ្ទះរបស់ខ្លួនដើម្បីសុខុមាលភាពសាធារណៈ និងសោភណភាព ក៏ដូចជាមុខមាត់ប្រទេសជាតិ។
យុវជន សុភេម បាននិយាយថា៖ «ខ្ញុំមានសំណូមពរ ចង់ឱ្យពលរដ្ឋចាត់ទុកប្រឡាយ និងទីសាធារណៈឱ្យដូចផ្ទះរបស់ខ្លួន ព្រោះវាជាប្រទេសជាតិយើងទាំងអស់គ្នា បើយើងចោលសំរាម យើងគឺជាសំរាមហើយ បើគាត់ចោលគឺគាត់បំផ្លាញឈ្មោះពលរដ្ឋខ្មែរទាំងមូល»។
លោកហែម សុភេម ក៏បានបង្ហាញពីបំណងផងដែរថា ខ្លួនមានគម្រោងចង់ឱ្យទីក្រុងទាំងមូលគ្មានសំរាម និងទប់ស្កាត់ការចោលសំរាមពាលវាលពាសកាលបន្តទៀតតាមរយៈការបញ្ជ្រាបចំណេះដឹង4R ដែលមានដូចជា កុំប្រើប្លាស្ទិក កាត់បន្ថយកែច្នៃ និងប្រើប្រាស់ឡើងវិញ។
គួរបញ្ជាក់ថា កាលពីខែ មករា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសចាប់ផ្តើមអនុវត្តគម្រោងមួយ ដែលមានឈ្មោះថា «ជំរុញបរិយាកាសដែលអំណោយផលដល់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា (ហៅកាត់ជាភាសាអង់គ្លេសថា BESD)»។ គោលបំណងមួយ ក្នុងចំណោមគោលបំណងនានានៃគម្រោង BESD គឺប្រយុទ្ធប្រឆាំងនឹងការបំពុលបរិស្ថានដោយសារប្លាស្ទិកនៅកម្ពុជាតាមរយៈវិធីសាស្ត្រ៤យ៉ាង4R (បដិសេធមិនប្រើប្រាស-Refuse កាត់បន្ថយ-reduce ប្រើប្រាស់ឡើងវិញ-reuse និងកែច្នៃឡើងវិញ-recycle)។
យោងតាមក្រសួងបរិស្ថាន សព្វថ្ងៃការប្រើប្រាស់ប្លាស្ទិកមានការកើនឡើងជាគំហុកដោយបច្ចុប្បន្ននេះ ថង់ប្លាស្ទិកប្រមាណ១០លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ ខណៈដែលប្រជាជនពលរដ្ឋកម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង២០០០ថង់ក្នុង១ឆ្នាំៗ៕