ភ្នំពេញៈអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (អ.ប.ព.)បាន​បើក​វគ្គ​បំប៉ន មន្ត្រី​នគរបាល​យុត្តិធម៌​ស្ដី​ពី​«ក្រម​ព្រហ្មទណ្ឌ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និងច្បាប់​ស្ដី​ពី​ការប្រឆាំង​អំពើ​ពុក​រលួយ» រយៈពេល ២ ថ្ងៃ​ជូនថ្នាក់​ដឹកនាំ និងមន្ត្រី​រាជការ នៃ អ.ប.ព. ចំនួន ២៧៥ រូប​ផ្សេងទៀត។

យោងតាម​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ឱ្យដឹង​ថា វគ្គ​បំប៉ន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី១៤ និង១៥​ខែមិថុនា​នេះនៅ​សាល​ប្រជុំធំ អ.ប.ព. ក្នុងគោលបំណង​ពង្រឹង និងពង្រីក​ចំណេះដឹង និង​សមត្ថភាព​ផ្នែក​ច្បាប់ ក៏ដូចជា​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​រាជការ នៃ អ.ប.ព. នូវ​ការយល់ដឹង​ពី​ការវិវត្ត ក្របខ័ណ្ឌ​ច្បាប់​ថ្មីៗ ចរិត​លក្ខណៈ និងធាតុផ្សំ​នៃបទ​ល្មើស​ពុក​រលួយ​សំខាន់ៗ វិធីសាស្ត្រ​ក្នុងការស៊ើប​អង្កេត ការកសាង​សំណុំ​រឿង និងការប្រឆាំង​ការសម្អាត​ប្រាក់ ដើម្បី​ផ្ដល់​បន្ថែមទៀត​នូវ​ពុទ្ធិ ជំនាញ បច្ចេកទេស និង​បទ​ពិសោធន៍​ល្អៗ​ដែលជា​មូលដ្ឋាន​គ្រឹះដ៏សំខាន់​សម្រាប់​ថ្នាក់​ដឹកនាំ និងមន្ត្រី​រាជការ នៃ អ.ប.ព. ក្នុង​ការអនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ឱ្យ​កាន់តែ​ល្អ​ប្រសើរ និងមាន​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត។

វគ្គ​បំប៉ន​នេះ​ត្រូវបាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព លោកទេស​រដ្ឋមន្ត្រី​ ឱម យ៉ិនទៀង ប្រធាន​ អ.ប.ព.។ លោក​ទេសរដ្ឋ​មន្ត្រី​បានមានប្រសាសន៍​នៅក្នុងពិធី​បើក​វគ្គ​បំប៉ន​ថា អ.ប.ព.ធ្លាប់បាន​រៀបចំ​វគ្គ​បំប៉ន​ជូន​មន្ត្រី​រាជការ​នៃអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចំនួន ៦ លើក​រួចមក​ហើយ។ មកដល់​បច្ចុប្បន្ន​នេះ មន្ត្រី​រាជការ​នៃអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដែល​ទទួល​បាន​នីតិ​សម្បទា​ជាមន្ត្រី​នគរបាល​យុត្តិធម៌​រួចហើយ​មាន​ចំនួន​សរុប ២១០ រូប។

លោកទេស​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ជូន​ដល់​សមាសភាព​ចូលរួម​វគ្គ​បំប៉ន​លើ​ប្រធាន​បទ​សំខាន់ៗ​មួយ​ចំនួន ដូចជា បទ​ល្មើស​ពុករលួយ ដែលជួប​ប្រទះ​ញឹកញាប់, បទ​ល្មើស​ពុករលួយ​ដែលមាន​ចែងក្នុង​ច្បាប់​ផ្សេងទៀត (ច្បាប់​ស្ដី​ពីការគ្រប់គ្រង ការប្រើប្រាស់ និងការ​ចាត់ចែង​លើ ទ្រព្យសម្បត្តិ​រដ្ឋ, ច្បាប់​ស្តី​ពីការគ្រប់គ្រង​ចំណូល​មិនមែន​សារពើពន្ធ, ច្បាប់​ស្ដី​ពី​លទ្ធកម្ម​សាធារណៈ, ច្បាប់​ស្ដី​ពី សារពើ​ពន្ធ), វគ្គ​សិក្សា​នឹង​ស្វែងយល់​អំពី​បទ​ល្មើស និងការប្រឆាំង​ការសម្អាត​ប្រាក់, នីតិ​វិធី នៃការ​ស៊ើប​អង្កេត​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និងការកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ៕​