ភ្នំពេញៈ កម្ពុជាលើកឡើងថា កិច្ចពិភាក្សាក្រៅផ្លូវការ ស្តីពីបញ្ហាមីយ៉ាន់ម៉ា នៅប្រទេសថៃ កាលពីថ្ងៃទី ១៩ ខែមិថុនា បង្កើតជាលម្ហការទូតដល់ភាគីពាក់ព័ន្ធ ដើម្បីចាប់ផ្តើមកិច្ចសន្ទនា សំដៅឆ្ពោះទៅរកដំណោះស្រាយបញ្ហានយោបាយដែលជាកម្មសិទ្ធិរបស់ប្រទេសមីយ៉ាន់ម៉ា។
កិច្ចពិភាក្សាក្រៅផ្លូវការនេះមិនស្ថិតក្នុងក្របខ័ណ្ឌអាស៊ាននោះទេ ប៉ុន្តែមានគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការដោះស្រាយស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចូលរួមថ្លែងបទអន្តរាគមន៍ក្នុងវេទិកានេះ។
លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី ២០ ខែមិថុនា ថា លោក គង់ ភោគ បានសង្កត់ធ្ងន់ថា ការចូលរួមរបស់ភាគីពាក់ព័ន្ធ រួមទាំងប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ឬកុងសង់ស៊ី ៥ ចំណុច របស់ថ្នាក់ដឹកនាំអាស៊ាន (5PC) នៅក្នុងកិច្ចពិភាក្សានេះ គឺជាគន្លឹះនៃវិធានការកសាងទំនុកចិត្ត។
បើតាមលោក អាន សុខខឿន លោក គង់ ភោគ បានសង្កត់ធ្ងន់ថា៖ «ការផ្លាស់ប្តូរយោបល់ក្នុងវេទិកានេះរួមចំណែកបង្កើតជាលម្ហការទូតសម្រាប់ភាគីពាក់ព័ន្ធ ដើម្បីចាប់ផ្តើមកិច្ចសន្ទនា សំដៅឆ្ពោះទៅរកដំណោះស្រាយនយោបាយ ដែលត្រូវដឹកនាំដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ា»។
លោក គង់ ភោគ ក៏បានលើកឡើងថា កិច្ចពិភាក្សាក្រៅផ្លូវការនេះឆ្លុះបញ្ចាំងអំពីការអនុវត្តនូវការវាយតម្លៃ និងសេចក្តីសម្រេចចិត្ត ១៥ ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពី ការអនុវត្តកុងសង់ស៊ីស ៥ ចំណុច ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ នៅទីក្រុង ភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ ដើម្បីជំរុញបន្ថែមទៀតក្នុងការអនុវត្តកុងសង់ស៊ីស ៥ ចំណុច។
លោក គង់ ភោគ បានគូសបញ្ជាក់ទៀតថា ចំណុចទី១៤ នៃការវាយតម្លៃ និងសេចក្តីសម្រេចចិត្តនេះបានចែងពីការស្វែងរកវិធីសាស្ត្រផ្សេងៗ សំដៅចូលរួមបំពេញបន្ថែម ឬជំរុញឱ្យមានការអនុវត្តដោយពេញលេញ មានប្រសិទ្ធភាព និងឆាប់រហ័សនូវកុងសង់ស៊ីស ៥ ចំណុចនេះ៕