ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានលើកឡើងដោយធ្វើការប្រៀបធៀបរវាងប្រទេសមួយ ដែលមានសុខសន្តិភាពទោះជាមានការប្រឈមនឹងការរាតត្បាតជំងឺកូវីដ ១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលអាចដំណើរការកសាងសមិទ្ធផលថ្មីៗជាច្រើនផងដែរ សម្រាប់ប្រទេសមួយនេះ។
លោកនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី ១ ដែលជារោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា នាព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ ដោយលោកបានបញ្ជាក់ថា ការរួមគ្នាអភិវឌ្ឍ ប្រទេសនឹងរឹតតែរីកចម្រើនទៅមុខ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំនៅចាំបានថា កាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ យើងបានមកបើកការដ្ឋាននៅទីនេះ គឺចំពេលយើងទទួលបានព័ត៌មានពីការធ្វើរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា។ អ៊ីចឹងយើងអាចប្រៀបធៀបបានហើយថា ប្រទេសដែលមានសន្តិភាពមានឱកាសអភិវឌ្ឍប្រទេស តែប្រទេសមានសង្គ្រាម មានតែការបំផ្លិចបំផ្លាញប៉ុណ្ណោះ»។
ក្នុងឱកាសនៃការដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ នោះដែរ លោក ហ៊ុន សែន ក៏បានស្នើដល់សាធារណរដ្ឋបារាំង និងសហភាពអឺរ៉ុប បន្ដផ្ដល់ជំនួយឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្ដសាងសង់រោងចក្រផលិតទឹកស្អាតជំហានទី ៣ បន្ថែមទៀត។
លោកថ្លែងថា ៖ «ឥឡូវនេះ យើងវិលទៅរកការពឹងពាក់របស់បារាំង និងពឹងពាក់ចំពោះសហភាពអឺរ៉ុប ដែលបានជាប់ជំពាក់ជាមួយយើង ហើយក៏សុំឱ្យទាំងបារាំង ទាំង AFD កុំបារម្ភ សុំជួយយើងបន្តទៅទៀត។ រដ្ឋាករទឹកក្រុងភ្នំពេញមានលទ្ធភាពសងលុយត្រឡប់ទៅវិញ កុំបារម្ភថា យើងខ្វះលុយដើម្បីសងហើយបើយើងខ្ចីហើយមិនសង គឺបានន័យថា យើងមិនគោរពកាតព្វកិច្ចទេ»។
ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន បារាំង និងសហភាពអឺរ៉ុប ដែលបានផ្ដល់ថវិកាកម្ចីសម្រាប់ដោះស្រាយបញ្ហាការផ្គត់ផ្គង់ទឹកស្អាត នៅរាជធានីភ្នំពេញនាពេលកន្លងមក។
លោកក៏បានបន្តលើកឡើងដែរថា លោកបានធ្វើការជាមួយនឹងប្រធានាធិបតីបារាំងជាបន្តបន្ទាប់មក រហូតមកដល់លោកប្រធានាធិបតីបារាំងនាបច្ចុប្បន្ន ដែលមានចំនួន ៤ នាក់មកនេះ គឺនៅពេលដែលលោកជួបសន្ទនាជាមួយនឹងប្រធានាធិបតីបារាំងទាំងអស់នេះ លោកមិនដែលភ្លេចពីការអំពាវនាវឱ្យពួកគាត់ជួយមកដល់ការអភិវឌ្ឍរបស់កម្ពុជាទេ ក្នុងនោះក៏មានវិស័យទឹកនេះផងដែរ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «អ៊ីចឹងទេ! សុំឱ្យ AFD បន្តជាមួយនឹងវត្តមានតទៅទៀត តាមរយៈគម្រោងជំហានទី ៣។ អ៊ីចឹងបានខ្ញុំនិយាយថា បើមិនឱ្យខ្ញុំពឹងបារាំង តើឱ្យខ្ញុំទៅពឹងអ្នកណា។ បារាំងបានជួយដល់បញ្ហាទឹកធំជាងគេផងដែរ នៅក្នុងទីក្រុងភ្នំពេញ»។
ទាក់ទងនឹងការលើកឡើងរបស់លោក ហ៊ុន សែន ពីកាតព្វកិច្ចនៃការសងបំណុលនោះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ការដែលលោកនាយករដ្ឋមន្ត្រីកម្ពុជាអំពាវនាវដល់រដ្ឋាភិបាលនៃប្រទេសជាមិត្ត ជួយលើការងារនេះ គឺជារឿងដ៏ត្រឹមត្រូវ និងក៏ជាកាតព្វកិច្ចផងដែរ។
លោក យង់ ពៅ បានថ្លែងថា៖ «រដ្ឋាករទឹកមានការគ្រប់គ្រងល្អ និងដំណើរការល្អ ដូចនេះនឹងធ្វើឱ្យដៃគូអភិវឌ្ឍន៍មានជំនឿទុកចិត្តមកលើរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងសំណងនៃកម្ចីនេះ»៕