ភ្នំពេញៈ តំណាងជាន់ខ្ពស់កម្ពុជា និងប្រទេស ៧ ផ្សេងទៀតមាន ចិន ឥណ្ឌា ដែលត្រូវបានអញ្ជើញដោយប្រទេសថៃ បានពិភាក្សាគ្នាដើម្បីស្វែងរកមធ្យោបាយដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ាដោយសន្តិវិធី ខណៈលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងថា ស្ថានភាពនៅមីយ៉ាន់ម៉ាកាន់តែធ្ងន់ធ្ងរពី ១ ថ្ងៃទៅ ១ ថ្ងៃ។
ការពិភាក្សានេះធ្វើឡើងក្នុងកិច្ចពិភាក្សាក្រៅផ្លូវការក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដោយស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី ១៩ ខែមិថុនា ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។
លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសប្រាប់អ្នកសារព័ត៌មានតាមតេឡេក្រាមនៅថ្ងៃទី ១៩ ខែមិថុនា ថា លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ត្រូវបានចាត់តាំងជាតំណាងរបស់កម្ពុជា ចូលរួមក្នុងកិច្ចពិភាក្សាក្រៅផ្លូវការស្តីពីមីយ៉ាន់ម៉ានេះដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា មានភាពចាំបាច់ត្រូវមានវត្តមានចូលរួមកិច្ចប្រជុំនៅក្នុងប្រទេស។
កាលពីថ្ងៃទី ១៧ ខែមិថុនា ក្រសួងការបរទេសកម្ពុជាប្រកាសថា លោក ប្រាក់ សុខុន នឹងចូលរួមកិច្ចពិភាក្សាក្រៅផ្លូវការនេះតបតាមការអញ្ជើញរបស់លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ។
ក្រសួងការបរទេសថៃបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៨ ខែមិថុនា ថា ទោះបីមិនស្ថិតក្នុងក្របខ័ណ្ឌអាស៊ានក៏ដោយ ក៏ប៉ុន្តែកិច្ចពិភាក្សានេះមានបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការដោះស្រាយស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រសួងការបរទេសថៃបញ្ជាក់ថា៖ «ប្រទេសថៃបានជូនដំណឹងដល់វេទិកាតំបន់អាស៊ាន (ARF) នៅទីក្រុងភ្នំពេញពីឆ្នាំ ២០២២ ថា ខ្លួននឹងជំរុញកិច្ចសន្ទនាក្នុងគ្រប់វេទិកាដើម្បីស្វែងរកមធ្យោបាយដោះស្រាយស្ថានការណ៍នៅមីយ៉ាន់ម៉ាដោយសន្តិវិធី រួមមាន ទម្រង់ «Track 1.5» ដែលមានសមាសភាពមកពីខាងរដ្ឋាភិបាល និងអ្នកសិក្សាស្រាជ្រាវ (Academia)»។
ក្រសួងការបរទេសថៃបានឱ្យដឹងទៀតថា ប្រទេសថៃបានរៀបចំកិច្ចពិភាក្សាក្រៅផ្លូវការស្តីពីមីយ៉ាន់ម៉ាក្នុងទម្រង់ និងកម្រិតនានា រួមទាំងនៅថ្នាក់រដ្ឋមន្ត្រីបានចំនួន ២ ដងរួចមកហើយ។ នេះជាកិច្ចពិភាក្សាក្រៅផ្លូវការលើកទី ៣។ កិច្ចពិភាក្សាក្រៅផ្លូវការនេះរំពឹងថានឹងមានការចូលរួមពីតំណាងជាន់ខ្ពស់មកពីប្រទេសឡាវ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌា ចិន ប្រ៊ុយណេ និងវៀតណាម។
