កំពង់ធំៈមន្រ្តីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថានាពេលបច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាកំពុងរៀបចំនីតិវិធីដើម្បីភ្ជាប់ការទូទាត់ប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយប្រទេសឡាវនិងវៀតណាមដើម្បីពង្រីកការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ការរៀបចំការភ្ជាប់ការទូទាត់ប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយប្រទេសឡាវនិងវៀតណាមនេះត្រូវបានលោកស្រីជាសិរីទេសាភិបាលរងធនាគារជាតិនៃកម្ពុជាលើកឡើងបន្ទាប់ពីកម្ពុជាបានភ្ជាប់ការទូទាត់ជាមួយថៃបានជោគជ័យហើយបន្ទាប់មកកម្ពុជានឹងពង្រីកការទូទាត់ប្រាក់រៀលទៅប្រទេសក្នុងតំបន់អាស៊ានផ្សេងៗបន្ថែមទៀត។
នៅក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីប្រាក់រៀលចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងប្រព័ន្ធបាគង ក្នុងឱកាសខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរណ៍ប្រាក់រៀល ឡើងវិញនៅខេត្តកំពង់ធំ កាលពីថ្ងៃទី១៥ ខែមិថុនាលោកស្រី ជា សិរី បានបញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អធិបតេយ្យភាពរបស់កម្ពុជាតាមរយៈការជួយពង្រឹងភាពធន់សេដ្ឋកិច្ចជាតិរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងជំរុញកំណើនក៏ដូចជាជួយគ?រប់គ្រងសេដ្ឋកិច្ចក្នុងគ្រាមានវិបត្តិ។
លោកស្រីបានថ្លែងថា៖«ធនាគារជាតិនៃកម្ពុជានឹងភ្ជាប់ការទូទាត់ប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយប្រទេសឡាវនិងវៀតណាមបន្ថែមទៀតបន្ទាប់ពីទទួលបានជោគជ័យលើការភ្ជាប់ការទូទាត់ជាមួយប្រទេសថៃកាលពីកន្លងទៅថ្មីៗ។ការភ្ជាប់ការទូទាត់ប្រាក់រៀលជាមួយប្រទេសទាំង២នេះនឹងអាចដំណើរការក្នុងពេលឆាប់ៗ»។
លោកស្រី ជា សិរី បានបន្តថា៖«ក្រោយពីគម្រោងនេះត្រូវបានដាក់ឱ្យដំណើរការប្រជាជនកម្ពុជាដែលមានគណនីបាគងអាចទូទាត់ថ្លៃទំនិញនិងសេវាកម្មបានគ្រប់ទីកន្លែងនៅទូទាំងប្រទេសទាំង២តែទាមទារឱ្យមានគណនីជាប្រាក់រៀលហើយប្រជាជននៃប្រទេសទាំង២ក៏អាចទូទាត់ថ្លៃទំនិញ និងសេវាកម្មជាប្រាក់រៀលបាននៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជាដូចគ្នាផងដែរ»។
លោកស្រីបានបន្ថែមថាក្រៅពីប្រទេសទាំង៣នេះ កម្ពុជាក៏មានគម្រោងពង្រីកការទូទាត់ប្រាក់រៀលតាមប្រព័ន្ធបាគងជាមួយប្រទេសក្នុងតំបន់អាស៊ានផ្សេងៗបន្ថែមទៀតផងដែរ។ គោលបំណងនៃការភ្ជាប់ការទូទាត់ប្រាក់រៀលជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាននេះ គឺដើម្បីលើកតម្លៃនិងពង្រីកការចាយប្រាក់រៀលរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ក៏ដូចជាដើម្បីបង្កភាពងាយស្រួលក្នុងការទូទាត់សម្រាប់ប្រជាជនកម្ពុជាពេលធ្វើដំ? ណើរកម្សាន្តនៅប្រទេសទាំងនោះ។
លោកស្រីគូសបញ្ជាក់ទៀតថា៖«ការប្រើប្រាស់រូបិយប័ណ្ណជាតិមិនត្រឹមតែដើម្បីរក្សាអធិបតេយ្យជាតិប៉ុណ្ណោះទេថែមទាំងបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សង្គមនិងសេដ្ឋកិច្ចកម្ពុជាតាមរយៈការជួយពង្រឹងភាពធន់សេដ្ឋកិច្ចរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងជំរុញកំណើនជាពិសេសជួយគ្រប់គ្រងសេដ្ឋកិច្ចក្នុងគ្រាមានវិបត្តិឱ្យស្ថិតក្នុងស្ថានភាពប្រសើរមួយ»។
