កម្ពុជា និងសាធារណរដ្ឋឆែក បានបង្ហាញការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទូលំទូលាយដែលជាផលប្រយោជន៍រួមឱ្យកាន់តែប្រសើរថែមទៀត ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យកាន់តែស៊ីជម្រៅ ខណៈកំណើនសេដ្ឋកិច្ចប្រកបដោយថាមវន្តរបស់កម្ពុជាបានជំរុញឱ្យអ្នកវិនិយោគឆែកចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។
ការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋឆែក តំណាងដោយរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាលោក ចែម វីឌ្យ៉ា និងលោក Jiří Kozák អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសនៃសាធារណរដ្ឋឆែក ដែលធ្វើជាសហប្រធាន នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចពិគ្រោះយោបល់នោះ បានឱ្យដឹងថា ភាគីទាំង ២ បានកត់សម្គាល់ ដោយសេចក្តីពេញចិត្តចំពោះចំណងមិត្តភាពដ៏ល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដែលកំពុងលូតលាស់រវាងប្រទេសទាំង២។ ភាគីទាំង២ក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទូលំទូលាយដែលជាផលប្រយោជន៍រួមឱ្យកាន់តែប្រសើរថែមទៀត។
នាឱកាសនោះ លោក ចែម វីឌ្យ៉ា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនឆែក ចំពោះជំនួយសប្បុរសធម៌ជាច្រើនឆ្នាំកន្លងមក ចាប់តាំងពីការរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានរួមចំណែកយ៉ាងសំខាន់ទៅដល់សុខុមាលភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរលោក Jiří Kozák បានស្ងើចសរសើរការកើនឡើងយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ប្រកបដោយភាពជោគជ័យ។ លោកក៏បានបញ្ជាក់ផងដែរថា កត្តាស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយថាមវន្តរបស់កម្ពុជាបានជំរុញឱ្យអ្នកវិនិយោគឆែកចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា៖«ក្នុងអំឡុងកិច្ចពិភាក្សា ភាគីទាំង២បានពិនិត្យឡើងវិញនូវគម្រោងកិច្ចសហប្រតិបត្តិការដែលមានស្រាប់។ ឯកឧត្តមទាំងពីរបានផ្លាស់ប្តូរយោបល់អំពីមធ្យោបាយនានាដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទៅជាភាពជាដៃគូដ៏រឹងមាំ»។
ភាគីទាំង២ក៏បានគូសបញ្ជាក់ពីវិស័យអាទិភាពចម្បង រួមមានវិស័យសុខាភិបាល និងអប់រំ។
ចំណែកប្រធានបទនៃកិច្ចពិភាក្សាដទៃទៀតរួមមាន វិស័យពាណិជ្ជកម្ម និងវិនិយោគ វប្បធម៌ ទេសចរណ៍ ការដឹកជញ្ជូនផ្លូវអាកាស ថាមពលកកើតឡើងវិញ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា កសិកម្ម និងអភិវឌ្ឍន៍ជនបទ។ល។
ប្រភពដដែលបន្តថា ភាគីទាំង២ក៏បានឯកភាពលើកទឹកចិត្តតួអង្គពាក់ព័ន្ធធ្វើការរួមគ្នា ដើម្បីបង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចជាទៀងទាត់នៅក្នុងប្រទេសទាំង២ ដើម្បីទទួលបានការចូលរួមកាន់តែសកម្មពីវិស័យឯកជន។
ជាទីបញ្ចប់នៃកិច្ចពិភាក្សា ភាគីទាំង២បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការបន្តកិច្ចសន្ទនាតាមរយៈកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំង២ដែលជាយន្តការមានប្រសិទ្ធភាពសម្រាប់តាមដានសកម្មភាពដែលបានឯកភាពកន្លងមក ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យកាន់តែស៊ីជម្រៅ។ កិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋឆែក លើកទី៣ នឹងត្រូវធ្វើឡើងនៅសាធារណរដ្ឋឆែក៕