​ភ្នំពេញៈ ស្ថាន​បេសកកម្ម​អចិ​ន្រៃ្ត​យ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ ​(UN) នៅ​ទីក្រុងហ្សឺ​ណែវ បានប្រកាស​ច្រានចោល​ទាំងស្រុង​ចំពោះ​ការលើកឡើង​តែ ​១ ​ជ្រុង​របស់លោក Volker Turk ​ឧ​ត្ត​ម​ស្នង​ការទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ដែល​រិះគន់​ស្ថានភាព​ន​យោ​បាយ​នៅ​កម្ពុជា​នៅមុន​ការ​បោះឆ្នោតជាតិ​នៅ​ខែកក្កដា​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ UN នៅ​ថ្ងៃទី​ ១៨ ខែមិថុនា ឆ្នាំ​ ២០២៣ បានឱ្យដឹងថា ការច្រានចោល​នេះ​ធ្វើឡើង​ក្រោយ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ចេញ​សេចក្តីថ្លែងការណ៍​អំ​​ពា​វនា​វ​កាលពី​ថ្ងៃទី​ ១៦ ខែមិថុនា ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់វិធានការ​បន្ទាន់​ដើម្បី​បើក​លម្ហ​សិទ្ធិ​ពលរដ្ឋ និង​បរិ​យា​កាស​អំណោយផល​ដល់​ការ​បោះឆ្នោតជាតិ​ដោយ​សេរី និង​យុត្តិធម៌ នៅ​ខែកក្កដា​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​អះអាងថា ការលើកឡើង​របស់លោក Volker Turk គឺ​តែ​ ១ ​ជ្រុង និង​បាន​បដិសេធ​នូវ​ស្ថាន​​ភាព​លម្ហ​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ​កម្ពុជា​នៅមុន​ការបោះ​ឆ្នោត​ពិតប្រាកដ​។ ខណៈ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​សម្រួល​ដល់​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ ​៦ ​ពាន់​ស្ថាប័ន ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ប្រមាណ ២ ​ពាន់​ស្ថាប័ន បន្តការងារ​ក្នុងន័យ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស លើកកម្ពស់​សិទ្ធិមនុស្ស និង​ការពារ​សិទ្ធិមនុស្ស​។​

​តំណាង​កម្ពុជា​ប្រចាំ UN បន្តថា​៖ «​គណបក្ស​ន​យោ​បាយ​ចំនួន ​១៨ បាន​ចុះឈ្មោះ​បោះឆ្នោត​នៅ​ខែកក្កដា ខាង​មុខ ដែល​បាន​ឆ្លុះបញ្ចាំង​យ៉ាង​ពិតប្រាកដ​អំពី​ចរិតលក្ខណៈ​ប្រជាធិបតេយ្យ និង​ពហុបក្ស​របស់​កម្ពុជា ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

​ប្រភព​ដដែល គូសបញ្ជាក់ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ប្រើប្រាស់​ស្តង់ដា​តែ​ ១​ សម្រាប់​រាល់​គណបក្ស ហើយ​គណ​បក្ស​ភ្លើងទៀន​មិនមែនជា​គណ​បក្ស​តែ​ ១ ដែល​អវត្តមាន​ដោយ​សារ​ការ​ពុំបាន​បំពេញ​កាត​ព្វ​កិច្ច​ដាក់​ឯកសារ​នោះទេ តែ​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ក៏​ដូចគ្នា ដែល​អវត្តមាន គណ​បក្សនយោបាយ ២​ នេះ មិនបាន​រាំងស្ទះ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ឡើយ​។​

