ព្រះសីហនុៈ លោក សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​លើកឡើងថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រៀប​បានជា​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ចជាតិ និង​ជា​សសរកន្លោង ដើរតួនាទី​សំខាន់​ក្នុងការ​រុញច្រាន​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ព្រោះ​ជា​ច្រក​ពា​​ណិ​ជ្ជ​កម្ម​ដ៏​សំខាន់​របស់​កម្ពុជា តាមរយៈ​ការនាំចេញ​នាំចូល​។​

​ការលើកឡើង​របស់លោក​រដ្ឋ​មន្ត្រី​បរិស្ថាន​បែបនេះ ធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បុគ្គលិក​កំពង់ផែ ស្វយ័ត​ក្រុង​​ព្រះសីហនុ កាលពី​ថ្ងៃ​ចុង​សប្តាហ៍​។ នេះ​បើ​យោងតាម​គេហទំព័រ ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​។ ប្រភព​ដដែល​បាន​លើកឡើងថា លោក​សាយ​ សំ​អាល់ ក៏បាន​ឆ្លៀត​កោត​សរ​សើរ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​របស់​កំពង់​​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​សម្រេចបាន​លទ្ធផល​ដ៏​ប្រសើរ សម្រាប់​រុញច្រាន​សេដ្ឋកិច្ចកម្ពុជា ដែល​លោក​ថា ជាការ​ជួយ​រក្សា​លំនឹង និង​ខឿន​សេដ្ឋកិច្ចជាតិ​ឱ្យ​រីកលូតលាស់​ទៅមុខ​។​

​លោក​សង្កត់ធ្ងន់ថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជា​អង្គ​ភាព​មួយ ដែល​បាននិងកំពុង​ប្រែក្លាយ​ខ្លួន ទៅជា​ប៉ូល​សេដ្ឋ​កិច្ច​ដ៏​រឹងមាំ​មួយ​នៃ​កម្ពុជា ហើយ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ជា​មរតក​ប្រវត្តិសាស្ត្រ និង​ជា​កេរដំណែល​បន្សល់ទុក សម្រាប់​កូនចៅ​ជំនាន់​ក្រោយ បន្ទាប់ពី​ប្រទេសជាតិ​មាន​សុខសន្ដិភាព និង​ស្ថិរភាព​នយោបាយ​ពេញ​លេញ​។

​លោក សាយ សំ​អាល់ បន្ថែមថា​៖ «​ក្រោម​មាគ៌ា​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ជា​អ្នកដឹកនាំ​រដ្ឋាភិបាល​ក៏បាន​នាំមក​នូវ​ការរីកចម្រើន​មកដល់​ខេត្ត​ព្រះសីហនុ​ផងដែរ​ក្នុងនោះ​មានដូចជា បណ្តាញ​ផ្លូវ​គមនាគមន៍ ព្រលានយន្តហោះ តំបន់​ទេសចរណ៍ និង​សន្តិសុខ​សណ្តាប់ធ្នាប់​ជាដើម​ពិសេស​និង​បានប្រែក្លាយ​ខេត្ត​នេះ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ផងដែរ​»​។​

​លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច បាន​ថ្លែង​នៅ​ថ្ងៃទី​ ១៩ ខែមិថុនា​ថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ពិតជា​ច្រក​នាំ​ចេញ​នាំចូល​សំខាន់​ពាក់ព័ន្ធ​មុខ​ទំនិញ​នានា​របស់​កម្ពុជា ពិសេស​លើ​ការនាំចេញ ដោយសារ​នៅ​កម្ពុ​ជាមាន​កំពង់ផែ​ទឹក​ជ្រៅ​នេះ​តែ ​១ ​គត់ ហើយ​កម្ពុជា​ប្រើប្រាស់​ច្រក​របស់​ប្រទេស​វៀតណាម​មួយទៀត​សម្រាប់​ការនាំចេញ​។​

