ភ្នំពេញៈ កម្ពុជាទទួលបានជំនួយហិរញ្ញវត្ថុ ២ លានដុល្លារ ពីមូលនិធិនៃគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់ឆ្នាំ ២០២៣ ទៅលើគម្រោងចំនួន ៩ ដែលជាគំនិតផ្តួចផ្តើមបង្ហាញពីការប្តេជ្ញាចិត្តរួមរវាងកម្ពុជា និងចិន ដើម្បីចូលរួមចំណែកកសាងសហគមន៍វាសនារួមនៃសន្តិភាពវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់បណ្តាប្រទេសក្របខ័ណ្ឌមេគង្គឡានឆាង។
ជំនួយហិរញ្ញវត្ថុចំនួន ២ លានដុល្លារពីចិន នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ ត្រូវបានចុះហត្ថលេខារួមគ្នារវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងលោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស។
ក្នុងឱកាសនោះលោក ប្រាក់ សុខុន បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភជាបន្តបន្ទាប់ដល់ប្រទេសកម្ពុជា និងប្រទេសដទៃទៀតដែលជាសមាជិកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
លោកបានបន្តថា ក្នុងរយៈពេល ៦ ឆ្នាំកន្លងមក គម្រោងប្រមាណជិត ៩០ របស់ប្រទេសកម្ពុជា ទទួលបានការគាំទ្រជាហិរញ្ញវត្ថុពីមូលនិធិពិសេសខាងលើ។ ជោគជ័យនៃគម្រោងទាំងនោះបានឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃភាពជាអ្នកជិតខាងល្អ មិត្តភាព សមភាព និងការគោរពគ្នាទៅវិញទៅមក ហើយគោលការណ៍ទាំងនេះនឹងបន្តជាមូលដ្ឋានដ៏សំខាន់ នៅក្នុងកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន និងអនាគតរបស់ប្រទេសជាសមាជិក។
លោកបានបញ្ជាក់ថា៖ «ទោះបីគម្រោងទាំងនេះមានទំហំតូចជាងគម្រោងស្ថិតនៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ប៉ុន្តែគម្រោងទាំងនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តឥតងាករេរបស់សាធារណរដ្ឋប្រជាមានិតចិន ចំពោះការអភិវឌ្បនៅក្នុងអនុតំបន់ទន្លេមេគង្គ»។
យោងតាមរយៈសេចក្តីប្រកាសខាងលើ កម្ពុជានឹងជំរុញជាអតិបរមានូវការរួមចំណែកទាំងនេះ និងប្រែក្លាយការរួមចំណែកឱ្យក្លាយជាកាតាលីករ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរឡើងពីវិស័យរបស់គម្រោងខាងលើ រួមមានការដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទិក ព័ត៌មានវិទ្យាបេតិកភណ្ឌវប្បធម៌ សន្តិសុខស្បៀង និងការកសាងសមត្ថភាព។ល។
លោក ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មី ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់កម្រិត និងទិដ្ឋភាព ដើម្បីសម្រេចឱ្យបានចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះ ក្នុងការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ជំនួយនៅក្នុងក្របខ័ណ្ឌទន្លេមេគង្គ-ឡានឆាង ពីប្រទេសចិននេះ មានភាពចាំបាច់ និងសមស្របតាមតម្រូវការជាក់ស្តែងក្នុងការអភិវឌ្ឍសង្គមកម្ពុជា ទាំងការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ។
លោកបានបន្តថា៖ «តំបន់-មេគង្គនេះ ក្លាយជាទីចាប់អារម្មណ៍ និងជាទីប្រកួតប្រជែងរបស់មហាអំណាចផងដែរ។ ក្នុងតំបន់មេគង្គមានគំនិតផ្តួចផ្តើមជាច្រើន ទាំងអាមេរិក-មេគង្គ គំនិតផ្តួចផ្តើមមេគង្គក្រោម មេគង្គ-កាំងហ្ការបស់ឥណ្ឌា មេគង្គ-ជប៉ុន មេគង្គ-កូរ៉េ គណៈកម្មាធិការសហប្រតិបត្តិការមេគង្គនិងមេគង្គ-ឡានឆាង របស់ចិនជាដើម។ ប្រទេសធំៗ ប្រទេសមហាអំណាចកណ្តាល កំពុងបង្ហាញឥទ្ធិពលនៅតំបន់មេគង្គ»។
លោកបានបន្ថែមថា ទោះជាយ៉ាងណាក្តី ប្រសិនបើមានកិច្ចសហប្រតិបត្តិការច្រើនប្រទេសតំបន់មេគង្គគួរទាញយកផលប្រយោជន៍ពីបណ្តុំការប្រកួតប្រជែងទាំងនេះវិញ។ លោកថា មិនថាជំនួយចិន ឬប្រទេសណាឡើយ តែងមានគោលដៅ និងអំណាចស្រទន់រៀងៗខ្លួនក្នុងការបញ្ជ្រាបឥទ្ធិពលក្នុងតំបន់។
សម្រាប់លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញការទូតសន្តិសុខបានលើកឡើងថា ក្របខ័ណ្ឌមេគង្គ-ឡានឆាង ជាក្របខ័ណ្ឌអភិវឌ្ឍន៍ដែលបានជួយតំបន់ ប្រជាជន មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច។
លោកបានបន្តថា៖ «ចាប់ពីគម្រោងមេគង្គ-ឡានឆាង បានចាប់ផ្តើមនៅឆ្នាំ ២០១៦ មក កម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍ជាច្រើនក្នុងនោះផ្តោតសំខាន់លើការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធថាមពល ពង្រីក និងពង្រឹងសកម្មភាពពាណិជ្ជកម្មនៅក្នុងតំបន់ជាមួយនឹងចិន ក៏ដូចជាការអភិវឌ្ឍសុខុមាលភាពប្រជាជន»។
ទោះជាយ៉ាងណាលោកថា ការធ្វើនយោបាយតូបនីយកម្មនៅក្នុងតំបន់មេគង្គនឹងបង្កឱ្យមានហានិភ័យខ្លាំងស្របពេលដែលមានការប្រកួតប្រជែងមហាអំណាចនៅក្នុងតំបន់ដែលប្រទេសក្នុងតំបន់មេគង្គក៏ដូចជាអាស៊ាន ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព មជ្ឈភាពអាស៊ានក្នុងការកសាង និងអភិវឌ្ឍតំបន់៕