ភ្នំពេញៈ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់សហគមន៍ គ្រួសារ សិស្សានុសិស្ស យុវជន ជនងាយរងគ្រោះ និងសាធារណជនងាកមកចាប់អារម្មណ៍ និងទទួលយកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាជម្រើសដ៏ល្អមួយសម្រាប់ការស្វែងរកឱកាសការងារ និងការបង្កើតមុខរបរដោយខ្លួនឯង ដើម្បីជីវភាពផ្ទាល់ខ្លួនផង និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផង។
បើតាមក្រសួងការងារ លោករដ្ឋមន្ត្រី បានធ្វើការអំពាវនាវយ៉ាងដូច្នេះ ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈលើកទី៦ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ និងការងារសមរម្យ» នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២៣ នៅសាលមហោស្របកោះពេជ្រ រាជធានីភ្នំពេញ។
លោក អ៊ិត សំហេង បានលើកឡើងថា ចាប់តាំងពីមានគ្រឹះស្ថានបណ្តុះបណ្តាលតិចតួច បច្ចុប្បន្ននៅកម្ពុជា មានគ្រឹះស្ថានបណ្តុះបណ្តាលចំនួន ៣២៥។
ក្នុងឆ្នាំ ២០២២ មានសិក្ខាកាម សិស្ស និស្សិតបានបញ្ចប់ការសិក្សាគ្រប់កម្រិតចំនួន ៨៩ ៨៧៨នាក់ ហើយសិក្ខាកាម សិស្ស និស្សិតដែលបានបញ្ចប់ការសិក្សា ទទួលបានការងារធ្វើស្ទើរទាំងអស់ ដោយទទួលបានប្រាក់ឈ្នួលសមរម្យច្រើនជាងកម្មករនិយោជិតដែលមិនមានជំនាញ។
ទន្ទឹមនោះ សិក្ខាកាមមួយចំនួនក៏មានលទ្ធភាពបង្កើតមុខរបរដោយខ្លួនឯងប្រកបដោយជោគជ័យ ដែលបានរួមចំណែកបង្កើតការងារបន្ថែម។
លោករដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងទៀតថា បច្ចុប្បន្នគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយវិស័យឯកជនបានចំនួន ២៣០ ក្រុមហ៊ុន ដើម្បីសហការផ្ដល់ការបណ្តុះបណ្តាលជំនាញតាមតម្រូវការរបស់ក្រុមហ៊ុន ដោយធានាថា សិក្ខាកាម សិស្ស និស្សិត ដែលបានបញ្ចប់ការសិក្សាទទួលបានការងារល្អនៅក្រុមហ៊ុនទាំងនោះ។
លោកបន្ថែមថា៖ «រាជរដ្ឋាភិបាលបានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជននៅគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន ១លាន ៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ ២០២៣ នេះតទៅ ដើម្បីផ្តល់ឱកាសឱ្យពួកគេមានជំនាញសម្រាប់យកទៅធ្វើការងារ ឬ បង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា»៕