បើតាមលោកស្រី ជា សិរី ការប្រែក្លាយសេដ្ឋកិច្ចកម្ពុជាឱ្យងាកពីប្រាក់ដុល្លារ មកពឹងផ្អែកលើប្រាក់រៀលគឺវាទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងស្ថាប័នសាធារណៈស្ថាប័នឯកជន និងប្រជាពលរដ្ឋកម្ពុជាទូទៅ។ យ៉ាងណាមិញការជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយគឺមិនមែនតែយកឈ្នះប្រាក់ដុល្លារអាមេរិកឬដកប្រាក់ដុល្លារអាមេរិកចេញពីកម្ពុជាតែមួយប៉ប្រិចភ្នែកនោះទេគឺទាមទារឱ្យប្រជាជនកម្ពុជាមានស្មារតីក្នុងការប្រើប្រាស់ប្រាក់រៀលជាប្រចាំដើម្បីសម្រេចគោលដៅទោះបីជាត្រូវការពេលវេលាយូរបន្តិចក្តី។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែមិថុនាថាការដាក់ឱ្យដំណើរការ QR ស្គេនរវាងថៃនិងកម្ពុជាបានដំណើរការទៅដោយជោគជ័យទាំងនៅថៃនិងនៅកម្ពុជាដោយបានសម្រួលយ៉ាងច្រើនដល់ប្រជាជនទាំង២មិនចាំបាច់ប្តូររូបិយប័ណ្ណនៃប្រទេសទាំង២ឡើយនៅពេលទៅដល់ថៃឬពលរដ្ឋថៃមកកម្ពុជា។
លោកគូសបញ្ជាក់ថា៖«សម្រាប់ធនាគារអេស៊ីលីដា Crossing Border Payment គឺសម្របសម្រួលដល់ការទូទាត់ឆ្លងដែនដោយអតិថិជនអេស៊ីលីដាអាចចាយលុយជាប្រាក់រៀល នៅប្រទេសថៃតែម្តងដោយមិនបាច់ប្តូរប្រាក់ឡើយខណៈដែលខាងថៃមកកម្ពុជាក៏ដូចគ្នាដែរ។វាមានសារៈសំខាន់ណាស់ក្នុងការនាំរូបិយប័ណ្ណរៀលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ»។
លោក អ៊ិន ចាន់នី បានបន្ថែមថា Crossing Border Payment នេះមានភាពចាំបាច់ណាស់មិនត្រឹមតែនៅប្រទេសថៃនោះទេប៉ុន្តែនឹងមានការពង្រីកបន្ថែមទៅកាន់ប្រទេសឡាវនិងវៀតណាមនាពេលខាងមុខបន្ថែមទៀតដើម្បីសម្រួលដល់ភ្ញៀវទេសចរពាណិជ្ជករនិងធុរជនក្នុងការទូទាត់ប្រកបដោយភាពងាយស្រួលនិងមានសុវត្ថិភាព។
យោងតាមធនាគារជាតិនៃកម្ពុជា (NBC) កម្ពុជាបានបោះពុម្ពប្រាក់រៀលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនលើកដំបូងនៅឆ្នាំ១៩៥៥ ដោយព្រះបាទសម្តេចព្រះបរមរតនកោដ្ឋនរោត្តមសីហនុដើម្បីបង្ហាញពីអធិបតេយ្យភាពនិងឯករាជ្យជាតិ។នៅគ្រានោះសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍនិងរីកចម្រើនស្ទើរគ្រប់វិស័យហើយប្រាក់រៀលរបស់កម្ពុជាទទួលបានទំនុកចិត្តនិងប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីអភិវឌ្ឍប្រទេសជាតិនិងគ្រប់គ្រងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។
ក្រោយមកកម្ពុជាបានធ្លាក់ចូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យអគារធនាគារជាតិនៃកម្ពុជាត្រូវបានកម្ទេចហើយប្រាក់រៀលត្រូវបានលុបបំបាត់ពីក្នុងចរាចរណ៍ក្រោមទស្សនៈលុយធ្វើឱ្យមានការបែងចែកវណ្ណៈដែលធ្វើឱ្យប្រជាជនបាត់ជំនឿទុកចិត្តទាំងស្រុងលើប្រាក់រៀល។ ក្រោយឆ្នាំ១៩៧៩ កម្ពុជា ត្រូវបានរំដោះរាជរដ្ឋាភិបាលក៏បានសាងសង់អគារធនាគារជាតិឡើងវិញនិងបានបោះពុម្ពប្រាក់រៀលឡើងវិញនៅថ្ងៃទី២០ ខែមីនាឆ្នាំ១៩៨០៕