ក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វព្រៃចំនួន ៣៤ ប្រភេទ ត្រូវបានថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ កាលខែមីនា ឆ្នាំ ២០២៣ នៅក្នុងតំបន់របៀងអភិរក្សជីវៈចម្រុះជាប់នឹងឧទ្យានជាតិវីរ:ជ័យ ក្នុងខេត្តរតនគិរី ដែលការរកឃើញនេះជារបកគំហើញសំខាន់ៗ និង ជាលទ្ធផលដ៏គួរឱ្យរំភើប។
ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងបរិស្ថាន និង អង្គការសត្វព្រៃ និង រុក្ខជាតិ (FFI) ការសិក្សាស្រាវជ្រាវជីវៈចម្រុះរហ័សក្នុងតំបន់របៀងអភិរក្សជីវៈចម្រុះជាប់នឹងឧទ្យានជាតិវីរ:ជ័យ ក្នុងខេត្តរតនគិរីត្រូវបានធ្វើឡើង ដែលក្នុងនោះសត្វព្រៃជាច្រើនប្រភេទត្រូវបានថតបានតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។
យោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន កាលខែមីនា ឆ្នាំ ២០២៣ ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ២៧គ្រឿង ត្រូវបានដាក់ពង្រាយក្នុងតំបន់របៀងអភិរក្សជីវៈចម្រុះដោយក្រុមមន្ត្រីជំនាញមកពីអង្គការសត្វព្រៃ និងរុក្ខជាតិ និងក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី និងសហគមន៍មូលដ្ឋាន ដោយទុកថតនៅក្នុងព្រៃអស់រយៈពេល ២ ខែ។
តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនេះ សត្វព្រៃចំនួន ៣៤ ប្រភេទត្រូវបានថតបាន ដែលក្នុងនោះ មាន ៨ប្រភេទ ត្រូវបានកំណត់ជាប្រភេទរងការគំរាមកំហែង ក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ( មាន ៥ ប្រភេទជាប្រភេទងាយរងគ្រោះ ២ប្រភេទជាប្រភេទកំពុងជិតផុតពូជ និងចំនួន ១ ប្រភេទជិតផុតពូជបំផុត) ហើយមាន ២ ប្រភេទទៀតជាប្រភេទជិតរងការគំរាមកំហែងផងដែរ។
ក្រសួងបរិស្ថាន គូសបញ្ជាក់ថា របកគំហើញសំខាន់ៗទាំងនេះរួមមានការថតជាប់រូបភាពសត្វខ្លាឃ្មុំធំ សត្វកែះ សត្វក្ងោក សត្វស្វាកន្ទុយស ហើយក៏ថតជាប់សត្វខ្លា ភ្ញីថ្មកែវ មួយក្បាលដែលឃើញមានកូនផងដែរ។
ក្រសួងបន្តថា៖ «លទ្ធផលដ៏គួរឱ្យរំភើបទាំងនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជួយជាព័ត៌មានដល់ការពិភាក្សាជុំវិញការកំណត់ និងបែងចែកតំបន់គ្រប់គ្រងនៃឧទ្យានជាតិវីរៈជ័យ និងរបៀងអភិរក្សជីវចម្រុះ ក្នុងខែមិថុនាខាងមុខនេះ ដើម្បីធានាថា សត្វព្រៃសំខាន់ៗទាំងនេះត្រូវបានការពារ»។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូសហការទាំងអស់ សហគមន៍មូលដ្ឋាន និងម្ចាស់ជំនួយមូលនិធិ Darwin Initiative/DERFA ដែលគាំទ្រលើការសិក្សានេះ៕