មណ្ឌលគិរីៈ កសិករ​ដាំ​ដំណាំ​ស្វាយចន្ទី​ចំនួន​ ២១៨​ នាក់ ​នៅក្នុង​ស្រុក​កែវ​សីមា​ ទទួលបាន​ការបណ្តុះ​បណ្តាល​ក្នុង​ការកសាង​ជំនាញ​បច្ចេកទេស លើ​ការប្រើប្រាស់​សត្វ​អង្ក្រង​ជា​ភ្នាក់ងារ​ការពារ​ជីវសាស្ត្រ​ ដើម្បី​ទប់ស្កាត់​សត្វល្អិត​ចង្រៃ​ផ្សេងៗ​តាមរយៈ​គម្រោង ​USAID​ មរតក​បៃតង​។​

​អ្នក​ដាំ​ដំណាំ​ស្វាយចន្ទី​នៅក្នុង​ស្រុក​កែវ​សីមា​តែងតែ​ប្រឈមមុខ​ទៅនឹង​បញ្ហា​ទទួលបាន​ទិន្នផល​ទាប និង​គ្រាប់ស្វាយចន្ទី​មិនសូវ​មានគុណ​ភាពល្អ ដោយសារ​មានការ​បំផ្លាញ​ពី​សត្វល្អិត និង​ជំងឺ​ផ្សេងៗ​។ មាន​សត្វល្អិត​ចម្បងៗ​ចំនួន​៤ ដែល​បំផ្លាញ​ដំណាំ​ស្វាយចន្ទី​ដ៏​គួរឱ្យ​បារម្ភ​ដូចជា ស្រឹង​មូស​តែ​(Tea Mosquito Bug) ដង្កូវ​ស៊ី​គ្រាប់ស្វាយចន្ទី (Cashew Shoot Borer) ដង្កូវ​ស៊ី​រូង និង​ឬ​ស​គ្រាប់ស្វាយចន្ទី (Cashew Stem and Root Borer) និង​ទ្រី​ប​ផ្កា​។ នេះ​បើ​យោងតាម​គម្រោង​USAID​មរតក​បៃតង​។

​គម្រោង​នេះ​បាន​លើកឡើងថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​USAID មរតក​បៃតង បានផ្តល់​ការបណ្តុះបណ្តាល​ដើម្បី​កសាង​ជំនាញ​បច្ចេកទេស​ដល់​អ្នក​ដាំ​ដំណាំ​ស្វាយចន្ទី​ចំនួន​២១៨​នាក់​(​ស្រី​៩៩​នាក់​) លើ​ការប្រើប្រាស់​សត្វ​អង្ក្រង​ជា​ភ្នាក់ងារ​ការពារ​ជីវសាស្ត្រ​ដើម្បី​ទប់ស្កាត់​សត្វល្អិត​ចង្រៃ​ផ្សេងៗ​។ កម្មវិធី​នេះ​រួមបញ្ចូល​នូវ​កិច្ច​អន្តរាគមន៍​ជា​បន្តបន្ទាប់​ដោយ​អ្នក​ប្រឹក្សា​ជំនាញ​ផ្នែក​ដំណាំ​ស្វាយចន្ទី​ផងដែរ ដោយ​ផ្តោតលើ​បច្ចេកទេស​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។​

​យោងទៅតាម​លោក សៀង កាន ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ខ្សែ​ច្រវាក់​តម្លៃ ដែលមាន​ឯកទេស​ខាង​បច្ចេកទេស​ប្រើ​ភ្នាក់ងារ​ការពារ​ជីវសាស្ត្រ​សម្រាប់​គ្រប់គ្រង​ដំណាំ​បានឱ្យដឹងថា ការប្រើប្រាស់​ភ្នាក់ងារ​ការពារ​ជីវសាស្ត្រ​ដូចជា​សត្វ​អង្ក្រង​ជាដើម ជួយ​ដោះស្រាយ​បញ្ហា​សត្វល្អិត និង​ជំងឺ​ផ្សេងៗ​ដែលជា​មូលហេតុ​នៃ​ទិន្នផល​ទាប​របស់​កសិករ និង​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​ពី​ផលិតកម្ម​ធម្មតា​ទៅជា​ផលិតកម្ម​គ្រាប់ស្វាយចន្ទី​សរីរាង្គ​នាពេល​អនាគត​ផងដែរ​៕