ភ្នំពេញៈ ក្រុមនិស្សិតចំនួន ៣ ក្រុមឈ្នះពានរង្វាន់កែច្នៃប្រហុកខ្មែរពីមូលនិធិគីណាល់ (Kinal Foundation) ប្រចាំឆ្នាំ ២០២៣ ដោយជយលាភីលេខ១ បានទៅលើក្រុមនិស្សិតមកពីមហាវិទ្យាល័យកសិឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ និស្សិតចំនួន ៣៩ ក្រុមបានចូលរួមប្រកួតប្រជែងដើម្បីយកពានរង្វាន់នេះ។
លោក ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាអគ្គនាយកនៃសហគ្រាសផលិតឱសថប៉េប៉េអឹម (PPM) និងក្រុមហ៊ុនខនហ្វីរេល (Confirel) ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ «ត្នោតមាស» ក្រោមប្រធានបទ «ការបង្កើនគុណភាពតម្លៃបន្ថែមនៃប្រហុក ជាពិសេស គឺដើម្បីធ្វើឱ្យផលិតផលប្រហុកក្លាយទៅជាផលិតផលនាំចេញ» នាថ្ងៃទី ១៧ ខែមិថុនា សម្រាប់ឆ្នាំនេះមាននិស្សិតមកគ្រឹះស្ថានឧត្តមសិក្សាចំនួន ៨ ដែលបានចុះឈ្មោះចូលរួមប្រកួត ដែលធ្វើឱ្យចំនួននេះកើនឡើងជាងកាលប្រកួតមុនៗ។
លោកប្រាប់អ្នកសារព័ត៌មាន ក្រោយពីបិទបញ្ចប់ពិធីនេះថា ប្រហុកមានឆ្លាក់នៅអង្គរវត្ត។តាំងពីកកើតប្រហុកមក គេមិនដឹងថា អ្នកណាបង្កើតវាទេប៉ុន្តែគេគ្រាន់តែដឹងថា ប្រហុកមានរសជាតិឆ្ងាញ់ មានរសជាតិ និងមានជីវជាតិ។
លោកថ្លែងថា៖ «អ៊ីចឹង តាំងពីកកើតប្រហុកហ្នឹងមក យើងមិនដែលបានច្នៃប្រឌិត មិនដែលបានកែច្នៃទេណា! អ៊ីចឹង ជាលើកទី១ ហើយដែលយើងបានធ្វើការប្រឡងប្រជែង។ យើងឃើញថា ជាពិសេសធំបំផុតនោះ និស្សិតដែលជាអ្នកស្នងប្រទេសជាតិយើងហ្នឹង គឺគាត់មានការចាប់អារម្មណ៍ខ្លាំងណាស់។ ឆ្នាំហ្នឹងគឺគាត់បានចូលរួមច្រើន។ អ៊ីចឹងហើយធ្វើឱ្យគំនិតនៃការកែច្នៃលើប្រហុកហ្នឹងគឺមានច្រើន»។
លោក ហៃ លីអ៊ាង បន្ថែមថា ឥឡូវនេះ ការកែច្នៃប្រហុកនេះត្រូវបានដាក់ស្នើសុំជាកម្មសិទ្ធិបញ្ញាជាថ្នាក់អន្តរជាតិ ហើយនៅពេលដែលទទួលបានកម្មសិទ្ធិបញ្ញាការកែច្នៃប្រហុកនេះ លោកជឿជាក់ថា ប្រហុកខ្មែរនឹងមានអនាគតធំ និងវែងឆ្ងាយទៅថ្ងៃក្រោយ ដែលធ្វើឱ្យមុខរបរកែច្នៃប្រហុកមានតម្លៃ ហើយប្រហុកកែច្នៃមានតម្រូវការនាំចេញទៅប្រទេសក្រៅបានច្រើន។
លោកលើកឡើងថា ក្រៅពីផ្តល់ពានរង្វាន់នេះមូលនិធិគីណាល់នឹងតាមជួយពួកគាត់តទៅទៀត ពីព្រោះពួកគេមានទឹកចិត្ត និងមានស្នាដៃ ដោយមូលនិធិត្រូវរុញពួកគាត់ឱ្យបានទៅឆ្ងាយថែមទៀតដើម្បីធ្វើការផលិតប្រហុកជាលក្ខណៈទ្រង់ទ្រាយធំដើម្បីនាំចេញទៅបរទេស។
