ព្រះវិហារ/ស្ទឹងត្រែងៈ គម្រោង USAID ព្រៃឡង់បៃតងបានលើកឡើងថា ទិន្នផលស្រូវត្រយងបានកើនឡើង ៥៨ ភាគរយ នៅពេលដែលកសិករក្នុងគម្រោងសាកល្បងចំនួន ២ ខេត្តបានអនុវត្តបច្ចេកទេស ជីកំប៉ុស ដំណាំគម្របដី និងបច្ចេកទេសបំបែកដី។
តាមរយៈជំនួយដល់អង្គការសន្សំម្លប់ព្រៃ គម្រោង USAID ព្រៃឡង់បៃតងកំពុងគាំទ្រគម្រោងសាកល្បងសម្រាប់កសិករស្រូវត្រយងនៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ទៅលើការប្រើបច្ចេកទេសបំបែកដី ជីកំប៉ុស និង ដំណាំគម្របដី។ ក្នុងនោះសមាជិក ស្រូវត្រយងចំនួន ៦ នាក់ត្រូវបានជ្រើសរើសដើម្បីអនុវត្តវិធីសាស្រ្តថ្មីនេះ ដែល ៥ នៅក្នុងខេត្តព្រះវិហារ និងម្នាក់នៅខេត្តស្ទឹងត្រែង។
គម្រោងនេះបានឱ្យដឹងថា លទ្ធផលនៃគម្រោងសាកល្បងនេះប្រែប្រួលពីកន្លែងមួយទៅកន្លែងមួយ ដោយសារភាពខុសគ្នានៃលក្ខខណ្ឌដី និងការអនុវត្តបច្ចេកទេស។ ទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបវាលស្រែដែលមិនបានអនុវត្តបច្ចេកទេសនិងវាលស្រែដែលអនុវត្តបច្ចេកទេសនេះ ទីតាំងដែលបានធ្វើឱ្យទិន្នផលស្រូវកើនឡើងយ៉ាងហោចណាស់ ៥៨ ភាគរយ។ ដីស្រែធម្មតាផ្តល់ទិន្នផលជាមធ្យម ១ ៤៥៤ គីឡូក្រាមក្នុងមួយហិកតា ចំណែកដីស្រែសាកល្បងទទួលផលជាមធ្យម ២ ២៩៩ គីឡូក្រាមក្នុងមួយហិកតា។
ការប្រើបច្ចេកទេស ជីកំប៉ុស ដំណាំគម្រប និងការបំបែកដី គុណភាពដីនឹងមានការកើនឡើងក្នុងរយៈពេលវែង ដោយសារតែអាសូត និងសមាសធាតុសរីរាង្គផ្សេងទៀត ត្រូវបានជ្រាបចូលទៅក្នុងដី។ ការកែលម្អគុណភាពដីនាំឱ្យទិន្នផលមានការកើនឡើង។ ទិន្នផលកើនឡើង លើកទឹកចិត្តកសិករឱ្យចូលរួមកម្មវិធីស្រូវត្រយង។ នៅពេលដែលមានការកើនឡើងនៃចំនួនសមាជិកសហគមន៍ដែលជាកសិករស្រូវត្រយងដែលចូលរួមដល់ការអភិរក្សសត្វព្រៃ ការសិក្សាបង្ហាញថាសត្វព្រៃជិតផុតពូជ និងជម្រករបស់ពួកវាត្រូវបានការពារប្រសើរជាងមុន ហើយជីវភាពសហគមន៍ក៏ប្រសើរឡើង។
កសិករស្រូវត្រយង អនុវត្តការមិនប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ជីគីមី មិនបរបាញ់ និងមិនកាប់បំផ្លាញព្រៃឈើ។ ជាថ្នូរនឹងការអនុវត្តតាមគោលការណ៍ទាំងនេះ ពួកគេទទួលបានតម្លៃស្រូវរបស់ពួកគេ ៧០ ភាគរយ លើតម្លៃទីផ្សារ ហើយពួកគេទទួលបានការគាំទ្រផ្នែកបច្ចេកទេសដើម្បីកែលម្អផលិតកម្មស្រូវ និងអនុវត្ត កសិកម្មដែលធន់នឹងអាកាសធាតុ៕