សៀមរាបៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បញ្ជាក់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) នឹងតាំងពិព័រណ៍សមិទ្ធផល ៣០ ឆ្នាំ របស់ខ្លួនអំពីកិច្ចការអភិរក្ស និងអភិវឌ្ឍរមណីយអង្គរពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣ ក្នុងអំឡុងពេលកិច្ចប្រជុំអន្តររដ្ឋាភិបាលស្តីពីរមណីយដ្ឋានអង្គរលើកទី៤ នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ (UNESCO) នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១៥ ខែវិច្ឆកា ខាងមុខ។
ការបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារត្រៀមរៀបចំកិច្ចប្រជុំអន្តររដ្ឋាភិបាលស្តីពីរមណីយដ្ឋានអង្គរនេះ ដែលដឹកនាំដោយលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១៦ ខែមិថុនា។
ហ្វេសប៊ុកក្រសួងវប្បធម៌បញ្ជាក់នាថ្ងៃទី១៧ ខែមិថុនា ថា កិច្ចប្រជុំនេះបានផ្តោតទៅលើការងារចាំបាច់ត្រៀមសម្រាប់កិច្ចប្រជុំអន្តររដ្ឋាភិបាលនេះ រួមមាន ការងាររៀបចំឯកសារ និងសៀវភៅស្តីពីសមិទ្ធផល ៣០ ឆ្នាំនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរក្នុងក្របខ័ណ្ឌ ICC-Angkor។
ហ្វេសប៊ុកបន្តថា៖ «ការងាររៀបចំតាំងពិព័រណ៍សមិទ្ធផល ៣០ ឆ្នាំ របស់ ICC-Angkor ហើយពិព័រណ៍នេះគ្រោងនឹងរៀបចំនៅទីស្នាក់ការកណ្តាលរបស់យូណេស្កូទីក្រុងប៉ារីស។ ការបែងចែកភារកិច្ច និងកិច្ចសហការរបស់ភាគីពាក់ព័ន្ធទាំងអស់ [គឺ] ដើម្បីធានាបាននូវដំណើរការល្អនៃកិច្ចប្រជុំអន្តររដ្ឋាភិបាលនេះ»។
ក្រសួងលើកឡើងថា កិច្ចប្រជុំអន្តររដ្ឋាភិបាលនេះនឹងមិនត្រឹមតែផ្តោតទៅលើសមិទ្ធផល ៣០ ឆ្នាំ និងបញ្ហាប្រឈមនោះទេ ប៉ុន្តែក៏នឹងប្រកាសជាផ្លូវការនូវកិច្ចសហការរួមគ្នា ១០ ឆ្នាំបន្តទៀតរវាងរាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន-បារាំង និងយូណេស្កូក្នុងក្របខ័ណ្ឌ ICC-Angkor រហូតដល់ឆ្នាំ២០៣៣។
ក្រសួងបន្តថា នៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាលនេះក៏នឹងកំណត់ផងដែរអំពីយុទ្ធសាស្រ្ត ១០ ឆ្នាំ ខាងមុខពីឆ្នាំ២០២៣ ដល់ឆ្នាំ២០៣៣ សម្រាប់កិច្ចការអភិរក្ស និងអភិវឌ្ឍរមណីយអង្គរ ដែលកិច្ចការអភិវឌ្ឍន៍ធនធានមនុស្សអាចជាទិសដៅសំខាន់ចម្បង៕