បាត់ដំបងៈ សាកលវិទ្យាល័យ​ជាតិ​អៀរឡង់​តាមរយៈ​គម្រោង​ខូអឺឡេស (COALESCE Project) សហការ​ជាមួយ​នាយកដ្ឋាន​គោលនយោបាយ នៃ​ក្រសួង​អប់រំ យុវជន និងកីឡា វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ និងអង្គការ​ទស្សនៈ​ឥតព្រំដែន (See Beyond Borders) នៅថ្ងៃ​ទី១៦ មិថុនា​នេះ បានរៀបចំ​សិក្ខាសាលា​ស្ដីពី «ការកំណត់​អត្ត​សញ្ញាណ​វិជ្ជាជីវៈ​គ្រូ​បង្រៀន»។

សិក្ខាសាលា​នេះ​ធ្វើឡើង​នៅសណ្ឋាគារ​ប្រេស៊ីដង់ ខេត្ត​បាត់ដំបង ដោយមាន​អ្នកចូលរួម​សរុប ៤៣ រូប ស្រី ២៦ ​រូប ក្នុងនោះ ជាគ្រូ​បង្រៀន​សរុប ២៥ រូប ស្រី ២០ រូប មកពី​សាលា​បឋម​សិក្សា​នានា​ នៅខេត្ត​បាត់ដំបង។

បើយោងតាម​ក្រសួង​អប់រំ សិក្ខាសាលា​នេះ គឺមាន​គោលបំណង​កំណត់​នូវ​អត្តសញ្ញាណ​សមត្ថភាព​វិជ្ជាជីវៈ​គ្រូ​បង្រៀន និងស្វែង​រក​ធាតុ​ចូល​បន្ថែម ដល់​ការសិក្សា​ស្រាវជ្រាវ​លើ​ប្រធាន​បទ​ស្ដីពី «តើ​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​គ្រូ​បង្រៀន​ល្អ? បញ្ហា​ប្រឈម​នៃការ​លើក​កម្ពស់​អត្ត​សញ្ញាណ និង​សមត្ថភាព​វិជ្ជាជីវៈ​គ្រូ​បង្រៀន​នៅតាម​សាលារៀន​កម្ពុជា” នៃ​គម្រោង​ស្រាវជ្រាវ​ស្តីពី​អត្ត​សញ្ញាណ​វិជ្ជាជីវៈ​គ្រូ​បង្រៀន​ភាសាខ្មែរ​នៅ​បឋម​សិក្សា (Professional Identity for Khmer Teachers – PIKT)៕​