ភ្នំពេញៈ កម្ពុជា និងចិន បានបើកវេទិកាកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន លើកទី១ និង ក្រុមអ្នកស្រាវជ្រាវ និងអ្នកជំនាញរវាងខេត្តយូណាន ខេត្តជាំងស៊ី ប្រទេសចិន និងកម្ពុជា ក្រោមមូលបទ «ការជំរុញការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន» កាលពីថ្ងៃទី១៦ ខែមិថុនា នៅខេត្ត យូណាន។
ហ្វេសប៊ុកក្រសួងការបរទេសកម្ពុជាបញ្ជាក់នាថ្ងៃទី១៧ ខែមិថុនា ថា លោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកវេទិកានេះក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន។
កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ កម្ពុជា និងចិន បានឯកភាពបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលមានវិស័យអាទិភាពចំនួន ៦ រវាងប្រទេសទាំង ២ រួមមាន កិច្ចសហប្រតិបត្តិការនយោបាយគុណភាព និង សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន។
ការឯកភាពដូច្នេះ ធ្វើឡើងក្នុងជំនួបរវាងប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសលោកបំពេញទស្សនកិច្ចនៅប្រទេសចិន ៣ថ្ងៃ ពីថ្ងៃទី ៩-១១ ខែកុម្ភៈ៕