សៀមរាបៈ ក្រុមអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ (ICC-Angkor) កាលពីថ្ងៃទី ១៤ ខែមិថុនា បានចុះទៅពិនិត្យការអភិវឌ្ឍនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ខេត្តសៀមរាប ជាទីដែលរាជរដ្ឋាភិបាលកម្ពុជាបានដោះស្រាយគោលនយោបាយជូនពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅចេញពីតំបន់អង្គរទៅកាន់ទីកន្លែងទាំង ២ នេះ ហើយបានវាយតម្លៃខ្ពស់ចំពោះដំណោះស្រាយនេះថា ជារឿងដ៏ល្អ។
ការចុះទៅពិនិត្យទីតាំងទាំង ២ នេះ ធ្វើឡើងក្រោយពីគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) បានបញ្ចប់កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់ខ្លួនរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែមិថុនា នៅខេត្តសៀមរាប។
អាជ្ញាធរជាតិអប្សរាបញ្ជាក់លើគេហទំព័រនាថ្ងៃទី ១៥ ខែមិថុនាថា៖ «ក្រុមអ្នកជំនាញការបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់តម្លៃលេចធ្លោនៃរមណីយដ្ឋានអង្គរ ដោយបន្តលើកឱ្យគោរព និងស្របតាមគោលការណ៍របស់អង្គការយូណេស្កូ។ បន្ថែមពីនោះ ក្រុមអ្នកជំនាញការបានបង្ហាញការពេញចិត្តជាខ្លាំងចំពោះការអភិវឌ្ឍ ដែលកំពុងមាននៅតំបន់ទាំង ២ ខាងលើ»។
លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានថ្លែងថា ការចុះពិនិត្យនេះ ក្រុមអ្នកជំនាញបានបញ្ជាក់ថា ការដែលរាជរដ្ឋាភិបាលរៀបចំគោលនយោបាយដោះស្រាយលំនៅថ្មីជូនដល់ប្រជាពលរដ្ឋដែលរស់នៅមិនស្របច្បាប់នៅតំបន់រមណីយដ្ឋានអង្គរ ហើយមានសំណង់មិនស្របច្បាប់នៅទីនោះឱ្យទៅកាន់តំបន់រុនតាឯក និងតំបន់ពាក់ស្នែង គឺជារឿងមួយល្អ។
លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែមិថុនាថា នេះក៏ជាគំរូមួយដែរ នៅក្នុងពិភពលោក ពីព្រោះមិនមែនតែមានករណីបែបនេះមាននៅកម្ពុជាទេ។ នៅប្រទេសមួយចំនួនទៀតក៏មានករណីដូចគ្នាបែបនេះដែរ។ ក្រុមអ្នកជំនាញក៏សម្ដែងការសប្បាយរីករាយ និងអបអរសាទរចំពោះអ្វីដែលពួកគាត់បានឃើញ។
លោក ឡុង កុសល ថ្លែងថា៖ «បានន័យថា អ្វីដែលរាជរដ្ឋាភិបាលបានលើកឡើងជាគោលនយោបាយក្នុងការរៀបចំ ដើម្បីគាំទ្រការរស់នៅប្រកបដោយផាសុកភាពរបស់ប្រជាពលរដ្ឋនៅតំបន់ទាំង ២ នេះ គឺរាជរដ្ឋាភិបាលបានកំពុងតែរៀបចំយ៉ាងជាក់ស្ដែងតែម្ដង ឧទាហរណ៍ដូចជាផ្លូវ ដូចជាភ្លើង ដូចជាទឹក ដូចជា ប្រព័ន្ធទូរស័ព្ទ ដូចជាសាលារៀន ដូចជាមណ្ឌលសុខភាព ដូចជាវត្តអារាមដូចជាផ្សារដូចជាទីកន្លែងបំពេញការងាររបស់សាលាស្រុកទាំង ២ គឺសាលាស្រុកបន្ទាយស្រី និង [សាលាស្រុក] អង្គរធំហ្នឹង ស្ថិតនៅក្នុងទីតាំងអភិវឌ្ឍន៍ដែលស្ថិតនៅក្នុងភូមិសាស្ត្ររបស់ស្រុកនីមួយៗហ្នឹងបានចូលមកនៅក្នុងកន្លែងហ្នឹងដែរ»។
លោក ឡុង កុសល បន្តថា៖ «វាជាការដែលរាជរាដ្ឋាភិបាលបានបង្ខិតសេវា ដើម្បីបង្ហាញពីការយកចិត្តទុកដាក់មិនមែនគ្រាន់តែថារៀបចំទីតាំងហើយជូនគាត់ទៅ គាត់នៅម៉េចនៅទៅអត់ទេ គឺយើងខ្វល់ខ្វាយយើងយកចិត្តទុកដាក់។ អ៊ីចឹងហើយដែលជាចំណុចមួយដែលគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ហ្នឹងគាត់គាំទ្រ»។
កាលពីខែកញ្ញា ឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នឹងកែប្រែតំបន់រុនតាឯកពីជនបទឱ្យទៅជាទីក្រុងថ្មីមួយដែលមានឈ្មោះថា «ក្រុងរុនតាឯក» ព្រមទាំងប្រកាសផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រដោយផ្តល់បណ្ណក្រីក្រ និងជួយឧបត្ថម្ភស្ត្រីមានផ្ទៃពោះនៅតំបន់នោះ។
លោកបានលើកឡើងពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅតំបន់នោះថា ត្រូវមានទឹកស្អាត ផ្លូវ អគ្គិសនី ផ្សារ មណ្ឌលសុខភាព និងសាលារៀន ដែលមានទាំងថ្នាក់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យផងដែរ។
កិច្ចប្រជុំរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ លើកទី៣៧ នេះ មានវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា លោក Taninai Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Pierre Vincent ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា និងលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។
នៅមុនកិច្ចប្រជុំនេះ ក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ បានចុះត្រួតពិនិត្យការដ្ឋានជួសជុលប្រាសាទនានានៅក្នុងតំបន់រមណីយដ្ឋានអង្គររយៈពេលប្រមាណ ១ សប្ដាហ៍ រួមមាន ប្រាសាទភ្នំក្រោម ប្រាសាទមេបុណ្យខាងលិច ប្រាសាទបាគង និងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ។ នេះគឺជាការងារដែលក្រុមអ្នកជំនាញការតែងធ្វើមុននឹងមានកិច្ចប្រជុំរបស់គណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ដែលត្រូវធ្វើឡើងក្នុងរយៈពេល ២ ដង ក្នុង ១ ឆ្នាំ៕