ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមការងារជំនាញប្រឹក្សាយោបល់អន្តរជាតិនៃ EU-German នឹងរៀបចំគម្រោងធុរកិច្ចនាពេលខាងមុខ ក្នុងគោលបំណងសម្រួលធុរកិច្ចតាមច្រកព្រំដែន E-Commerce សម្រួលការនាំចេញ-នាំចូល និងជំរុញការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យម (SME)។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែមិថុនា ថា សភាពាណិជ្ជកម្ម បានអនុញ្ញាតឱ្យក្រុមការងារជំនាញប្រឹក្សាយោបល់អន្តរជាតិនៃ EU-German សម្រាប់តៀមរៀបចំគម្រោងធុរកិច្ច ចូលជួបពិភាក្សាការងារ ដែលក្រុមការងារជំនាញអន្តរជាតិនេះ មានបំណងស្នើសុំផ្តល់ធាតុចូលមួយផងដែរ។
លោកបានបន្ថែមថា ការស្នើសុំយោបល់របស់ EU-German គឺពាក់ព័ន្ធនឹងកិច្ចសម្របសម្រួលធុរកិច្ចតាមច្រកព្រំដែន,ពាណិជ្ជកម្មតាមអេឡិចត្រូនិក (E-commerce), កិច្ចសម្រួលពាណិជ្ជកម្មនានាសម្រាប់ការនាំចេញ-នាំចូល, ការជំរុញការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យម (SME) និងបញ្ហាជាច្រើនទៀត ត្រូវបានពិភាក្សា ដូចជា កម្ចីហិរញ្ញប្បទានសម្រាប់ SMEs ជាដើម។
លោកបានថ្លែងថា ៖ «EU-German បានផ្តល់ការគាំទ្រលើការរៀបចំសិក្ខាសាលា, ការបង្រៀនជំនាញផ្សេងៗទាក់ទងនឹងវិស័យ SMEs ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាយើងច្រើនដែរ។ ដូចនេះយើងបានជួបពិភាក្សាគ្នាហើយ ក្នុងគោលបំណងដើម្បីជាគម្រោងសម្រាប់អាណត្តិក្រោយទៀត ក្នុងការជួយដល់វិស័យឯកជនយើងនេះ ជាពិសេសវិស័យ SMEs»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងនៅថ្ងៃទី១៨ ខែមិថុនាថា ការជួយគាំទ្ររបស់ EU-German ដែលបានផ្តោតជាសំខាន់ទៅលើ SMEs នេះ ពិតជាមានសារៈសំខាន់ណាស់ ដោយសារតែអាជីវកម្មស្ទើតែ ១០០ភាគរយ នៅកម្ពុជា ជាប្រភេទ SMEs។
លោកបានបញ្ជាក់ដូច្នេះថា៖ «យើងលើកទឹកចិត្ត និងស្វាគមន៍ជានិច្ច ចំពោះដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទាំងអស់ ក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវអាជីវកម្ម ធុនតូច ធុនមធ្យម និងតូចបំផុតរបស់កម្ពុជាយើង ព្រោះថា នៅក្នុងវិស័យ SMEs ពិតជាត្រូវការការគាំទ្រច្រើនទាំងផ្នែក បច្ចេកទេស ធនធានមនុស្ស និងថវិកា ក្នុងការអភិវឌ្ឍឱ្យកាន់តែប្រសើរជាងនេះ»។
សូមជម្រាបថា គម្រោង ARISE Plus Cambodia ដែលកំពុងត្រូវបានអនុវត្តក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម គ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៤ ដូច្នេះហើយ ក្រសួងសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសហព័ន្ធអាល្លឺម៉ង់ (BMZ) និងសហភាពអឺរ៉ុប កំពុងរៀបចំផែនការគម្រោងធុរកិច្ចថ្មី ដែលគ្រោងនឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ ២០២៤ខាងមុខ។
សម្រាប់គម្រោងនេះ ក្រុមអ្នកប្រឹក្សាអន្តរជាតិនឹងធ្វើបេសកកម្មវាយតម្លៃគម្រោង ដើម្បីពិភាក្សា និងពិគ្រោះយោបល់ជាមួយដៃគូសំខាន់ៗ ដូចជា វិស័យឯកជន និងអ្នកទទួលផលអំពីតម្រូវការ ក្នុងតំបន់ទាំងនោះជាដើម៕