​លោក​និយាយថា​៖ «​ច្រក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នេះ​សំខាន់​ណាស់ ព្រោះ​យើង​គ្មាន​ច្រក​ណា​ច្រើន​ទេ ដូច្នេះ រដ្ឋា​ភិ​បាល​កំពុង​សិក្សា​លើ​គម្រោង​ជីក​ព្រែក​ទៅ​សមុទ្រ​បន្ថែម​។ បញ្ហា​ប្រឈម​របស់​យើង​កន្លង​​មក​នោះ​គឺ តម្លៃ​លើ​ការដឹកជញ្ជូន​របស់​យើង បើ​ធៀប​ជាមួយ​ប្រទេសជិតខាង នៅមាន​តម្លៃ​ថ្លៃ​នៅឡើយ ដែល​បញ្ហា​នេះ​ក៏ដោយ​សារ​កង្វះ​ខាត​បណ្តាញ​ត​ភ្ជាប់​នៅក្នុង​ស្រុក​»​។

​ទោះយ៉ាងណា លោក ​ង៉ែត ជូ សង្ឃឹមថា រដ្ឋាភិបាល​នឹង​ពង្រឹង​បណ្តាញ​ត​ភ្ជាប់ ពិសេស​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​បន្ថែមទៀត តួយ៉ាង​ផ្លូវដែក​ជាដើម បូក​ផ្សំ​នឹង​គម្រោង​ជីក​ព្រែក​ហ្វូណន​​តេ​ជោ ជាមួយ​ទំនើបកម្ម​កំពង់ផែ​​ក្រុង​សីហនុ​ដែល​នឹង​ជួយ​រុញច្រាន​លើ​កំណើន​សេដ្ឋកិច្ចជាតិ​បន្ថែមទៀត​ពិសេស​ការនាំចេញ​នាំចូល​។​

​សម្រាប់​លោក​ ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ពុជា និង​ជា​អ្នកជំនាញ​ផ្នែក​ឡូ​ជី​ស្ទិ​ក ក៏បាន​ឱ្យដឹង​ដែរ​ថា នៅ​កម្ពុ​ជាមាន​កំពង់​​ផែ​អន្តរជាតិ​ធំ ​២ មួយ​គឺ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែលជា​កំពង់ផែ​ទឹកប្រៃ និង​កំពង់ផែ​ទឹក​សាប​នៅ​រាជធានី​ភ្នំពេញ បូករួម​កំពង់ផែ​តូចៗ​ផ្សេងទៀត​បាន​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​ការនាំចេញ​នាំចូល​។ លោក​ថា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បម្រើ​ដល់​ការនាំ​ចេញ​នាំចូល​ប្រមាណ​ ៧០% របស់​កម្ពុជា ដែលជា​ច្រក​ពាណិជ្ជកម្ម​អន្តរជាតិ​ដ៏​សំខាន់​។

​លោក​បាន​ប្រាប់ថា​៖ «​រដ្ឋាភិបាល​ក៏ដូចជា​អ្នកវិនិយោគ​កំពុង​គិតគូរ​ពង្រីក និង​ធ្វើ​ទំនើបកម្ម​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នេះ​ទៅជា​ផែ​ទឹក​ជ្រៅ​សម្រាប់​កប៉ាល់​ធំៗ​អាច​ចរាចរណ៍​បាន ដោយសារ​បច្ចុប្បន្ន យើង​នៅ​ប្រើ​កប៉ាល់​តូចៗ​នៅឡើយ ហើយ​បើ​យើង​ចង់​នាំ​ទំនិញ​ទៅ​ប្រទេស​ឆ្ងាយៗ​យើង​ត្រូវការ​កប៉ាល់​នៅ​ផែ​ប្រទេស​ផ្សេងៗ​ដូច​នៅ​ប្រទេស​សិង្ហ​បុរី វៀតណាម ឬ​ហុងកុង​ជាដើម​»៕