ភ្នំពេញៈព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអលស្តារ (Kun Khmer All Stars) ដែលធ្លាប់បានរៀបចំឡើងចំនួន ៦ លើករួចមកហើយ នៅលើទឹកដីកម្ពុជា នោះនឹងត្រូវរៀបចំឱ្យមានឡើងជាលើកដំបូងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៤ ខែមិថុនា ខាងមុខ ក្រោមកិច្ចសហការជាមួយក្លិប RAHU Fight III និងមានក្លិប Prodal Poran ដែលមានមូលដ្ឋាននៅទីនោះ ជាអ្នកដឹកនាំការប្រកួត។
សម្រាប់ការប្រកួតប្រដាល់គុនខ្មែរអលស្តារ នៅទីក្រុងប៉ារីស ជាលើកដំបូងនេះ ត្រូវបានគេប្រសិទ្ធនាមថា Kun Khmer All Stars RAHU Fight III ដោយមានការប្រកួតចំនួន ៧ គូ ហើយក្នុងនោះការប្រកួតរវាងកីឡាករកម្ពុជា និងអ្នកប្រដាល់បារាំង មានចំនួន ៤ គូ ចំណែកកីឡាករកូនកាត់ខ្មែរ-បារាំង Kun Alexandre ដែលរស់នៅបារាំងក៏ប្រកួតតំណាងឱ្យគុនខ្មែរផងដែរ។
លោក ស៊ន អេលីត ជាស្ថាបនិកកម្មវិធីគុនខ្មែរអលស្តារ បានដឹកនាំកីឡាករកម្ពុជាទាំង ៤ រូបរួមមាន អេលីត សាន់, ពេជ្រ សម្បត្តិ, មឿន សុខហ៊ុច និង អេលីត សម្ផស្ស ទៅដល់ទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែមិថុនា ដើម្បីហ្វឹកហាត់ត្រៀមនៅតាមក្លិបមួយចំនួននៅទីនោះ ហើយគិតមកទល់ពេលនេះពួកគេបានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីវ៉ៃក្នុងព្រឹត្តិការណ៍នេះ ដែលផ្តោតខ្លាំងទៅលើការផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់ពិភពលោក។
បើទោះបីជាការរៀបចំព្រឹត្តិការណ៍ Kun Khmer All Stars RAHU Fight III នៅលើទឹកដីបារាំង ជាលើកដំបូងនេះមានការលំបាកច្រើន ជាពិសេសការចំណាយទៅលើការរត់ឯកសារ សំបុត្រយន្តហោះ និងតម្លៃខ្លួនកីឡាករ ដែលអស់ប្រមាណ ២ ម៉ឺនដុល្លារ ប៉ុន្តែលោក ស៊ន អេលីត បានដាក់ចិត្តខ្លាំងសម្រាប់បង្កើតឱ្យមានការប្រកួតនេះ ដើម្បីផ្សព្វផ្សាយពីគុនខ្មែរ និងអ្វីដែលខ្មែរមានទៅកាន់បរទេស។ ចំណែកការស្នាក់នៅ ហូបចុកនិងការរៀបចំ ជាបន្ទុករបស់ក្លិប RAHUFight III។
លោក ស៊ន អេលីត បាននិយាយថា៖ «យើងមិនទាន់ផ្តោតថា ព្រឹត្តិការណ៍នេះ វាពិសេសបែបណានោះទេ ព្រោះដំបូងឡើយ យើងរៀបខ្មែរ៧នាក់ ប៉ុន្តែយើងបានអវត្តមាន៣នាក់វិញ អ៊ីចឹងមានប៉ុន្មានយើងធ្វើប៉ុណ្ណឹង។ តែទោះបីជាយ៉ាងណា យើងនឹងព្យាយាមបង្ហាញទៅបរទេស ដើម្បីឱ្យគេស្គាល់ថា គុនខ្មែរជារបស់ខ្មែរ»។
គ្រូបង្វឹកប្រដាល់គុនខ្មែររូបនេះ បានបន្ថែមថា៖ «យើងនឹងបង្ហាញទៅតាមលទ្ធភាព ដែលយើងមាន ដោយយើងបានទិញវត្ថុអនុស្សាវរីយ៍ ដែលមានរូបអង្គរ និងរូបភាពផ្សេងៗទៀត ដើម្បីយកទៅចែកដល់ជនបរទេសដើម្បីឱ្យគាត់ស្គាល់ថា ស្អីទៅគុនខ្មែរ ហើយអង្គរវត្តជាអ្វី? គឺយើងនឹងព្យាយាមធ្វើ ព្រោះសម្រាប់ការប្រកួតគុនខ្មែរអលស្តារ នៅស្រុកខ្មែរពីវគ្គ១ ដល់វគ្គ៦ យើងមានការខ្វះខាត ក្នុង១កម្មវិធីយ៉ាងហោចក៏ពី ២០ ទៅ ៣០ ភាគរយដែរ អ៊ីចឹងពេលទៅធ្វើនៅស្រុកគេ យើងមានការខ្វះខាតកាន់តែខ្លាំង ប៉ុន្តែយើងព្យាយាមធ្វើ»។
