ភ្នំពេញ ៈ ប្រតិភូកាយរឹទ្ធិជាតិកម្ពុជាចំនួន ៤៧ នាក់ នឹងត្រៀមចូលរួមកម្មវិធីបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ (25th World Scout Jamboree) នៅសាធារណរដ្ឋកូរ៉េ នាដើមខែសីហា ឆ្នាំ ២០២៣ ខាងមុខ ដើម្បីបង្កើតបណ្តាញទំនាក់ទំនង និងសិក្សារៀនសូត្រជំនាញថ្មីៗពីកាយរឹទ្ធិនៅបណ្ដាប្រទេសផ្សេងៗក្នុងពិភពលោក។
ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី ២០ ខែមិថុនា ថា ប្រតិភូកាយរឹទិ្ធជាតិកម្ពុជាទាំង ៤៧ នាក់នេះ នៅរាជធានីភ្នំពេញចំនួន ១៩ នាក់ ខេត្តកំពង់ចាម ១៨ នាក់ ខេត្តកណ្តាល ៨ នាក់ ខេត្តកំពង់ធំ ១ នាក់ និងខេត្តព្រៃវែង ចំនួន ១ នាក់ ដែលពួកគេនឹងត្រូវចូលរួមកម្មវិធីបោះជំរំកាយរឹទ្ធិពិភពលោកលើកទី ២៥ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៣ នៅសាធារណរដ្ឋកូរ៉េ។
តាមរយៈក្រសួងអប់រំ លោកស្រី ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយរឹទ្ធិនារីកម្ពុជា បានថ្លែងថា ការបោះជំរំពិភពលោកនេះ ហៅថា ការបោះជំរំ ជែមប៊ូរី ដែលការបោះជំរំនេះ ធ្វើឡើងសម្រាប់ក្មេងជំទង់ អាយុពី ១៤ ទៅ ១៧ ឆ្នាំ។
លោកស្រីក៏បានផ្តល់ចំណេះដឹងបន្ថែមលើចលនាកាយរឹទិ្ធពិភពលោក និងចែករំលែកនូវអនុសាសន៍ល្អៗដល់យុវជនកាយរឹទិ្ធទាំងអស់ផងដែរ ដោយត្រូវចេះមានសាមគ្គីភាព ការនាំយកវប្បធម៌កម្ពុជា ប្រាប់ដល់មិត្តភកិ្តបរទេស ចាំស្តាប់បង្គាប់គ្រូដឹកនាំ បង្កើតបណ្តាញទំនាក់ទំនង និងសិក្សាជំនាញថ្មីៗ ពីការរៀបចំជំរំ និងបំណិនកាយរឹទិ្ធកម្មផ្សេងៗ។
លោកស្រី ពេជ ចន្ទមុន្នី បញ្ជាក់ថា៖ «ការបោះជំរំនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្មួយៗ ជាពិសេសបានផ្លាស់ប្តូរបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក ដោយបេសកកម្មនេះ គឺមានគោលបំណង អភិវឌ្ឍ និងផ្តល់ថាមពលដល់យុវជនទាំងអស់ ដើម្បីក្លាយជាសសរទ្រូង សម្រាប់ប្រទេសជាតិនៅថ្ងៃក្រោយ»។
ជុំវិញរឿងនេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានថ្លែងថា វាជារឿងមួយដ៏ល្អដែលក្រុមកាយរឹទិ្ធជាតិកម្ពុជា បានទៅចូលរួមជាមួយបណ្ដាប្រទេសផ្សេងៗ ដែលកម្មវិធីនេះជាការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក និងជាការមានទំនាក់ទំនងជាមួយគ្នាកាន់តែស្អិតរមួតក្នុងការចែករំលែកចំណេះដឹងក៏ដូចជាការរៀនសូត្រពីគ្នាទៅវិញទៅមក។
លោក យង់ គិមអេង និយាយថា៖ «កម្មវិធីបោះជំរំកាយរឹទ្ធិពិភពលោកនេះ នឹងធ្វើឱ្យកាយរឹទ្ធិកម្ពុជា បានជួបជាមួយកាយរឹទ្ធិបណ្ដាប្រទេសផ្សេងៗក្នុងពិភពលោក ដែលជាឱកាសមួយសម្រាប់កម្ពុជាក្នុងការរៀនសូត្រពីគេ ដើម្បីឱ្យក្លាយជាកាយរឹទ្ធិអាចជួយមនុស្សគ្រប់គ្នា និងអាចចៀសវាងបានពីឥទ្ធិពលនយោបាយនានាដែលធ្វើឱ្យប្រឡូកប្រឡាក់ទៅដល់គោលការណ៍របស់កាយរឹទ្ធិ»។
លោកបន្ថែមថា ទាំងអស់នេះជាគោលការណ៍សំខាន់ដែលកាយរឹទ្ធិកម្ពុជា ត្រូវតែរៀនសូត្រ ជាពិសេសលោកក៏សង្ឃឹមថា កាយរឹទ្ធិកម្ពុជា នឹងបានផ្លាស់ប្ដូរចំណេះដឹងជាមួយបណ្ដាប្រទេសផ្សេងៗ នៅក្នុងពិភពលោកកាន់តែទូលំទូលាយ។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៩ កន្លងទៅ គណៈប្រតិភូកាយរឹទិ្ធជាតិកម្ពុជា ក៏បានចូលរួមការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៤ (24th World Scouts Jamboree) ផងដែរនៅរដ្ឋវើជីនៀខាងលិចសហរដ្ឋអាមេរិក៕