ភ្នំពេញៈ ក្រសួងទេសចរណ៍ បានសម្ពោធដាក់ឱ្យប្រើប្រាស់ប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ នៅវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ដើម្បីផ្តល់ទឹកស្អាតសម្រាប់សិស្សទទួលទានសម្រាប់ធ្វើឱ្យសុខភាពរបស់ពួកគាត់កាន់តែរឹងមាំ។
ក្រសួងទេសចរណ៍បានឱ្យដឹងនៅថ្ងៃទី ១៩ ខែមិថុនានេះថា ប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនអនាម័យ AquaSan បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅទីតាំងស្ថិតក្នុងវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
លោក Arup Sinha Roy នាយកផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Cambodia Beverage Co., Ltd បានថ្លែងថា ប៉មចម្រោះទឹកស្អាតនេះ ជាប៉មទី២ហើយ សម្រាប់ខេត្តកំពង់ធំ។ លោកបានលើកឡើងថា AquaTower គឺជាប្រព័ន្ធចម្រោះទឹកស្អាតដែលបង្កើតឡើងដោយមូលនិធិ Planet Water ដែលមានបច្ចេកវិទ្យាកម្ចាត់ភ្នាក់ងារបង្កជំងឺនានា និងសារធាតុកខ្វក់ផ្សេងទៀត ដោយផ្តល់ទឹកស្អាតសម្រាប់ពិសារដោយឥតគិតថ្លៃសម្រាប់សហគមន៍ខ្វះខាតទឹកស្អាតប្រើប្រាស់ វាមានសមត្ថភាពផលិតទឹកបាន ១ ០០០លីត្រក្នុង១ម៉ោង។
បន្ថែមពីលើប៉មចម្រោះទឹកស្អាត AquaTower នេះ លោកថា ក្រុមហ៊ុនក៏ផ្តល់ជូនសាលានូវម៉ាស៊ីនអនាម័យលាងសម្អាតបន្ទប់ទឹក AquaSanផងដែរ។
លោក ថ្លែងថា៖ «គម្រោងនេះគឺជាជំនួយឧបត្ថម្ភពីមូលនិធិកូកា កូឡា ក្រៅពីប៉មចម្រោះទឹក និងម៉ាស៊ីនអនាម័យនេះ ក្រុមហ៊ុនក៏នឹងផ្តល់ជូនកែវទឹកចំនួន ៨០០ ដល់សិស្សានុសិស្ស ធុងបែងចែកសំរាមចំនួន៥ឈុតដល់សាលា ដើម្បីជាចំណែកចូលរួមក្នុងកិច្ចប្រឹងប្រែងលើការងារពិភពលោកគ្មានសំរាម និងការចូលរួមគ្រប់គ្រងទឹកប្រកបដោយចីរភាព»។
លោក ថោង ខុន បានថ្លែងដោយស្នើឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ចូលរួមថែរក្សា ការពារ និងគ្រប់គ្រងប៉មចម្រោះទឹកស្អាតនេះ ឱ្យនៅគង់វង្ស និងប្រើប្រាស់បានយូរអង្វែង និងចូលរួមថែរក្សាអនាម័យ បរិស្ថាន និងគ្រប់គ្រងសំរាមនៅក្នុងបរិវេណសាលារៀនឱ្យបានល្អ និងបន្តអប់រំ ណែនាំ និងបង្ហាត់បង្រៀនសិស្សឱ្យក្លាយជាសិស្សល្អ សិស្សពូកែ សិស្សគំរូផងដែរ។
លោក ថ្លែងថា៖ «យើងសុំឱ្យមូលនិធិ Planet Water និងក្រុមហ៊ុន Coca Cola បន្តជួយឧបត្ថម្ភផ្តល់អំណោយប៉មចម្រោះទឹកស្អាតនេះ ទៅដល់វិទ្យាល័យ និងអនុវិទ្យាល័យជាច្រើនទៀតនៅក្នុងស្រុកបារាយណ៍ផងដែរ»។
លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែមិថុនាថា នៅទូទាំងខេត្តកំពង់ធំ មានអង្គការដៃគូជាច្រើន បានជួយគាំទ្រ និងផ្ដល់ប៉មចម្រោះទឹកស្អាតសម្រាប់ឱ្យសិស្សានុសិស្ស រួមមន្ត្រីអប់រំ បានប្រើប្រាស់ទាំងនៅក្នុងសាលាតាមជនបទ និងទាំងសាលានៅតាមទីប្រជុំជនផងដែរ។
លោក តាន់ ប៊ុនហុង ថ្លែងថា ជាគោលបំណងរបស់អាជ្ញាធរខេត្ត និងអង្គការដៃគូ ដែលផ្ដល់ជំនួយ គឺត្រូវតែធ្វើយ៉ាងណាឱ្យសាលាទូទាំងខេត្តកំពង់ធំទាំងអស់មិនថា នៅតាមជនបទ និងនៅតាមទីប្រជុំជននោះទេ មានប៉មចម្រោះទឹកស្អាត មានបង្គន់អនាម័យ និងព្រមទាំងមានកន្លែងសម្អាតដៃសម្រាប់ឱ្យសិស្សានុសិស្សបានប្រើប្រាស់ជាដើម។
លោក តាន់ ប៊ុនហុង បញ្ជាក់ថា៖ «ការមានប៉មចម្រោះទឹកស្អាតនៅក្នុងសាលា គឺវាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះសុខភាពយើង ព្រោះកាលណាយើងមានទឹកស្អាតប្រើប្រាស់ វាអាចកាត់បន្ថយជំងឺផ្សេងៗ និងបង្កើនឱ្យសុខភាពយើងល្អ ជាពិសេសធ្វើឱ្យបញ្ញាយើងលូតលាស់ ទើបធ្វើឱ្យការរៀនសូត្រយើងល្អ»។
លោកបន្ថែមថា អាជ្ញាធរខេត្ត នឹងបន្តជំរុញឱ្យភាគីពាក់ព័ន្ធជួយគាំទ្រ និងពន្លឿការផ្ដល់ប៉មចម្រោះទឹកស្អាតនៅតាមសាលាទូទាំងខេត្តកំពង់ធំ ដើម្បីរួមចំណែកធ្វើឱ្យសាលារៀនកាន់តែមានសុវត្ថិភាពសម្រាប់សុខភាពសិស្សានុសិស្ស៕