ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងតំណាងអង្គការ UNDP ប្រចាំកម្ពុជា បានជំរុញឱ្យប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់បន្តការគាំទ្រ និងបង្កើនកញ្ចប់ថវិការបស់ខ្លួន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ពន្លឿនឈានទៅសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ ២០២៥ ឱ្យកាន់តែឆាប់។
នេះជាការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ ២០២៣ នាថ្ងៃទី ១៥ ខែមិថុនា។
លោក លី ធុជ បានលើកឡើងថា ចាប់ពីឆ្នាំ ២០២២ បន្ថែមលើថវិកាចូលរួមពីដៃគូអភិវឌ្ឍន៍ និងប្រភពផ្សេងៗលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកៀរគរធនធានបន្ថែម និងជំរុញឱ្យមានការចូលរួមពីវិស័យឯកជន និងសប្បុរសជននានាក៏ដូចជាបានទម្លាក់កញ្ចប់ថវិកាជាតិ តាមរយៈ «មូលនិធិកម្ពុជាគ្មានមីនឆ្នាំ ២០២៥» ដើម្បីបំពេញបន្ថែមមហិច្ឆតាដោះស្រាយបញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ ២០២៥។
នាកិច្ចប្រជុំនោះដែរ លោក លី ធុជ ក៏បានអំពាវនាវថា៖ «សុំឱ្យប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តការគាំទ្រផែនការបោសសម្អាតមីនសម្រាប់ឆ្នាំ ២០២៤-២០២៥ បន្ថែមទៀត ដោយគ្រោងនឹងបោសសម្អាតក្នុងទំហំផ្ទៃដីមានមីននៅសល់ប្រមាណជា ៣៥៩ គីឡូម៉ែត្រក្រឡា និងប្រើប្រាស់ថវិកាចំនួន ៧៨ លានដុល្លារអាមេរិក»។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក លី ធុជ ក៏បានថ្លែងអំណរគុណសម្រាប់ការគាំទ្រប្រកបដោយទឹកចិត្តសប្បុរសចំពោះអង្គការ UNDP រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ និងនូវែលសេឡង់ ក្នុងចំណោមប្រទេសដទៃទៀតដែលបានចូលរួមគាំទ្រការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។
តាមរយៈអាជ្ញាធរមីនកម្ពុជា លោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា ក៏បានលើកឡើងដោយលោកស្រីទទូចឱ្យដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តការគាំទ្រ និងបង្កើនកញ្ចប់ថវិការបស់ខ្លួន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ពន្លឿនឈានទៅសម្រេចគោលដៅឆ្នាំ ២០២៥ ឱ្យកាន់តែឆាប់។
សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះគឺដើម្បីពិនិត្យលើសមិទ្ធផលគម្រោងពីខែមករា ដល់ខែមិថុនា ឆ្នាំ ២០២៣, ការងារអាទិភាពសំខាន់ៗសម្រាប់ខែកក្កដាដល់ខែធ្នូ ឆ្នាំ ២០២៣ បញ្ហាប្រឈមក្នុងការអនុវត្ត និងហានិភ័យ និងការធ្វើបច្ចុប្បន្នភាពហិរញ្ញវត្ថុជាដើម។
តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) កិច្ចប្រជុំនេះលោកស្រី ស៊ីន ជុងយ៉ុន (Ms. Shin Jungyeon) អនុប្រធានតំណាង នៃការិយាល័យកយកា-KOICA ប្រចាំប្រទេសកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់អាជ្ញាធរក្នុងការអនុវត្តគម្រោងបោសសម្អាតមីន។
លោកស្រីក៏បានថ្លែងនូវការអបអរសាទរដល់អាជ្ញាធរមីន ចំពោះផែនការរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់រៀបចំ «សន្និសីទសកលស្តីអំពីជំនួយដល់ជនរងគ្រោះ» ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញចាប់ពីថ្ងៃ ថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ ហើយទីភ្នាក់ងារកយកាតាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV) គ្រោងនឹងគាំទ្រថវិកា ១៥ ០០០ ដុល្លារអាមេរិក សម្រាប់សន្និសីទពិភពលោកនេះផងដែរ។
សូមរំឭកថា កយកា-KOICA បានគាំទ្រសកម្មភាពបោសសម្អាតមីននៅកម្ពុជា ដោយផ្តល់ថវិកាចំនួន ១០ លានដុល្លារអាមេរិក ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស សម្រាប់ជួយកម្ពុជាក្នុងការបោសសម្អាតមីន ជំនួយជនរងគ្រោះ និងការអប់រំពីហានិភ័យមីន ក៏ដូចជាការអភិវឌ្ឍជនបទ។
យោងតាមអាជ្ញាធរមីន សកម្មភាពមីនរយៈពេលជាង ៣០ ឆ្នាំនេះ កម្ពុជារួមជាមួយដៃគូអភិវឌ្ឍន៍ បានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមលើផ្ទៃដីចំនួន ២ ៥៧៩ គីឡូម៉ែត្រក្រឡា ដែលដីទាំងនោះ ត្រូវបានប្រគល់ជូនសហគមន៍វិញសម្រាប់គោលបំណងដូចជាកសិកម្ម ការតាំងលំនៅថ្មី ផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗជាដើម។
ក្នុងខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះដែរ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងជនមានពិការភាព ដែលមានប្រទេសចំនួន ៤៥ នឹងចូលរួមសន្និសីទនេះ៕