ភ្នំពេញៈ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចពិភាក្សាក្រៅផ្លូវការស្តីពីបញ្ហាមីយ៉ាន់ម៉ារយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី ១៨-១៩ ខែមិថុនា នៅប្រទេសថៃ តបតាមការអញ្ជើញរបស់លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី១៦ ខែមិថុនា ថា ជំនួបផ្លាស់ប្តូរយោបល់ដោយផ្ទាល់នេះនឹងរួមចំណែកដល់ការរិះរកមធ្យោបាយនានា ដើម្បីតាមដាននូវអនុសាសន៍ដែលបានលើកឡើងដោយថ្នាក់ដឹកនាំមួយចំនួន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ កាលពីខែឧសភា ឆ្នាំ ២០២៣។
សេចក្តីប្រកាសព័ត៌មានបន្តថា ជំនួបនេះក៏នឹងជំរុញបន្ថែមទៀតនូវការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ឬ កុងសង់ស៊ី ៥ ចំណុច ព្រមទាំងការវាយតម្លៃ និងសេចក្តីសម្រេចចិត្ត ១៥ ចំណុច របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអនុវត្តកុងសង់ស៊ីស ៥ ចំណុចនេះ៕