សម្រាប់ការប្រកួត Kun Khmer All Stars RAHU Fight III នេះ អ្នកលេងកណ្តាប់ដៃ ពេជ្រ សម្បត្តិ ត្រូវជួបម្ចាស់ខ្សែក្រវាត់របស់បារាំង Faycal Bahroudi រីឯ អេលីត សាន់ ត្រូវប៉ះបារាំង Hamza Moudo។ ចំណែកអ្នកលេងស្នៀតជើង មឿន សុខហ៊ុច ត្រូវតទល់នឹងបារាំង Yanis Kassem ខណៈ អេលីត សម្ផស្ស ត្រូវប្រកួតជាមួយបារាំង Ghilas Barache ហើយ Kun Alexandre ត្រូវជួបបារាំង Hakim Kotbi ។
ជាមួយគ្នានេះ ប្រធានក្លិប Prodal Poran ដែលជាអ្នកដឹកនាំការប្រកួតបានចាត់ទុកការប្រកួត Kun Khmer All Stars RAHU Fight III នេះថា ជាព្រឹត្តិការណ៍លើកទី១ ក្នុងប្រវត្តិសាស្ត្រប្រដាល់គុនខ្មែរដែលមាន
ប្រូម៉ូតទ័រខ្មែរ [អ្នកនាំកីឡាករប្រកួត] និងក្រុមការងារ បានធ្វើដំណើរមកទ្វីបអឺរ៉ុបដើម្បីអភិវឌ្ឍគុនខ្មែរនៅលើទឹកដីបារាំង។
លោកបានបន្ថែមថា៖ «ខ្ញុំសូមអញ្ជើញបងប្អូនខ្មែរទាំងអស់ចូលរួមកម្មវិធី Kun Khmer All Stars RAHU Fight III ដើម្បីលើកទឹកចិត្តកីឡាករខ្មែរ និងក្រុមការងារគុនខ្មែរអលស្តារ ជាពិសេសយើងរួមដៃគ្នាថែរក្សាកេរមរតកដូនតាយើង។ យើងចង់ឱ្យគុនខ្មែរមានការរីកចម្រើនដូច Muay Thai លុះត្រាតែបងប្អូនខ្មែរ ទាំងអស់ រួមគ្នាលើកស្ទួយកេរមរតកដូនតាយើងដើម្បីឱ្យគេស្គាល់គុនខ្មែរ របស់យើង»។
បន្ថែមទៅលើការនាំយកគុនខ្មែរអលស្តារ ទៅរៀបចំឱ្យមានការប្រកួតជាលើកដំបូង នៅលើទឹកដីបារាំងនេះ លោក ស៊ន អេលីត ក៏មានបំណងនាំយកព្រឹត្តិការណ៍នេះ ទៅធ្វើនៅសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែអ្វីៗវាអាស្រ័យទៅលើថវិកា គឺមានន័យថា គុនខ្មែរអលស្តារ អាចមានវត្តមានប្រកួតនៅក្រៅប្រទេសទៀតបាន លុះត្រាតែមានអ្នកជួយឧបត្ថម្ភ តែបើគ្មានទេ លោក អេលីត បញ្ជាក់ថា អ្វីៗនឹងត្រូវបញ្ចប់ត្រឹមការប្រកួតនៅបារាំង នាថ្ងៃទី២៤ ខែមិថុនា តែម្តង។
បងប្រុសរបស់វីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី រូបនេះ បានសង្កត់ធ្ងន់ថា៖ «ពាក់ព័ន្ធគោលដៅទៅប្រកួតនៅអាមេរិក យើងមិនទាន់ហ៊ាននិយាយទេ គ្រាន់តែខ្ញុំទៅអាមេរិកលើកមុន ខ្ញុំមើលឃើញភូមិសាស្ត្រនៅស្រុកគេថា យើងរៀបចំរបៀបម៉េច និងសហការជាមួយម្ចាស់ផ្ទះរបៀបម៉េច? គឺយើងមើលឃើញអស់ហើយ អ៊ីចឹងសង្ឃឹមថា ក្រោយចប់ការប្រកួតថ្ងៃទី២៤ ខែមិថុនា វាអាចនឹងមានដំណឹងល្អ ក្នុងការបន្តទៅប្រកួតនៅអាមេរិកទៀត»។
លោក ស៊ន អេលីត បានបញ្ជាក់បន្ថែមថា៖«អ្វីៗទាំងអស់ យើងមិនអាចនិយាយទុកមុនបានទេ ដោយសារយើងអត់មានស្ពនស័រ នៅក្នុងដៃ ហើយយើងក៏មិនមែនជាក្រុមហ៊ុនឬស្ថាប័ន ដែលមានលុយនៅក្នុងដៃនោះដែរ អ៊ីចឹងយើងរៀបចំ ១ កម្មវិធីទៅ ១ កម្មវិធី ដើម្បីរកអ្វីមកទ្រទ្រង់ឱ្យបានសិន។ បើពុំមានស្ពនស័រគាំទ្រទេ ខ្ញុំអត់មានអ្វីត្រូវគិតតទៅទៀតទេ ព្រោះខ្ញុំគ្មានលទ្ធភាព និងថវិកាឯណាទៅទ្រទ្រង់ទៀតឡើយ» ៕