ប្រភពដដែលបន្តថា កិច្ចសន្ទនាគឺជាតម្រូវការជាមូលដ្ឋាននៃការទូតក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី។ ក្នុងនាមជាប្រទេសជិតខាងដែលមានព្រំដែនប្រវែង ២ ៤០០ គីឡូម៉ែត្រជាមួយមីយ៉ាន់ម៉ា ថៃចង់ឃើញការបញ្ឈប់អំពើហិង្សាដែលនឹងនាំទៅដល់សន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប្រទេសថៃគឺជាប្រទេសដំបូងគេក្នុងអាស៊ានដែលបង្កើតក្រុមការងារមនុស្សធម៌ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស ហើយបានសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា។
លោកមីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា ត្រូវបានចោទប្រកាន់ថាបានធ្វើ «រដ្ឋប្រហារយោធា» ទម្លាក់រដ្ឋាភិបាលស៊ីវិលនៃប្រទេសដែលកាន់ព្រះពុទ្ធសាសនាលើសលប់មួយនេះកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១។
ពាក់ព័ន្ធបញ្ហានេះដែរ លោក ហ៊ុន សែន បានរំឭកថា ក្នុងពេលលោកកំពុងបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតនៅបាក់ខែងជំហានទី ១ រាជធានីភ្នំពេញ ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ លោកទទួលបានព័ត៌មាននៃការធ្វើរដ្ឋប្រហារនៅទីក្រុង ណៃពិដោ ប្រទេសមីយ៉ាន់ម៉ា។ លោកថា៖ «ពេលនោះ ខ្ញុំនៅទីនេះ។ ខ្ញុំមិនថ្លែងអ្វីក្រៅពីថារឿងនេះគឺយើងមិនធ្វើអត្ថាធិប្បាយដោយចាត់ទុករឿងនេះគឺជាកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា»។
លោកថ្លែងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនាថ្ងៃទី ១៩ ខែមិថុនា។
លោក ហ៊ុន សែន បន្តថា ឥឡូវនេះ នៅឯមីយ៉ាន់ម៉ាវិញ សភាពការណ៍មិនធូរស្រាលទេ។ វាកាន់តែធ្ងន់ធ្ងរពី ១ ថ្ងៃទៅ ១ ថ្ងៃ។ ពីមុនកុងសង់ស៊ីស ៥ ចំណុចរបស់អាស៊ានគ្រាន់តែទប់ស្កាត់អំពើហិង្សាតែប៉ុណ្ណោះ។ លោកថា លោកបានលើកឡើងនៅក្នុងអាស៊ានថា បញ្ហាទប់ស្កាត់ឥឡូវនេះគឺទប់ស្កាត់កុំឱ្យសង្គ្រាមស៊ីវិលរីករាលដាលនៅក្នុងប្រទេសនេះ។ នេះជាបញ្ហាមិនតូចតាចទេ។
លោកបញ្ជាក់ថា៖ «ថ្ងៃ ១ ខែកុម្ភៈ [២០២១] នៅទីនេះ បើកការដ្ឋានសាងសង់ បើទោះបីមានកូវីដក៏ដោយ ប៉ុន្តែថ្ងៃនេះយើងបានផ្គត់ផ្គង់ទឹករួចស្រេចហើយសម្រាប់ទីក្រុងភ្នំពេញជាមួយនឹងជំហានទី ១ ហើយយើងនឹងឈានទៅជំហានទី ២ ដែលប្រើប្រាស់ថវិកា ៣៨១ លាន [ដុល្លារ] ថែមទៀត និងជំហានទី ៣ បន្តកំពុងតែចរចា»។
លោកបន្ថែមថា៖ «អ៊ីចឹងទេ ចំណុចអស់ទាំងនេះ គឺជាចំណុចដែលយើងឃើញថា ប្រទេសមានសន្តិភាពទោះបីជាមានកូវីដ ប៉ុន្តែយើងអាចធ្វើឱ្យសមិទ្ធផលកើតក្នុងពេលជាមួយគ្នាថ្ងៃ ១ ខែកុម្ភៈគឺជាថ្ងៃរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ តើមីយ៉ាន់ម៉ាមានសមិទ្ធផលអីកើតឡើងថ្មី ក្រៅតែពីការបំផ្លាញជីវិតមនុស្ស និងទ្រព្យសម្បត្តិ»៕