លោកបន្តថា៖ «អ៊ីចឹងយើងក៏ត្រូវការកម្លាំង និងធនធានមនុស្ស ទេពកោសល្យរបស់គាត់។ អ៊ីចឹង រង្វាន់ថ្ងៃនេះគឺគ្រាន់តែជាការចាប់ផ្ដើមដើម្បីយើងចាប់ដៃគ្នាទាំងអស់គ្នាជាមួយនឹងនិស្សិតក្មេងៗ ដែលបានចូលរួមក្នុងពិធីប្រឡងប្រជែងនេះដើម្បីធ្វើម៉េចឱ្យគេស្គាល់ស្នាដៃរបស់បុព្វបុរសយើង ប្រទេសយើង វប្បធម៌យើង និងរូបភាពប្រហុករបស់យើង»។
បើតាមលោក ហៃ លីអ៊ាង គម្រោងនាំចេញប្រហុកទៅក្រៅប្រទេសនេះមិនទាន់ដឹងថានៅឆ្នាំណាទេ ប៉ុន្តែកំពុងសិក្សាទីផ្សារ។ គម្រោងនាំចេញនេះទើបចាប់ផ្តើមបានប្រហែលជា ១ ខែមុននេះ ហើយឃើញមានការគាំទ្រជាពិសេសអតិថិជនបរទេស។
លោកលើកឡើងថា៖ «អូមឺឡែត (Omelette) អីធម្មតា បារាំងគាត់ញ៉ាំអូមឺឡែតមានតែអំបិល។ ដល់យើងដាក់ប្រហុកទៅវាមានរសជាតិផ្សេង។ ដូចប្រហុកខ្ទិះយើងហ្នឹង ប្រហុកខ្ទិះយើងដាក់ប្រហុកយើងធម្មតាធំក្លិនខ្លាំងគាត់ទទួលអត់បាន។ ដល់ប្រហុកយើងកែច្នៃនេះគាត់ឆ្ងាញ់។ អ៊ីចឹងយើងប្រហែលជាអាចនឹងធ្វើមុខម្ហូបច្រើន។ ប៉ុន្តែអាហ្នឹងវាទាល់តែដូចថា យើងប្រមូលគ្នាធនធានទាំងអស់ដែលយើងមានទាំងប៉ុន្មានហ្នឹង»។
លោក សេន សុវណ្ណ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងក្នុងពិធីនេះថា ក្នុងវេទិកានេះ អ្នកទទួលជយលាភីបានកែច្នៃប្រហុកមួយដែលជាផលិតផលមានលក្ខណៈគ្រប់គ្រាន់ និងមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ធ្វើការវិនិយោគបន្ថែម។ អ្នកទទួលជយលាភីនៃពានរង្វាន់នេះបានទទួលជោគជ័យជាមោទនភាព ដែលពួកគេអាចកែច្នៃផលិតផលប្រហុក ជាផលិតផលជាតិ និងជាអត្តសញ្ញាណជាតិរបស់កម្ពុជា។
លោកថ្លែង៖ «យើងមើលឃើញថាឈីស (Cheese) គឺជាផលិតផលរបស់អឺរ៉ុប និងអាមេរិកជាដើម ហើយយើងមើលឃើញតៅហ្វ៊ូ (Tofu) នរណាក៏ចូលចិត្តតៅហ្វ៊ូ ដែរ យកទៅធ្វើជាម្ហូបច្រើនមុខដែលជាផលិតផលចេញពីចិន កូរ៉េ ជប៉ុននេះឯង។ យើងប្រាកដជាមានមោទនភាពប្រសិនបើប្រហុករបស់យើងដូច លោកឧកញ៉ាហៃ លីអ៊ាងបានស្រមើស្រមៃ វានឹងក្លាយទៅជាផលិតផល ដែលមានសារៈសំខាន់ជា Recipe ដ៏សំខាន់សម្រាប់មុខម្ហូបអាហារដែលប្រើប្រាស់ដោយបរទេស។ វាប្រាកដណាស់ថា យើងនឹងមានផលិតផលថ្មីទៀតសម្រាប់ធ្វើការនាំចេញ»។
សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបង្ហោះសារនៅលើបណ្តាញហ្វេសប៊ុកនាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៣ ថា៖ «សូមអបអរសាទរដល់ប្អូនៗ និស្សិតមហាវិទ្យាល័យកសិឧស្សាហកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលទទួលបានជយលាភីលេខ ១ ពីពានរង្វាន់ត្នោតមាស របស់មូលនិធិគីណាល់ ឆ្នាំ ២០២៣ លើប្រធានបទការកែច្នៃប្រហុកដុំរសជាតិក្រសាំង និងអំពិលទុំ»៕