រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានស្នើទៅកាន់ភាគីចិន ជួយជំរុញការហោះហើរត្រង់ពីទីក្រុងនានានៅប្រទេសចិន មកកាន់ប្រទេសកម្ពុជា ហើយចំពោះទីក្រុងណាដែលទាំងមិនទាន់មានការហោះហើរមកកម្ពុជា ក៏សូមបង្កើតឱ្យមានការហោះហើរត្រង់មកឱ្យបានកាន់តែច្រើន ខណៈកម្ពុជានឹងមានអាកាសយានដ្ឋានអន្តរជាតិធំៗដែលអាចទទួលការចុះចតយន្តហោះដឹកអ្នកដំណើរគ្រប់ប្រភេទ។
ការស្នើបែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ថោង ខុន ជាមួយលោក រ៉ាវ ឈាន (Rao Quan) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
នាឱកាសនោះលោក ថោង ខុន បានស្នើឱ្យមានការជំរុញការហោះហើរត្រង់ពីទីក្រុងសំខាន់ៗនៅប្រទេសចិន មកកាន់អាកាសយានដ្ឋានអន្តរជាតិនៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនទៀត។
លោកថា៖«ពិសេសគឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីត្រៀមដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២៣ឆាប់ៗខាងមុខ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីក៏នឹងបើកដំណើរការនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥នេះហើយដែរ»។
ជាការឆ្លើយតបលោក រ៉ាវ ឈាន បានសន្យាពាំនាំសំណើទាំងនេះ ក៏ដូចជាព័ត៌មាននៃកិច្ចពិភាក្សានេះជូនទៅកាន់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធក្នុងការពិចារណាជំរុញឱ្យមានការហោះហើរត្រង់មកកាន់កម្ពុជាបន្ថែមទៀត។ នាឱកាសនោះដែរលោកក៏បានលើកឡើងពីបំណងចង់ពង្រីកជើងហោះហើរត្រង់ពីទីក្រុងដែលមានការហោះហើរត្រង់មកកាន់កម្ពុជាស្រាប់ និងរៀបចំឱ្យមានជើងហោះហើរត្រង់ថ្មីសម្រាប់អាកាសយានដ្ឋានដែលមិនទាន់មានការហោះហើរត្រង់ជាមួយគ្នា។
ក្រសួងទេសចរណ៍ បានឱ្យដឹងពីជំនួបនោះថា៖«ភាគីទាំង២មានសុទិដ្ឋិនិយមថា ការពង្រីកបន្ថែមជើងហោះហើរត្រង់រវាងប្រទេសទាំង២នេះ គឺជាកាលានុវត្តភាពមួយក្នុងការទាក់ទាញរំហូរទេសចរពីប្រទេសចិនមកកាន់កម្ពុជា និងពីកម្ពុជាទៅកាន់ប្រទេសចិន ក៏ដូចជាទេសចរមកពីប្រទេសផ្សេងទៀតដែរ"៕