​តំណាង​កម្ពុជា​ក៏បាន​ច្រាន​ចោលការ​លើកឡើង​រប​ស់​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស UN ថា កម្ពុជា​អនុវត្ត​ច្បាប់​រឹតត្បិត​សេរី​ភាព​របស់​ក្រុម​ណាមួយ​ដែល​ជាការ​មាក់ងាយ​នីតិរដ្ឋ​កម្ពុជា ព្រោះ​ការអនុវត្ត​ច្បាប់​កន្លងមក ផ្អែកលើ​បទល្មើស​របស់​បុគ្គល​ម្នាក់ៗ​ប្រព្រឹត្ត​ដែលមាន​ចែង​ក្នុង​ច្បាប់ ហើយ​មិន​ផ្អែក​ថា បុគ្គល​នោះ​ស្ថិតនៅ​ក្រុម​ណា​? គណបក្សនយោបាយ​ណា​? សហជីព​ការងារ​ណា​? ឬ​អង្គការ​សិទ្ធិ​ណា​នោះទេ​?​។​

​យោងតាម​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​ ១៦ ខែមិថុនា ឆ្នាំ​ ២០២៣ បានឱ្យដឹងថា លោក Volker Turk ជំរុញ​ឱ្យ​រដ្ឋា​ភិ​បាល​កម្ពុជា​បើក​លម្ហ​សិទ្ធិ​ពលរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស ដែល​លោក​សម្តែង​ការព្រួយបារម្ភ​ថា លម្ហ​សិទ្ធិ​ទាំងនេះ​កំពុង​រួម​តូច​ចំពោះ​ការបោះឆ្នោតជាតិ ខែកក្កដា​។

​លោក​បាន​រិះគន់​លើ​ការ​អនុវត្ត​ច្បាប់​ដែលមាន​ចរិត​រឹត​ត្បិត​សង្គម​ស៊ីវិល សកម្មជន​និង​អ្នកនយោបាយ​បក្សប្រឆាំង ជាពិសេស​លើ​ការធ្វើ​វិសោធន​កម្ម​ច្បាប់បោះឆ្នោត​។​

​លោក​ VolkerTurk ថ្លែងថា​៖ «​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​សន្ធិសញ្ញា​សិទ្ធិមនុស្ស​អន្តរជាតិ គឺជា​អ្នក​ធានា​សន្តិភាព វិបុលភាព និង​អនាគត​ដ៏​ល្អប្រសើរ​សម្រាប់​ប្រទេស​កម្ពុជា​»​។​

​លោក ​ជិន ម៉ា​លីន អ្នក​នាំ​ពាក្យ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ការលើកឡើង​របស់​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​របស់ UN បាន​ផ្អែកលើ​ព័ត៌មាន​តែ ១​ ជ្រុង ពិសេស​ការទទួលបាន​ព័ត៌មាន​តែ​ពី​គណបក្សប្រឆាំង និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល ហើយ​ការសន្និដ្ឋាន​ទៀតសោត​តាមរយៈ​រូបភាព​ខាងក្រៅ ដោយ​មិនបាន​ពិនិត្យ​អង្គហេតុ និង​អង្គច្បាប់​ដែលមាន​ជាធរ​មាននៅ​កម្ពុជា​។

​លោក​បាន​ថ្លែងថា​៖ «​ការ​សន្និដ្ឋាន​របស់គាត់ គឺ​មិន​ត្រឹមត្រូវ​ទេ​ក្នុង​រូបភាព​សិទ្ធិមនុស្ស គាត់​គួរតែ​មើលថា ហេតុផល​អ្វីដែល​នាំឱ្យមាន​វិធានការ​ច្បាប់ ការអនុវត្ត​ច្បាប់​ចំពោះ​សកម្ម​ជន និង​គណបក្សនយោបាយ​ទាំងនោះ ដែល​សកម្មជន និង​គណបក្សនយោបាយ​ទាំង​នោះបាន​ប្រព្រឹត្ត​អ្វីខ្លះ ដែល​ច្បាប់​បាន​បញ្ញត្ត​ថា ជា​បទល្មើស​»​។

​លោក ជិន ម៉ា​លីន ថ្លែងថា ការអនុវត្ត​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​មិន​បានរួម​តូច​ដូច​ការចោទប្រកាន់​ឡើយ​ជាទូទៅ ប៉ុន្តែ​វា​អាច​រួម​តូច​សម្រាប់​ជន​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​៕