សៀមរាបៈ នាយកក្រុមហ៊ុនយ៉ាម៉ាត្រុហ្គីនរបស់ប្រទេសជប៉ុន បានចុះពិនិត្យរកទីតាំងដីឱ្យប្រជាពលរដ្ឋ សម្រាប់ដាំត្រសក់ផ្អែមឡើងវិញនៅក្នុងខេត្តសៀមរាប បន្ទាប់ពីដំណាំប្រភេទនេះបានបាត់មុខអស់ជាច្រើនឆ្នាំ ដោយក្រុមហ៊ុនជាអ្នកផ្តល់បច្ចេកទេស និងប្រមូលទិញទិន្នផលពីការដាំដំណាំនេះ។
លោក ណាបិស៊ីម៉ា កាស៊ីហ៊ីតុ នាយកក្រុមហ៊ុនយ៉ាម៉ាតុ ហ្គ្រីន បានសហការជាមួយរដ្ឋបាលខេត្ដសៀមរាប កាលពីថ្ងៃទី ១៣ ខែមិថុនា បានចុះពិនិត្យរកទីតាំងដីដាំត្រសក់ផ្អែមសម្រាប់ឱ្យប្រជាកសិករ ដែលបានស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅរស់នៅភូមិអភិវឌ្ឍន៍រុនតាឯក នៅស្រុកបន្ទាយស្រី មកធ្វើការដាំត្រសក់ផ្អែមឡើងវិញ។ នេះបើតាមមន្ទីរព័ត៌មានខេត្តសៀមរាប។
លោក ណាបិស៊ីម៉ា កាស៊ីហ៊ីតុ បន្ដថា៖ «ការបង្កើតគម្រោងជំរុញឱ្យពលរដ្ឋដាំត្រសក់ផ្អែមឡើងវិញនេះ គឺដោយសារតែមើលឃើញផ្លែត្រសក់ផ្អែមមានដើមកំណើតនៅក្នុងស្រុកបន្ទាយស្រី ប៉ុន្ដែរយៈពេលច្រើនឆ្នាំមកនេះ គឺគ្មានវត្ដមានប្រជាកសិករដាំត្រសក់ប្រភេទនេះនៅក្នុងស្រុកនោះទៀតឡើយ ខណ:ដែលត្រសក់នេះមានទីផ្សារនៅខេត្ដបាត់ដំបង និងខេត្ដឧត្ដរមានជ័យ»។
លោកថា ការដាំត្រសក់ផ្អែម គឺក្រុមហ៊ុននឹងផ្ដល់បច្ចេកទេស ផ្ទះសំណាញ់ ខណៈក្រុមហ៊ុនក៏ជាអ្នកប្រមូលទិញទិន្នផលសម្រាប់លក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ។ លោកបញ្ជាក់ដែរថា ត្រសក់ផ្អែម គឺជាផ្នែកមួយជួយឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកនោះ ក៏ដូចជាពលរដ្ឋ ដែលទើបស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរមានមុខរបរប្រចាំថ្ងៃ ស្របពេលដែលត្រសក់ផ្អែមមានតម្លៃខ្ពស់ អាចជួយបង្កើនជីវភាពពួកគាត់បាន។
លើសពីនេះ នាយកក្រុមហ៊ុនជប៉ុនខាងលើ ក៏បញ្ជាក់ដែរថា៖ «បច្ចុប្បន្ន ផ្លែត្រសក់ផ្អែមគឺមានប្រជាពលរដ្ឋនៅខេត្ដបាត់ដំបង បានអនុវត្ដគម្រោងនេះ គឺងាយស្រួលដាំដុះ ថែមទាំងទទួលបានទីផ្សារខ្ពស់ទៀតព្រោះត្រសក់ផ្អែម គឺជាប្រភេទដំណាំវល្លិ៍មានផ្លែជាអាហារ ដែលមានវត្តមានក្នុងប្រទេសកម្ពុជា តាំងពីអំឡុងឆ្នាំ ២០០៥ មក»។
លោក ហេង ហំ គណៈកម្មការសហគមន៍សុវត្ថិភាពបន្ទាយស្រី ខេត្តសៀមរាប បានបង្ហាញការស្វាគមន៍ចំពោះគម្រោងដាំត្រសក់ឡើងវិញនេះ ហើយគម្រោងនេះនឹងធ្វើប្រជាពលរដ្ឋមានការងារធ្វើច្រើន ព្រោះនៅស្រុកបន្ទាយស្រីមានប្រជាពលរដ្ឋទៅរស់នៅច្រើន។
លោកបន្តថា បើតាមអ្នកជំនាញជប៉ុន ដំណាំត្រសក់ផ្អែមត្រូវការពន្លឺថ្ងៃគ្រប់គ្រាន់ ព្រោះវាងាយឆ្លងជំងឺ ងាយរងការបំផ្លាញពីសត្វល្អិត និងការប៉ះពាល់ដោយសារទឹកលិចជាដើម ហេតុដូច្នេះលោកថា កសិករគួរជ្រើសរើសរដូវដាំដុះដំណាំនេះឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលល្អ។ គណ:កម្មការសហគមន៍សុវត្ថិភាពបន្ទាយស្រីបានឱ្យដឹងថា ការដាំត្រសក់ផ្អែមនៅក្នុងស្រុកបន្ទាយស្រី បានអវត្ដមានជាច្រើនឆ្នាំមកហើយ តាំងពីឆ្នាំ ២០០៦ មក។ ការអវត្តមានការដាំត្រសក់ផ្អែមនេះ ដោយសារកត្តាគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការខ្វះបច្ចេកទេសដាំដុះជាដើម ដែលធ្វើឱ្យបាត់បង់ទីផ្សារ។
យោងតាមរបាយការណ៍រដ្ឋបាលខេត្តសៀមរាប ខេត្តនេះមានប្រជាជនប្រកបរបរកសិកម្មចំនួន ៣៥៣ ១៦៨ គ្រួសារ ស្មើនឹង ៦៧,៦៨ ភាគរយ នៃគ្រួសារសរុបក្នុងខេត្ត៕